(ព្រៃវែង)៖ ថ្លែងទៅកាន់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែងជិត៥០០នាក់ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង បានចាត់ទុកថា ការឃោសនាប្រកាសផ្ដល់ប្រាក់៥០ម៉ឺនដុល្លារ ក្នុង១ឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិនោះ គឺជានយោបាយប្រជាភិថុត និងដុតឲ្យខ្លោចរោចឲ្យឆៅ។
សម្ដេច ស ខេង បានពន្យល់ថា មានឃុំសង្កាត់ខ្លះចាយលុយ ដែលក្រសួងទម្លាក់ឲ្យ មិនទាំងអស់ផង ដោយសារពុំទាន់មានជំនាញ តែនេះមិនមែនថាក្រុមប្រឹក្សាឃុំ-សង្កាត់ គ្មានសមត្ថភាពនោះទេ។ សម្ដេចថា រាជរដ្ឋាភិបាលបានធ្វើជាបន្តបន្ទាប់ហើយ គឺរបបវិមជ្ឈការ ហើយជំហ៊ានដែលកំពុងតែអនុវត្ត គឺការផ្ទេរអំណាច ផ្ទេរធនធានមនុស្ស និងធនធានថវិកាឲ្យព្រមគ្នា។ បើផ្ទេរតែធនធានថវិកា មិនឲ្យសិទ្ធិអំណាច និងធនធានមនុស្សទៅឃុំ-សង្កាត់ទេ ក៏ទៅមិនរួចដែរ។
សម្ដេចក្រឡាហោម បានថ្លែងយ៉ាងដូច្នេះថា «កុំមើលឃើញតែលុយពេក មិនត្រូវទម្លាក់តែសាច់ប្រាក់តែមួយមុខនោះទេ។ សព្វថ្ងៃបើមិនគិតពីការអភិវឌ្ឍ ដែលក្រសួងជំនាញគេចុះធ្វើសមិទ្ធផលដូចជា៖ ប្រឡាយ ផ្លូវ អគ្គិសនី ទឹកស្អាត...ច្រើនជាង៥០ម៉ឺនដុល្លារក្នុង១ឆ្នាំផង»។ បើតាមសម្តេចក្រឡាហោម ជាជំហ៊ានបន្ទាប់ រាជរដ្ឋាភិបាលនឹងទម្លាក់ថវិកាប្រហែល២០ម៉ឺនដុល្លារ ទៅឲ្យឃុំ-សង្កាត់នីមួយៗក្នុង១ឆ្នាំៗ ដោយធៀបនឹងចំណូលចរន្តប្រចាំឆ្នាំ។
ជាក់ស្តែង និងការចែករំលែកនៅតាមបណ្តាញសង្គម Facebook ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ គឺលោក អេង ឆៃអ៊ាង ដែលជាអនុប្រធានបក្ស បានបង្ហោះរថយន្តដែលកំពុងបើកឃោសនាតាមដងផ្លូវថា «ពង្រឹងសិទ្ធិអំណាច ប្រជាពលរដ្ឋ៥០ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់ នីមួយៗ នេះប្រសិទ្ធភាព មិនរើសអើង មិនពុករលួយ»។ ការបង្ហោះបែបនេះក៏ត្រូវបានថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សប្រជាជនកម្ពុជា ព្រមទាំងអ្នកគាំទ្រមិនតិចនោះទេ ដែលបានរិះគន់ខ្លាំងៗ ដោយឆ្លើយតបទៅវិញថា សូម្បីតែរថយន្តកំពុងបើកលើផ្លូវ កសាងដោយគណបក្សប្រជាជននេះ គឺមានតម្លៃលើសពី៥០ម៉ឺនដុល្លារទៅទៀត។
នៅរសៀលថ្ងៃនេះដែរសម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសថា «ចាប់តាំងពីមានការបោះឆ្នោតមក គណបក្សប្រជាជនកម្ពុជាមិនចាញ់នោះទេ ហើយ គណបក្សប្រជាជនកម្ពុជា នឹងបន្តឈ្នះតទៅទៀត ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ និងការបោះឆ្នោតតំណាងរាស្រ្ត»។
សម្តេចក្រឡាហោម បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា កន្លងមកបានខិតខំប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសជាតិ តាំងពីបាតដៃទទេរហូត មានការអភិវឌ្ឍលើគ្រប់វិស័យ។ គណបក្សប្រជាជនកម្ពុជា បានធានាស្ថេរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិទាំងមូល ធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ។
សម្តេច ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា បានបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិតទៅទៀត ទាល់តែគណបក្ស ប្រជាជនកម្ពុជា ឈ្នះឆ្នោត អញ្ចឹងហើយ ការបោះឆ្នោយជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤នេះ បានឆ្លុះបញ្ចាំងឲ្យឃើញដល់ការបោះឆ្នោត តំណាងរាស្រ្ត នៅឆ្នាំ២០១៨ខាងមុន»។
បើតាមការលើកឡើងរបស់សម្តេចក្រឡាហោម «ការបោះឆ្នោតប៉ុន្មានដងកន្លងមកនេះ វាបានបង្រៀនឲ្យយើង ចេះគោលការណ៍ប្រជាធិបតេយ្យ និងមានបទពិសោធន៍រៀបចំ ការបោះឆ្នោតដោយខ្លួនឯង ទទួលបានជោគជ័យទៀតផង»។
ក្នុងឱកាសនេះដែរសម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែ៕