(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឲ្យមន្រ្តីជំនាញរបស់ខ្លួន ដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដែលរងរងគ្រោះពីគម្រោងសាងសង់ស្ពានចំនួន២កន្លែង ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ការដាស់តឿនរបស់អភិបាលខេត្តនេះ បានធ្វើឡើងនៅ ក្នុងកិច្ចប្រជុំវាយតម្លៃផលប៉ះពាល់ របស់អាជ្ញាធរនៅកន្លែងអភិវឌ្ឍន៍ នាទីរួមខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក វ៉ី សំណាង បានថ្លែងថា កិច្ចប្រជុំមួយនេះមានគោលដៅ ដើម្បីដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះពីគម្រោងសាងសង់ស្ពាន ចំនួន២កន្លែង ស្ថិតក្នុងក្រុងច្បារមន ក្នុងនោះ មានការដោះស្រាយបញ្ចាប់ផលប៉ះពាល់ នៃគម្រោងស្ថាបនាស្ពានពីវត្តថ្មីទៅស្នងការនគរបាលខេត្ត ដើម្បីសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងការពន្លឿនការដោះស្រាយ ផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានថ្មី ពីចំណុចម្ដុំ ផ្លូវបំបែកច្បារមន ទៅដល់រង្វង់មូលផ្សារចាស់ ដែលជាគម្រោងសាងសង់ស្ពានថ្មី ក្មុងឆ្នាំ២០១៧។
លោក វ៉ី សំណាង បានបញ្ជាក់ថា ក្នុងពេលនេះដែរ ប្រជាជននៅចំណុចដែលទទួលរងផលប៉ះពាល់ ទទួលបានការដោះស្រាយដោយស្មើភាពគ្នា និងទទួលបានសំណងគ្រប់គ្រាន់ចំពោះផលប៉ះពាល់ ដោយខាងភាគីថ្នាក់ដឹកនាំខេត្ត តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋណាដែល ទទួលរងគ្រោះដោយសារ កសាងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តដែលបង្កការខូចខាតទ្រព្យសម្បិត្តដីធ្លីប្រជាពលរដ្ឋនៅកន្លែងអភិវឌ្ឃន៍នោះ។
បើតាមលោកអភិបាលខេត្ត ចំណែកការកសាងស្ពានទាំង២ខាងលើនេះ បានសម្រួលដល់ការកកស្ទះចរាចរមួយកម្រិតធំ ក្នុងក្រុងច្បារមន ហើយកាលពីមិនទាន់កសាងស្ពានកន្លែងនេះ ពិបាកក្នុងការធ្វើដំណើរកំសាន្ត ឬការប្រាព្ធពិធីបុណ្យផ្សេងៗ ដូចជា បុណ្យអុំទូក ប្រណាំងទូក ចូលឆ្នាំជាដើម តែពេលនេះ ចរាចរណ៍ប្រព្រឹត្តទៅដោយសប្បាយរីករាយលែងជួបបញ្ហាកកស្ទុះចរាចរដូចមុនទៀតឡើយ៕