(ព្រៃវែង)៖ ថ្លែងចេញពីខេត្តព្រៃវែង សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាមណ្ឌលព្រៃវែង បានប្រកាសថា «ចាប់តាំងពីមានការបោះឆ្នោតមក គណបក្សប្រជាជនកម្ពុជាមិនចាញ់នោះទេ ហើយ គណបក្សប្រជាជនកម្ពុជា នឹងបន្តឈ្នះតទៅទៀត ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ និងការបោះឆ្នោតតំណាងរាស្រ្ត»។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយ បេក្ខជនក្រុមបឹក្សាឃុំ និងសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរជិត៥០០នាក់ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ប្រជាពលរដ្ឋនៅតែផ្តល់ភាពយុត្តិធម៌ឲ្យគណបក្សប្រជាជន ដើម្បីបន្តដឹកនាំប្រទេសជាតិ បើទោះបីជាមានមន្រ្តីគណបក្សមួយចំនួន ប្រព្រឹត្តមិនល្អខ្លះក៏ដោយ។
សម្តេចក្រឡាហោម បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា កន្លងមកបានខិតខំប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសជាតិ តាំងពីបាតដៃទទេរហូត មានការអភិវឌ្ឍលើគ្រប់វិស័យ។ គណបក្សប្រជាជនកម្ពុជា បានធានាស្ថេរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិទាំងមូល ធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ។
សម្តេច ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា បានបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិតទៅទៀត ទាល់តែគណបក្ស ប្រជាជនកម្ពុជា ឈ្នះឆ្នោត អញ្ចឹងហើយ ការបោះឆ្នោយជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤នេះ បានឆ្លុះបញ្ចាំងឲ្យឃើញដល់ការបោះឆ្នោត តំណាងរាស្រ្ត នៅឆ្នាំ២០១៨ខាងមុន»។
បើតាមការលើកឡើងរបស់សម្តេចក្រឡាហោម «ការបោះឆ្នោតប៉ុន្មានដងកន្លងមកនេះ វាបានបង្រៀនឲ្យយើង ចេះគោលការណ៍ប្រជាធិបតេយ្យ និងមានបទពិសោធន៍រៀបចំ ការបោះឆ្នោតដោយខ្លួនឯង ទទួលបានជោគជ័យទៀតផង»។
ក្នុងឱកាសនេះដែរសម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែ៕