(ភ្នំពេញ)៖ ពិធីការិនីដ៏ល្បីសំបូរ ទៅដោយវោហាស័ព្ទមិនចេះរីងស្ងួត អ្នកនាង យុគ ចិន្តា បានក្លាយជានាយកប្រតិបត្តិ ក្នុងក្រុមហ៊ុនបង្កើតថ្មីមួយ ដែលមានគោលដៅផ្ដល់ជូន នូវសេវាកម្មកម្សាន្ត លំដាប់អន្តរជាតិដំបូងគេនៅកម្ពុជា មានឈ្មោះថា «TMS» (Talent Management Services) ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន CBS និងជាបុត្រសម្ព័ន្ធ របស់ស្ថានីយទូរទស្សន៍ CTN, MyTV និង CNC។
ក្រុមហ៊ុនដែលផ្ដល់ជូននូវសេវាកម្មសិល្បៈ ប្រកបដោយទេពកោសល្យ និងមានជំនាញច្បាស់លាស់ ដំបូងគេនៅកម្ពុជានេះ ត្រូវបានបង្កើតឡើង ដើម្បីបំពេញសេចក្ដីត្រូវការរបស់ទស្សនិកជន ក៏ដូចជាដៃគូសហការ ក្រុមហ៊ុននានា និងផ្ដល់ឱកាសដល់អ្នកសិល្បៈ ប្រកបដោយគុណភាព ការច្នៃប្រឌិតខ្ពស់ ហើយក៏មិនមែនជាក្រុមហ៊ុន ប្រកួតប្រជែងជាមួយក្រុមហ៊ុនណាមួយឡើយ ពោលគឺបង្កើតឡើង ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈ ឲ្យកាន់តែប្រសើរឡើង នៅក្នុងប្រទេសកម្ពុជា។
អ្នកនាង យុគ ចិន្ដា នាយកប្រតិបត្តិ ក្រុមហ៊ុនគ្រប់គ្រង និងផ្ដល់សេវាកម្មកម្សាន្តខ្នាតអន្តរជាតិ (TMS) បានថ្លែងឲ្យដឹងថា TMS គឺជាសេវាកម្មរបស់ CBS ដើម្បីផ្ដល់ឲ្យនូវការកម្សាន្តដ៏សម្បូរបែប និងផ្ដល់ជូនសេវាគ្រប់គ្រងសិល្បករ-សិល្បការិនី ដែលមានជំនាញវិជ្ជាជីវៈ ស្ថិតក្នុងលំដាប់អន្តរជាតិ ពោរពេញដោយសមត្ថភាព ក្នុងការចូលរួមការបង្ហាញ Show Event ឬ Concert នានា។ ក្នុងនោះក៏មានការហ្វឹកហាត់ ជាលក្ខណៈស្ដង់ដារអន្តរជាតិ ផងដែរ។
អ្នកនាង យុគ ចិន្ដា បានបន្តទៀតថា បច្ចុប្បន្នដោយមើលឃើញ ពីភាពរីកចម្រើន របស់បណ្ដាស្ថានីយទូរទស្សន៍នានា ក៏ដូចជាក្រុមហ៊ុនផ្សព្វផ្សាយផលិតផលនានា ទើប TMS ត្រូវបានបង្កើតឡើង ក្នុងបរិបទដ៏សមស្របមួយ ដើម្បីបំពេញឲ្យបាននូវទេពកោសល្យសិល្បៈ ដ៏សំបូរបែប ទាំងសម័យ និងបុរាណ ហើយបានក្លាយជាសេវាផ្សព្វផ្សាយដ៏ល្អបំផុត ដំបូងគេនៅកម្ពុជា។
ពិធីការិនីរូបនេះ បានសង្កត់ធ្ងន់ថា CBS បានខិតខំយ៉ាងមុតមាំជាមួយនឹង Talent Management Services (TMS) ដែលនឹងប្រមូលផ្ដុំទៅដោយអ្នកសិល្បៈជាច្រើន ក្រោមដំបូលតែមួយ ក្នុងនោះមានដូចជា ពិធីករ-ពិធិការិនី តារាសម្ដែង តារាចម្រៀង តារារ៉េប អ្នកនិពន្ធ តារាកំប្លែង និងក្រុមរាំ ដើម្បីផ្ដល់ជូនលោកអ្នក នូវអ្នកសិល្បៈដ៏ឆ្នើម ប្រកបដោយទេពកោសល្យ សម្រាប់កម្មវិធីបង្ហាញម៉ូដផលិតផល បើកសម្ពោធផ្សេងៗ ថតស្ពតពាណិជ្ជកម្ម អ្នកតំណាងឲ្យម៉ាកផលិតផល ដល់ក្រុមហ៊ុននីមួយៗ។
នាយកប្រតិបត្តិក្រុមហ៊ុនជាស្រ្តីរូបនេះ បានបញ្ជាក់ថា ជាមួយគ្នានេះ TMS ក៏នឹងផ្ដល់ជូននូវឱកាសជាច្រើន គ្មានដែនកំណត់ ក្នុងការដុសខាត់ ឬហ្វឹកហាត់បន្ថែមទៀត នូវទេពកោសល្យរបស់អ្នកសិល្បៈស្រករក្រោយ ដែលចង់ក្លាយជាអ្នកសិល្បៈអាជីព ហើយត្រូវបានទទួលស្គាល់ពីសំណាក់ទស្សនិកជន ទាំងក្នុងនិងក្រៅប្រទេស។
សូមបញ្ជាក់ថា រហូតមកដល់នឹងពេលនេះ «Talent Management Services» ឬហៅកាត់ថា TMS មានសមាជិករបស់ខ្លួន ដែលសុទ្ធសឹងជាអ្នកសិល្បៈមានទេពកោសល្យ និងមានប្រជាប្រិយភាព ក្នុងស្រទាប់មហាជនចំនួន៨រូបមកហើយ ក្នុងនោះមានដូចជា កញ្ញា អ៊ិញ អ៊ិញ, លោក ម៉ា ច័ន្ទបញ្ញា,លោក Mc Bull, លោក ភី សេន, លោក សាយ, លោក សេម,កញ្ញា រុន ស៊ីរ៉ា និងក្រុមរាំ Polarix ដែលពួកគេសុទ្ធតែមានស្នាដៃលេចធ្លោជាច្រើន ក្នុងការងារសិល្បៈ រួមមានការសម្ដែង, បទចម្រៀង Original Song, ការតាក់តែងនិពន្ធ,ថតពាណិជ្ជកម្ម និងការថតភាពយន្ត ជាដើម៕