(ភ្នំពេញ)៖ ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលខណ្ឌ កម្លាំងគណៈកម្មាការចំរុះខណ្ឌដូនពេញដឹកនាំដោយ លោក យស យុទ្ធី អភិបាលរងខណ្ឌ ក្រោមការសម្របសម្រួលពីក្រឡាបញ្ជីផងនោះ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះទៅបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅសង្កាត់ជ័យជំនះ ដែលបានលួចបើកលេង ដោយគ្មានការអនុញ្ញាត។
មន្រ្តីសាលាខណ្ឌដូនពេញ ដែលបានចូលរួមបង្ក្រាប បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងអាជ្ញាធរក្រោមការ បញ្ជាផ្ទាល់ពីអភិបាលខណ្ឌ លោក សុខ ពេញវុធ បានចុះមកទីតាំងលួចបើកហ្គេមបាញ់ត្រី ប៉ុន្តែពុំមានការឃាត់ខ្លួនមនុស្សនោះទេ។
បើតាមមន្រ្តីដដែលនេះ បន្ទាប់ពីចុះបង្ក្រាបហើយ កម្លាំងគណៈកម្មការបានរឹបអូសទូហ្គេមមួយគ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ ដើម្បីចាត់ការបន្តទៀត។
សម្រាប់ទីតាំងហ្គេមខុសច្បាប់ទាំងអស់ នៅក្នុងមូលដ្ឋាន គឺអភិបាលខណ្ឌមិនឲ្យកើតមានឡើង នោះទេ ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅខណ្ឌដូនពេញ បើសិនទទួលព័ត៌មានពីការលួចបើកហ្គេមខុសច្បាប់ទាំងនេះ សូមរាយការណ៍ជូនអាជ្ញាធរ នោះអាជ្ញាធរនឹងចុះបង្ក្រាបភ្លាម មិនទុកឲ្យកើតមានឡើង នាំឲ្យកើតមានបទល្មើសផ្សេងៗនោះទេ៕