(ភ្នំពេញ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានផ្ញើលិខិតចូលរួមរំលែកមរណៈទុក្ខ និងសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការស្លាប់បាត់បង់ជីវិតរបស់កងទ័ពមួកខៀវកម្ពុជាទាំង៤រូប ដោយសារការវាយប្រហារពីក្រុមឧទ្ទាមនៅប្រទេសអាហ្រ្វិកកណ្តាល។

បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះថា លិខិតចូលរួមរំលែកមរណៈ​ទុក្ខ​របស់​លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្ញើជូនឯកអគ្គរាជទូតតំណាអចិន្ត្រៃយ៍​របស់កម្ពុជាប្រចាំអង្គការ​សហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិសម្តែង​ការសោកស្តាយខ្លាំងចំពោះមរណភាពវីយុទ្ធជន​របស់កម្ពុជា​ទាំង៤រូប និងបានថ្លែងអំណរគុណចំពោះការលះបង់របស់វីរៈយុទ្ធទាំង ៤រូប ដែលបានចូលរួមក្នុងបេសកកម្ម ដើម្បីបុព្វហេតុសន្តិភាព​នៅប្រទេស​អាហ្រ្វិកកណ្តាល។

សូមបញ្ជាក់ថា សពវីរៈយុទ្ធជនកម្ពុជាទាំង ៤រូប ដែលបានរងការវាយប្រហារដោយក្រុមឧទ្ទាមនៅប្រទេសអាហ្រ្វិកកណ្តាល ត្រូវបានដឹកមកដល់​ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ ដោយមានការអញ្ជើញទទួលសពដោយផ្ទាល់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ មន្រ្តីអនុព័ន្ធយោធ ឯកអគ្គរាជទូត រដ្ឋទូត ក្រុមគ្រួសារ និងកងកម្លាំងរួមអាវុធ​ជាច្រើននាក់ផ្សេងទៀតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សពវីរៈយុទ្ធជនខ្មែរលោក ស៊ាន នរិន្ទ លោក អ៉ឹម សំ លោក ម៉ៅ អេង លោក មុំ តុលា ត្រូវបានដង្ហែតាមរថយន្តទៅកាន់លំនៅដ្ឋានក្នុង ស្រុកកំណើត​រៀងៗខ្លួនក្នុងរាជធានីភ្នំពេញ សៀមរាប ស្វាយរៀង និងពោធិ៍សាត់ ទាំងយប់ផងដែរ ក្រោយពេលពិធីទទួលសពត្រូវរៀបចំរួចរាល់នោះ។ ការដង្ហែសព​ពីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើត ត្រូវបានធ្វើឡើងដោយមានរថយន្តសឺរ៉ែនបើកផ្លូវ និងហែហមដោយរថយន្តកង​កម្លាំងប្រដាប់អាវុធមុខក្រោយជាច្រើនទៀត។

ពេលដង្ហែដល់លំនៅឋានពិធីបុណ្យត្រូវបានធ្វើតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការអញ្ជើញចូលរួមបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ​ពីថ្នាក់​ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តផងដែរ ដើម្បីជាការផ្តល់កិត្តិ យសជូនវីរៈយុទ្ធជនទាំង ៤រូប ឲ្យសមទៅនឹងការលះបង់របស់ពួកគេក្នុងបុព្វហេតុជាតិមាតុភូមិ និងបុព្វហេតុរក្សាសុខសន្តិភាពមនុស្សជាតិ​លើពិភពលោកក្រោមទង់​របស់អង្គការ​សហប្រជាជាតិ៕