(ភ្នំពេញ)៖ នៅទីបំផុត ក្រោយសួរដេញដោលរួចមក នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ថ្លាង ផាណែត បានចេញដីកាសម្រេចឃុំខ្លួន មេក្លោងជួញដូរគ្រឿងញៀន និងបក្ខពួកម្នាក់ទៀត ដាក់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ «រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន»។ មេក្លោងជួញដូរគ្រឿងញៀន និងបក្ខពួកទាំង២នាក់នេះ ត្រូវកម្លាំងនគរបាលបង្ក្រាបបាននៅ រាជធានីភ្នំពេញ និងខេត្តរតនគិរី ដោយដកហូតថ្នាំញៀនជាង៥៦គីឡូក្រាម។
មេក្លោងឈ្មោះ ស៊ី ឡាឡយ ហៅខាំឡយ អាយុ៤២ឆ្នាំ ជាម្ចាស់សណ្ឋាគារដ៏ធំមួយនៅខេត្តរតនគិរី និងបក្ខពួកឈ្មោះ លួន សុផា អាយុ៣០ឆ្នាំ ត្រូវបានបង្ហាញមុខជាសាធារណៈមុនបញ្ជូនទៅតុលាការ។
មន្រ្តីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា មេក្លោង ស៊ី ឡាឡយ ជាអ្នកទទួលទិញដុំពីក្រៅប្រទេស និងជាអ្នកលក់ ចែកចាយនៅក្នុងស្រុក ហើយម្នាក់ឈ្មោះ លូន សុផា ជាអ្នកទទួលបញ្ជាពីមេក្លោងយកថ្នាំញៀនមកស្តុកទុក និងយកទៅចែកចាយបន្តឲ្យអ្នកទិញ។
លោកឧត្តមសេនីឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានថ្លែងថា ថ្នាំញៀនដែលកម្លាំងនគរបាលចាប់បាន រួមមាន៣ប្រភេទ ទី១-ហេរ៉ូអ៊ីនចំនួន១៥គីឡូក្រាម ទី២-ម៉េតំហ្វេតាមីន ICE ចំនួន១២គីឡូក្រាម និងទី៣-ម៉េតំហ្វេតាមីនគ្រាប់ WY ចំនួន២៩គីឡូក្រាម។ ថ្នាំញៀនជាង៥៦គីឡូក្រាមនេះ ត្រូវបានមេក្លោងជាអ្នកបញ្ជាទិញ និងនាំចូលមកពីប្រទេសឡាវ តាមខេត្តស្ទឹងត្រែង និងបានយកមកស្តុកទុក ក្នុងរាជធានីភ្នំពេញ ដែលទីតាំងមួយកន្លែងនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ និងមួយកន្លែងទៀត នៅមុខវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សម្រាប់ប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៨ ខែឧសភា រហូតម៉ោង១រំលអាធ្រាត្រ ឈានចូលដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ និងលោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ៕