(ភ្នំពេញ)៖ ពិព័រណ៍បច្ចេកវិទ្យា ក្នុងការដឹកជញ្ជូនលំដាប់អន្តរជាតិឆ្នាំ២០១៧ (TILOG-LOGISTIX 2017) ដែលរួមគ្នារៀបចំឡេីងដោយ ក្រុមអ្នកវិនិយោគទុនកម្ពុជា-ថៃ នឹងប្រារព្ធឡេីងនៅទីក្រុងបាងកក ប្រទេសថៃ នាខែសីហាខាងមុខនេះ។
ការប្រកាសរៀបចំពិព័រណ៍នេះ បានធ្វើឡើងក្នុងពិធីសន្និសីទសារព័ត៌មាន ស្តីពី «ការជំរុញការភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូនរវាង កម្ពុជា-ថៃ ដើម្បីការរីកចម្រើនប្រកបដោយចីរភាព»ដោយមានការចូលរួមពី លោក ជិរ៉ាវុធ សុវ៉ាន់ណាអាត ភារធារីស្ថាតទូតថៃទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ការិយាល័យកិច្ចការពាណិជ្ជកម្ម ស្ថានឯកអគ្គរាជទូត ថៃប្រចាំកម្ពុជា,
លោក ស៊ិន ចន្ធី ប្រធានសហព័ន្ធអ្នកឈានមុខក្នុងវិស័យដឹកជញ្ជូនកម្ពុជា, លោក ថងយូ ឃុងខាន់ អគ្គនាយកសហភាពការដឹកជញ្ជូនផ្លូវគោកនៃប្រទេសថៃ និងអ្នកនាង ដួងរ៉ាត់ ឧត្ដមស៊ុមផន ប្រធានគ្រប់គ្រង់ផ្នែកវិនិយោគជាន់ខ្ពស់ នៃក្រុមហ៊ុន Reed Tradex នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។
លោក ជិរ៉ាវុធ សុវ៉ាន់ណាអាត បានឲ្យដឹងថា ពិពរណ៌ TILOG-LOGISTIX ២០១៧នេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលថៃ តាមរយៈនាយកដ្ឋានជំរុញ ពាណិជ្ជកម្មអន្តជាតិ នៃក្រសួងពាណិជ្ជកម្មថៃ ដោយរួមសហការរៀបចំជាមួយក្រុមហ៊ុន Reed Tradex ដើម្បីជំរញការអភិវឌ្ឍការដឹកជញ្ជូន សម្រាប់ពង្រឹងពាណិជ្ជកម្មរវាងថៃ-កម្ពុជា និងសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឲ្យកាន់តែទុកជិតស្និទ្ធបន្ថែមទៀត ជាមួយបណ្ដាលប្រទេសជិតខាង។
លោក ស៊ិន ចន្ធី ប្រធានសហព័ន្ធអ្នកឈានមុខក្នុងវិស័យដឹកជញ្ជូនកម្ពុជា បានថ្លែងថា «ការអនុវត្ដបែបនេះ ជួយឲ្យការដឹកជញ្ជូនទំនិញទៅដល់ដៃ អតិថិជនបានកាន់តែឆាប់រហ័សកាត់បន្ថយថ្លៃដើម ក្នុងការផ្ទេរឆ្លងកាត់តាមច្រកដែននៃប្រទេសវៀតណាម និងជួយផ្ទេរទំនិញទៅកាន់ប្រព័ន្ធដឹកជញ្ជូនក្នុងប្រទេសកម្ពុជា ដើម្បីដឹកទៅកាន់គោលដៅនីមួយៗ ក្នុងប្រទេសកម្ពុជាឆាប់រហ័ស»។
នៅក្នុងកម្មវីធីពិព័រណ៍នេះផងដែរ នឹងបង្ហាញនូវបច្ចេកវិទ្យា ការធ្វើឲ្យប្រសើរឡើង ម៉ាស៊ីន ឧបករណ៍ អ្នកផ្ដល់សេវាកម្មដឹកជញ្ជូន អ្នកផ្ដល់សេវាកម្មផ្នែកបច្ចេកវិទ្យា និងដំណោះស្រាយផ្សេងៗដែលមកពីបណ្ដាលក្រុមហ៊ុន ឈានមុខចំនួន៤១៥ ពី២៥ ប្រទេសទូទាំងពិភពលោក ដែលនាំមកនូវក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ក្នុងឧស្សាហកម្មធំៗ ជាច្រើនក្នុងតំបន់អាស៊ាន។
សូមជម្រាបថា ពិព័រណ៍ TILOG-LOGISTIX ២០១៧នេះ និងបង្កើតឱកាសសម្រាប់សហគ្រិន កម្ពុជា-ថៃ អាចពង្រីកទំនាក់ទំនអាជីវកម្មរបស់ខ្លួន រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលបានមកពីការអភិវឌ្ឍការដឹកជញ្ជូននៅថ្ងៃអនាគត៕