(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជានៅតែបន្ដពង្រឹងអភិវឌ្ឍធនធានមនុស្ស លើផ្នែកត្រួតពិនិត្យគ្រឹះស្ថានធនាគារ ដើម្បីរក្សានូវ​ស្ថិរ​ភាព​ហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយហានិភ័យទាំងឡាយណាដែលអាចកើតមានឡើង និងរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា​។

ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ធនាគារជាតិនៃកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលដោយប្រើប្រាស់ ធនធានផ្ទាល់ខ្លួន
រួមទាំងគ្រូឧទ្ទេសនាមផង តួយ៉ាងដូចជា វគ្គបាគង៣  បណ្តុះបណ្តាលកម្រិតមូលដ្ឋានស្តីពី ការត្រួតពិនិត្យធនាគារនៅកម្ពុជាជាដើម។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យនៅក្នុងពិធីបើកវគ្គ បាគង៣ បណ្តុះបណ្តាលកម្រិតមូលដ្ឋានស្តីពី ការត្រួតពិនិត្យធនាគារនៅកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះថា «បច្ចុប្បន្នប្រព័ន្ធធនាគារនៅកម្ពុជា មានការរីកចម្រើន
យ៉ាងឆាប់រហ័ស ទាំងវិសាលភាព ទាំងទំហំប្រតិបត្តិការ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រស្របតាម
គោលនយោបាយរបស់រាជរដ្ឋាភិបាល ការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់នេះ តម្រូវឱ្យធនាគារជាតិនៃកម្ពុជា ពង្រឹងការត្រួត
ពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា ឱ្យបានម៉ត់ចត់ ផ្អែកតាមការវិវត្តប្រែប្រួលឥតឈប់ឈរជាក់ស្តែងនាពេលបច្ចុប្បន្ន ក៏ដូចជា ឧត្តមានុវត្តអន្តរជាតិផងដែរ »

ជាមួយគ្នានោះ លោក ជា ចាន់តូ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ខិតខំសិក្សារៀនសូត្រពីវគ្គបណ្តុះបណ្តាលនេះ ដើម្បីទទួលបានចំណេះដឹងថ្មីៗ យកទៅអនុវត្តក្នុងការងាររបស់ខ្លួនឱ្យបានជោគជ័យខិតខំបំពេញមុខងារភារកិច្ចរបស់ខ្លួនក្នុងស្មារតី ទទួលខុសត្រូវខ្ពស់ ក៏ដូចជាគោរពក្រមសីលធម៌វិជ្ជាជីវៈការងាររបស់ធនាគារជាតិនៃកម្ពុជា៕