(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) និងវិទ្យាស្ថានសន្ទនាមេគង្គ (Mekong Dialogue Institute) នៃសាលា Zaman បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីជួយសហការបណ្តុះបណ្តាលភាសារអង់គ្លេស ដល់អ្នកសារព័ត៌មានកម្ពុជា ដោយមិនចំណាយការបង់ថ្លៃ។
នៅក្នុងពិធីចុះអនុស្សារណៈ ដែលបានរៀបចំនៅទីស្នាក់ការខ្លួនក្នុងរាជធានីភ្នំពេញ, លោក ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក បានឲ្យដឹងថា «ការចុះអនុស្សារណៈជាមួយវិទ្យាស្ថានសន្ទនាមេគង្គនៅពេលនេះ គឺដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានកម្ពុជា បានទទួលនូវការបណ្តុះបណ្តាល ផ្នែកភាសារអង់គ្លេស ដោយមិនចំបាច់បង់ថ្លៃ»។
លោក ហ៊ុយ វណ្ណៈ បានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មាន គឺរៀនសូត្រគ្មានពេលបញ្ចប់ទេ ពិសេសគួរបណ្តុះបណ្តាលបន្ថែមនូវភាសាអង់គ្លេស ដើម្បីអាចឲ្យពួកគេមើលឃើញពិភពលោកកាន់តែទូលាយ យល់ខួរក្បាលបរទេស ចេះធ្វើការជាមួយបរទេស និងអាចធ្វើការជាមួយបរទេសដោយស្មើសិទ្ធិ។ ប្រធាន ស.ស.ស.ក រូបនេះបន្ថែមថា កម្មវិធីនេះ នឹងអនុវត្តក្នុងពេលឆាប់ៗ ហើយរៀបចំបង្វឹកតាមអ្នកចេះតិច ចេះច្រើន ទៅតាមលំដាប់លំដោយ។
ជាមួយគ្នានោះ លោក Hakan Atasever នាយកប្រត្តិបត្តិវិទ្យាស្ថានសន្ទនាមេគង្គ (MDI) បានថ្លែងថា ហេតុផលដែលវិទ្យាស្ថានសន្ទនាមេគង្គ ចុះអនុស្សារណៈយោគយោល់ ដោយសារតែវិទ្យាស្ថានមើលឃើញ ស.ស.ស.ក ជាស្ថាប័នផ្លូវការទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងជាស្ថាប័នមានសក្តានុពល។ លោកបញ្ជាក់ថា វិទ្យាស្ថាន MDI ប្តេជ្ញាជួយគាំទ្រ ស.ស.ស.ក ឲ្យបានយូរអង្វែង ដោយមិនកំណត់ចំនួននោះទេ។
សូមបញ្ជាក់ថា កន្លងមក សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានជួយបណ្តុះបណ្តាលបន្ថែមអ្នកសារព័ត៌មានកម្ពុជាជាច្រើនវគ្គ ទៅលើវិស័យសារព័ត៌មាន ហើយនៅពេលនេះ និងពេលខាងមុខ ស.ស.ស.ក នៅតែប្រឹងប្រែងគៀងគររកដៃគូរជាតិ និងអន្តរជាតិ ដើម្បីជួយបណ្តុះបណ្តាលពង្រឹង អ្នកសារព័ត៌មានឲ្យបានច្រើនថែមទៀត៕