(សៀមរាប)៖ លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានខេត្តសៀមរាប បានបញ្ជាក់ថា ក្រុមការងារអាជ្ញាធរអប្សរា បានបោះរបងព័ន្ធជុំវិញប្រាសាទបាយ័ន ដើម្បីការការពារកុំឲ្យអ្នកទេសចរ យកដៃទៅអង្អែលលើផ្ទាំងថ្ម ប្រាសាទ ដែលនាំឲ្យមានការសឹកថ្មប្រាសាទ ដែលជាហេតុនាំឲ្យមានការបានបាត់នូវក្បាច់ ចម្លាក់នានា នៅលើប្រាង្គប្រាសាទ និងដើម្បីលើកកម្ពស់សោភ័ណភាព ប្រាសាទ និងសណ្តាប់ធ្នាប់ចរារណ៍នៅតំបន់ប្រាសាទ ជូនភ្ញៀវទេសចរ។
លោក យិន សូវ៉ាត បានឲ្យដឹងថា ការបោះបង្គោលរបងនេះក្រុមការងារអាជ្ញាធរអប្សរា បានខិតខំព្យាយាមធ្វើឲ្យបានឆាប់រហ័ស សម្រួល ដល់ភ្ញៀវទេចរជាតិ និងអន្តរជាតិងាយស្រួលក្នុងការចូលទស្សនាប្រាង្គប្រាសាទបុរាណកម្ពុជាមួយនេះ និងដើម្បីធានាសុវត្ថិភាព ដល់ភ្ញៀវទេសចរដែលមកទស្សនា តំបន់ប្រាសាទបាយ័ន យើងដឹងហើយថាប្រាង្គប្រាសាទ បុរាណកម្ពុជា មានអាយុកាលរាប់ពាន់ឆ្នាំ មកហើយ ដូច្នេះក្នុងនាមយើងជាអាជ្ញាធរ ពាក់ព័ន្ធត្រូវតែគិតគួរឲ្យបានគ្រប់ ជ្រុងជ្រោយ ដល់សុវត្ថិភាពភ្ញៀវទេសចរទាំងឡាយ ដែលមកទស្សនាប្រាង្គប្រាសាទ។
លោក សូវ៉ាត បន្តទៀតថា បង្គោលរបងទាំងនោះ ជាក្រាក់រឹងមាំ កាត់តម្រឹមស្មើស្អាត មានប្រវែង១.២០ម៉ែត្រ ជីកកប់ក្នុងដីជម្រៅកន្លះម៉ែត្រ បង្គោលក្រាក់ដែលត្រូវប្រើទាំងអស់ មានទាំងថ្មីនិងចាស់ ចំនួន៨០០ដើម រួមនឹងប្រើខ្សែកាបចំនួន៦០០ម៉ែត្រជាង ដើម្បីចងភ្ជាប់ ហើយការងារនេះគ្រោងនឹងបញ្ចប់ត្រឹមរយៈពេល២សប្តាហ៍៕