(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TIDA) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ បានទទួលនូវអំណោយជា សម្ភារបរិក្ខាពេទ្យ ពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍ សម្រាប់ជួយដល់ប្រជាជនកម្ពុជាគិតជាទឹកប្រាក់ ជាង២ម៉ឺនដុល្លារអាមេរិក។
លោកវេជ្ជបណ្ឌិត សំអាច វង្សខុនថង បានឲ្យដឹងថា «នេះជាកិត្តិយសណាស់ ដែលសមាគមគ្រូពេទ្យស័្មគ្រចិត្តសម្តេចតេជោ អនុញ្ញាតឱ្យមន្ទីពេទ្យរ៉ូយ៉ាល់ ភ្នំពេញ បានធ្វើកិច្ចសហប្រតិបត្តិការរួមចំណែកធ្វើកិច្ចការមនុស្សធម៌ជាមួយ ក្នុងការជួយថែទាំសុខភាព ប្រជាជនកម្ពុជា បុគ្គលិកនៃមន្ទីរពេទ្យនៅទីនេះ មានការពេញចិត្ត ក្នុងការចូលរួមជាមួយសមាគម ទាំងកម្លាំងកាយ និងសម្ភារៈ ព្រោះកន្លងមក យើងបានមើលឃើញពីសកម្មភាព មនុស្សធម៌ ជួយព្យាបាលជំងឺជូនប្រជាជនឥតយកប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់»។
លោកវេជ្ជបណ្ឌិតបន្តថា តាមរយៈកម្មវិធីមនុស្សធម៌របស់សមាគមគ្រូពេទ្យស័្មគ្រចិត្តសម្តេចតេជោនេះ មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ បានជួយនួវសម្ភារបរិក្ខាពេទ្យមួយចំនួន ដូចជា គ្រែសម្រាកព្យាបាលចំនួន១២ គ្រែសម្រាប់វះកាត់ចំនួន១ រទេះរុញអ្នកជំងឺ និងឧបករណ៍ពេទ្យផ្សេងៗមួយចំនួនទៀត ដែលគិតជាទឹកប្រាក់ជាង ២ម៉ឺនដុល្លារអាមេរិក។
លោកវេជ្ជបណ្ឌិតបន្តថា នេះមិនមែនជាសកម្មភាពទីមួយទេ ដែលមន្ទីរបានធ្វើនោះទេ មានសកម្មភាពមនុស្សជាច្រើនទៀត ដែលបានចូលរួមជាមួយសង្គមកម្ពុជា នាពេលកន្លងមក ដូចជា បង្កើតកម្មវិធីបរិច្ចាគឈាម ជួយដល់មន្ទីរពេទ្យកម្ពុជា មានផ្តល់ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្តប្រចាំខែផងដែរ។
លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាន់ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានលើកឡើងថា នេះជាលើកទីមួយហើយ ដែលសមាគម TIDA បានទទួលអំណោយនូវសម្ភារបរិក្ខា ពីមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ។ ជាង៤ឆ្នាំហើយ ដែលសមាគម TIDA បានធ្វើសកម្មភាពមនុស្សធម៌ និងបានជួយព្យាបាលជំងឺជូនប្រជាជន បានជាង២០ម៉ឺននាក់ នៅទូទាំងប្រទេស និងបានបញ្ជូនអ្នកជំងឺ ធ្ងន់ធ្ងរមកបន្តព្យាបាលនៅភ្នំពេញ ជាង៣ពាន់នាក់ទៀត។
លោកបន្តថា បើទោះជាអំណោយទាំងនេះ មិនឆ្លើយតបនឹងតម្រូវការចាំបាច់របស់សមាគមក្តី តែនេះ ជាទឹកចិត្តចូលរួមជួយដល់សង្គម របស់វិស័យឯកជន ជាពិសេសជួយថែទាំសុមាលភាពរបស់ប្រជាជនក្រីក្រ។
សមាគម TIDA បានរំពឹងថា តទៅមុខទៀត មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ក៏ដូចជាមន្ទីរឯកជនដទៃទៀត នឹងចូលរួមជាមួយសមាគម ដើម្បីជួយដល់ប្រជាជនដែលខ្វះលទ្ធភាពស្វែងរកការព្យាបាល៕