(តាកែវ)៖ អ្នកស្រី ឆិល ពៅ អាយុ​៥៤ឆ្នាំ រស់នៅភូមិសិរីមានជោគ ឃុំកុមាររាជា ស្រុកបាទី ខេត្តកាកែវ ជាបេក្ខភាពឈរឈ្មោះ ក្រុមប្រឹក្សាឃុំកុមាររាជា និងជាប្រធានចលនាស្រ្តីរបស់គណបក្សសង្គ្រោះជាតិ បានគៀងគរសកម្មជនគាំទ្របក្សប្រឆាំង​៤៤រូប ​ដាក់ពាក្យសុំចាកចេញពីបក្ស ព្រោះតែលែងមានជំនឿ លើគោលការណ៍ដឹកនាំ របស់បក្សប្រឆាំងតទៅទៀត នេះបើយោងតាមលិខិត​សុំលាលែងចេញពីគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ហើយលោកស្រី បានសុំរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីទទួលសមាជិក ដែលបានមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧​នេះ ដោយមានការទទួលស្វាគមន៍យាងកក់ក្តៅបំផុតពី លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមាររាជា និងលោក លោកស្រី ក្រុមការងារ និងបេក្ខជនក្រុមប្រឹក្សាឃុំ ទៀតផងដែរ។

លោក ស្វាយ ស៊ីថា ក្នុងនាម​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ និងជាពិសេស​ក្នុងនាម សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានមករួមរស់នៅ ជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ​ដោយបានចាត់ទុកថា ជាការផ្តល់នូវយុត្តិធម៌ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានកសាងពិត អភិវឌ្ឍពិតជាក់ស្តែង បំរើពិតប្រាកដជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក ស្វាយ ស៊ីថា ក៏បានសុំឲ្យសមាជិក សមាជិកាទាំងអស់ បញ្ចប់នូវការថ្នាំងថ្នាក់គ្នាដែលធ្លាប់មានកន្លងមក និងត្រូវរួមរស់នៅជាមួយគ្នាក្នុងមូលដ្ឋានដោយសុខសាន្តតរៀងទៅ ហើយកន្លងមកក្រុមការងារថ្នាក់ជាតិ និងក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជា តែងតែបានរួមគ្នាគិត និងខិតខំកសាងអភិវឌ្ឍក្នុងភូមិឃុំឲ្យមានការរីកចម្រើនស្ទើរគ្រប់វិស័យ ដូចឃើញច្បាស់នឹងភ្នែក ជាពិសេស ជួសជុលផ្លូវលំជាច្រើនក្នុងឃុំ កសាងវត្តអារាម សាលារៀន ស្វះស្វែងរកអាហាររូបករណ៍ឲ្យក្មួយៗបានចូលរៀននៅសកលវិទ្យាល័យរដ្ឋ និងឯកជននានា ដើម្បីបានបន្តការសិក្សារៀនសូត្រ។

​ក្រៅពីនេះ ក្រុមការងារបានចំណាយនូវថវិកា និងធនធានផ្ទាល់ខ្លួនជាច្រើនក្នុងការជីកស្រះ ស្តារស្រះ អណ្តូងទឹក ប្រឡាយទឹក ជួយឧបត្ថមដល់ចាស់ជរា ហើយលោកបន្ថែមថា នៅដើមឆ្នាំ២០១៨ខាងមុខ ក្នុងឃុំកុមាររាជា នឹងបើកការដ្ឋានសាងសង់មណ្ឌលសុខភាពភាពមួយកន្លែង ដើម្បីបំរើសេវាសុខភាព ពិនិត្យ ព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋ។

ចំពោះវិស័យអប់រំវិញ បន្ទាប់ពីបានប្រឹងប្រែងរហូតបានបញ្ចុះបឋមសិលាសាងសង់អនុវិទ្យាល័យក្រាំងពង្រ ក្នុងឃុំកុមាររាជាកាលពីថ្មីៗនេះ លោក ស្វាយ ស៊ីថា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាកត្តាដ៏សំខាន់បំផុត ដើម្បីអនាគត់ល្អរបស់ក្មួយៗ យុវជនជំនាន់ក្រោយ ដែលលោកបានចាត់ទុកឃុំកុមាររាជា គឺជាបេះដូងរបស់លោក។

ក្នុងឱកាសនោះ លោក ស្វាយ ស៊ីថា ក៏បានផ្តាំផ្ញើសមាជិក សមាជិកាគណបក្សប្រជាជនគ្រប់រូប នៅពេលបោះឆ្នោតខាងមុខសូមត្រៀមឯកសារ ដូចជាអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ ដែលចេញដោយអាជ្ញាធរមូលដ្ឋាន ដើម្បីបានទៅបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ខាងមុខ និងសុំឲ្យសមាជិក សមាជិកាទាំងអស់គ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍភូមិឃុំ ឲ្យកាន់តែរីកចម្រើនថែមទៀត។

ភ្លាមៗ លោកស្រី ឆិល ពៅ ក្រោយពីសុំលាលែងចេញពីគណបក្សសង្គ្រោះជាតិ និងបានមករួមរស់នៅ ជាមួយគណបក្សប្រជាជនកម្ពុជាវិញដោយស្ម័គ្រចិត្ត និងដោយសុទ្ធចិត្ត បានថ្លែងថា រូបគាត់ និងសកម្មជនមួយចំនួនទៀត ដែលបានមកចូលរួមក្នុងជីវភាពគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺដើម្បីរួបរួមកម្លាំងសាមគ្គីគ្នា កសាងភូមិ-ឃុំ ឲ្យកាន់តែរីកចំរើនបន្ថែមទៀត។

​លោកស្រីបញ្ជាក់ថា បក្សប្រឆាំងមិនដែលបានកសាងអភិវឌ្ឍអ្វីទេ នៅក្នុងឃុំកុមាររាជា គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានអភិវឌ្ឍភូមិ-ឃុំ ជាក់ស្តែង និងគិតគូរដោះស្រាយជានិច្ចនូវរាល់សុខទុក្ខ ជូនដល់ប្រជាពលរដ្ឋទូទៅក្នុងភូមិឃុំរបស់ពួកគាត់។

គួររំលឹកថា នៅមុនពេលការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤មកដល់ គេសង្កេតឃើញថាមានបេក្ខជនក្រុមប្រឹក្សាឃុំ របស់គណបក្សសង្គ្រោះជាតិជាច្រើន បានសុំលាលែង ចាកចេញពីគណបក្សនេះ ក្រោមហេតុផលអស់ជំនឿលើការដឹកនាំរបស់បក្សនេះ និងថាគណបក្សនេះ តែងតែធ្វើការសន្យាខ្យល់ មិនដែលបានធ្វើអ្វីដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋទាល់តែសោះ៕