(ភ្នំពេញ)៖ លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ បានធ្វើបទបង្ហាញដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ពីបដិវត្តពណ៌ និងវិនាសកម្មនៃសង្រ្គាម នៅវិមានរដ្ឋសភា។
លោក ឈាង វុន អ្នកនាំពាក្យនៃរដ្ឋសភាបានលើកឡើងថា ប្រទេសកម្ពុជា បានឆ្លងកាត់សង្រ្គាមស៊ីវិលជាច្រើនទស្សវត្សរ៍ ដែលបានបំផ្លាញអ្វីៗទំាងអស់ ស្ទើគ្មានសល់ រួមទំាងហេដ្ឋា រចនាសម្ព័ន្ធសង្គម និងធនធានមនុស្ស ពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ សន្តិភាពនៅកម្ពុជាបានផ្តើមកើតចេញ ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលមានឥស្សរជនជាន់ខ្ពស់កម្ពុជាពីររូប បានខិតខំត្រួសត្រាយផ្លូវដ៏លំបាកជាច្រើន នាំសន្តិភាពជូនពលរដ្ឋខ្មែរគឺសម្តេចឪ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាវីរៈក្សត្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
លោកបានបន្តថា ភ្លើងសង្រ្គាមត្រូវបានរលត់ និងធ្វើការផ្សះផ្សារជាតិ ការបង្រួបបង្រួមជាតិទំាងស្រុង ដែលកើតឡើងនៅឆ្នាំ១៩៩៨ ក្រោមយុទ្ធសាស្រ្តឈ្នះៗ របស់សម្តេចតេជោ ដែលបានដាក់ចេញ ដើម្បីឲ្យមានការបង្រួបបង្រួមជាតិទំាងស្រុង ហើយខ្មែរបានរួមរស់ជាមហាគ្រួសារតែមួយ គ្មានខ្មែរក្រហម ខ្មែរសនោះឡើយ។ សន្តិភាព និងការអភវិឌ្ឍន៍នៅកម្ពុជា បានឆ្លងកាត់ផ្លូវដ៏លំបាក ទំរាំទទួលបានការអភិវឌ្ឍដូចពេលបច្ចុប្បន្ន ស្មើមុខស្មើមាត់ជាមួយប្រទេសនានា នៅក្នុងតំបន់និងពិភពលោកនោះ។
«យើងទំាងអស់គ្នា នៅក្នុងសង្គម បានរួមគ្នាកសាងប្រទេសយើង ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរដ្ឋាភិបាល ក្រោមដំបូលរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ យើងទំាងអស់គ្នា គ្រប់និន្នាការនយោបាយ បានរួមរស់ដោយសុខសន្តិភាព និងការអភិវឌ្ឍ។ ដូច្នេះបើយើងប្រហែស ឬជឿតាមការឃោសនាការអូសទាញ ណាមួយ ពិសេសបើយើងបណ្តោយឲ្យសកម្មភាពបដិវត្តពណ៌កើតឡើងនៅលើទឹកដីយើងនោះ យើងនឹងបាត់បង់នូវអ្វីៗ ដែលមាននៅថ្ងៃនេះទំាងអស់ទៅវិញ» នេះជាការគូសបញ្ជាក់ របស់លោក ឈាង វុន។
លោកប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មាន ទសវត្សរ៍ចុងក្រោយនេះ ប្រទេសមួយចំនួនក្នុងសកលលោក ជាពិសេសប្រទេសក្នុងមជ្ឈិមបូព៌ា បានទទួលរងគ្រោះដោយបដិវត្តពណ៌ ហើយប្រទេសទាំងនោះ បានទទួលការបំផ្លិចបំផ្លាញ ធ្លាក់យ៉ាងជ្រៅក្នុងភ្លើងសង្គ្រាម។ សង្គ្រាមដែលប្រជាពលរដ្ឋ នៃប្រទេសទាំងនោះ មិននឹកស្មានដល់ ដែលទទួលបាននូវ ភាពវិនាសហិនហោច ខ្លោចផ្សា ស្លាប់ ពិការ រត់ភៀសខ្លួន ព្រាត់ប្រាស់គ្រួសារ ហើយប្រជាពលរដ្ឋទាំងនោះ នៅតែបន្តរស់នៅយ៉ាងលំបាកលំបិន ឈឺចាប់ខ្លោចផ្សា ក្នុងភ្នក់ភ្លើងសង្គ្រាម រហូតដល់សព្វថ្ងៃ។
តាមការសិក្សាស្រាវជ្រាវដោយផ្ទាល់ លោក ឈាង វុន បានលើកឡើងថា ជាទូទៅទម្រង់បដិវត្តពណ៌មាន១២ដំណាក់កាល៖
បដិវត្តពណ៌បានបង្កើតឡើងដោយប្រទេសមហាអំណាច ប្រឆំាងទៅលើរដ្ឋាភិបាលប្រទេសណាមួយ ដែលមិនស្តាប់បញ្ជារបស់ខ្លួន។ ជាទូទៅក្រុមបដិវត្តពណ៌នេះ បានប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាលផ្លូវការ ជនតំាងខ្លួនជាអ្នកវិភាគឯករាជ្យ យុវជន និស្សិត បង្កើតវោហាសព្ទ វាយប្រហាររដ្ឋាភិបាល ក្រោមលេសថា រដ្ឋាភិបាលនោះផ្តាច់ការ រំលោភសិទ្ធិមនុស្ស ឬគ្មានលទ្ធិប្រជាធិបតេយ្យជាដើម។ ជាមួយគ្នានេះ ពួកគេក៏បង្កើតជាចលនាបាតុកម្ម ទាមទារ តាមដងផ្លូវ ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបរទេស ដើម្បីឲ្យពលរដ្ឋ អ្នកនយោបាយបរទេស ដែលមិនយល់សភាពការណ៍ជាក់ស្តែងនៅក្នុងប្រទេសនោះយល់ច្រលំ ហើយគិតថានោះជាបញ្ហាពិតប្រាកដ។
លោក ឈាង វុន បានលើកឡើងថា បដិវត្តពណ៌គឺជាចលនាដែលធ្វើសកម្មភាពបំភិតបំភ័យពលរដ្ឋ ធ្វើឲ្យពលរដ្ឋបាត់ជំនឿលើរដ្ឋាភិបាល ហើយដើរតាម ឧបាយកលរបស់ពួកគេ។ ប្រសិនជាការឃោសនា បំភ័នបំភ័យមិនបានសម្រេច ពួកគេនឹងស្នើសុំអន្តរាគមន៍យោធា ដើម្បីវាយប្រហារប្រទេសដែល មិនស្តាប់បញ្ជារបស់ខ្លួនតែម្តង។ នៅចុងបញ្ចប់ប្រទេសនោះនឹងធ្លាក់ក្នុងភ្លើងសង្រ្គាម។
លោក ឈាង វុន បានលើកឡើងថា ជាទម្លាប់របស់ក្រុមក្រោយឆាកនេះ ច្រើនប្រើប្រាស់ឱកាសនៅក្នុងប្រទេសណាមួយ ដែលរៀបចំការបោះឆ្នោត។ គឺពួកគេធ្វើសកម្មភាពនៅមុនពេលបោះឆ្នោត ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត តាមរូបភាពនៃការលើកឡើងគ្មានការពិត ភាពមិនប្រក្រតីនៃការបោះឆ្នោតជាដើម។
លោកប្រធានគណៈកម្មការ បានជំរុញនិងលើកទឹកចិត្ត ដល់មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមការពារ ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាកំពុងមាន ដើម្បីកុំឲ្យទឹកដីអង្គរនេះ ធ្លាក់ចូលក្នុងការប្រើប្រាស់ជាឧបករណ៍បដិវត្តពណ៌ កើតជាភ្លើងសង្រ្គាមតាមមហិច្ឆតារបស់មហាអំណាច និងក្រុមណាមួយឲ្យសោះ។ នៅក្នុងបទបង្ហាញនេះលោក ឈាង វុន ក៏បានលើកឡើងនូវឧទាហរណ៍ខ្លះ នៅតាមប្រទេសមួយចំនួន ដែលពលរដ្ឋកំពុងរងទុក្ខវេទនា ព្រាត់ប្រាស់គ្រួសារ ប្រទេសជាតិខ្ទេចខ្ទី ដោយភ្លើងសង្រ្គាមបដិវត្តពណ៌ ដូចជានៅតំបន់មជ្ឈិមបូព៌ា មានប្រទេស លីប៊ី ស៊ីរី និងកម្ពុជាក្នុងឆ្នាំ១៩៧០ ជាដើម៕