(ភ្នំពេញ)៖ លោក ស្យង់ ក្លូដ ពាំប៊ឺស (Jean Claude Bimboeuf) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិការងារ នៅកម្ពុជា បានបញ្ជាក់ថា បារាំង នឹងផ្ដល់អ្នកជំនាញការទូតមកបណ្តុះបណ្តាលមន្រ្តីទូតកម្ពុជា។

ការសន្យាផ្តល់មន្រ្តីជំនាញ ដើម្បីបណ្តុះបណ្តាលអ្នកការទូតកម្ពុជានេះ បានធ្វើឡើងក្នុងពេលលោក ស្យង់ ក្លូដ ពាំប៊ឺស ចូលជម្រាបលា និងសំណេះសំណាលការងារជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ។

លោក ឈីវ យីស៊ាង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានវិទ្យាស្ថានជាតិការទូត និងសិក្សាអន្ដរជាតិ បានឲ្យដឹងថា ក្នុងជំនួបសំណេះសំណាលនោះ ឯកអគ្គរដ្ឋទូតចប់អាណត្តិបារាំង បានបញ្ជាក់ថា បារាំងត្រៀមខ្លួនរូចជាស្រេចក្នុងការផ្ដល់នូវកិច្ចសហប្រតិបត្តិការ និងអ្នកជំនាញ ជាពិសេសអ្នកបណ្ដុះបណ្ដាលខាងការទូតដល់កម្ពុជា។

ក្នុងជំនួបនោះលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រទេសបារាំង បានផ្ដល់កិច្ចសហប្រតិបត្តិការ និងជំនាញក្នុងការពង្រឹងការបណ្ដុះបណ្ដាលអ្នកការទូត។ មួយវិញទៀតនៅពេលវិទ្យាស្ថានជាតិបណ្ដុះបណ្ដាល អ្នកការទូតរៀបចំរចនាសម្ព័ន្ធរួចរាល់ហើយ នឹងទៅជជែកគ្នាជាមួយអ្នកជំនាញបារាំង ដើម្បីកំណត់ផែនការសកម្មភាពរួមគ្នា និងដើម្បីអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើន។

បើតាមលោក ឈីវ យីស៊ាង លោកទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស បានសម្ដែងការសប្បាយរីករាយ ចំពោះលទ្ធផលល្អនៃការធ្វើការរួមគ្នា ក្នុងពេលដែលលោកឯកអគ្គរដ្ឋទូត បានមកបំពេញបេសកកម្មការងាររយៈពេល៣ឆ្នាំកន្លងទៅនេះ ហើយការងាររួមគ្នានោះធ្វើឲ្យប្រទេសទាំង២ កាន់តែបានបង្កើតនូវកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ បានបង្កើតវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលអ្នកការទូត ដើម្បីពង្រឹង សមត្ថភាពមន្រ្តីទូតរបស់កម្ពុជា ក៏ដូចជាមន្រ្តីរបស់ក្រសួងការបរទេសផងដែរ៕