(អង់ការ៉ា)៖ សវនាការលើជនសង្ស័យច្រើនជាង ២០០នាក់ ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារយោធា មិនបានសម្រេចកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅប្រទេសតួកគី បានចាប់ផ្ដើមហើយនៅដើមសប្តាហ៍នេះ ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
ក្នុងចំណោមជនសង្ស័យទំាង ២២១នាក់មាន ៣៨នាក់ ជាអតីតឧត្ដមសេនីយ៍យោធាតួកគី ដែលត្រូវបានគេចោទប្រកាន់ថា បានចូលរួមក្នុងរដ្ឋប្រហារយោធាមិនបានសម្រេច និងការប៉ុនប៉ងទម្លាក់ លោកប្រធានាធីបតី អឺដូហ្កាន់ ចេញពីតំណែងដោយបង្ហូរឈាម។ ពួកគេ ត្រូវបានក្រុមយោធាបណ្ដើរដោយថ្មើរជើង រហូតដល់តុលាការក្នុងទីក្រុងអង់ការ៉ា ហើយមិនតែប៉ុណ្ណោះនៅសងខាងផ្លូវ គេឃើញហ្វូងមនុស្សម្នា បាននាំគ្នាស្រែកទាមទារឱ្យកាត់ទោសប្រហារជីវិត អ្នកទំាងអស់នោះទៀតផង។
គួរបញ្ជាក់ថា តុលាការតួកគីបានចោទប្រកាន់មនុស្សទំាង ២២១នាក់ខាងលើថា បានចូលរួមក្នុងសកម្មភាពផ្ដួលរំលំរដ្ឋាភិបាល និងជាអ្នក ទទួលខុសត្រូវលើការស្លាប់របស់ប្រជាពលរដ្ឋតួកគី ២៥០នាក់ កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។ ដូច្នេះពួកគេអាចនឹងប្រឈមមុខ ជាប់ពន្ធនាគារអស់មួយជីវិត៕