(ភ្នំពេញ)៖ ក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនធំប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ បានឧបត្ថមធំដល់កម្មវិធី បារខែមកម្ពុជា រយៈពេល២ឆ្នាំ គឺក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដើម្បីជម្រុញឲ្យកម្មវិធីនេះ បន្ដចែកចាយចំណេះដឹងបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្មដល់យុវជន និងសហគ្រិនកម្ពុជាឲ្យចេះ និងយល់កាន់តែច្បាស់បន្ថែមទៀត។
ការឧបត្ថមធំរបស់ Smart ដល់កម្មវិធី បារខែមកម្ពុជា នេះធ្វើឡើងដើម្បីលើកកម្ពស់វិស័យបច្ចេកវិទ្យា និងការចាប់ផ្ដើមធ្វើជំនួញ នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីមានការសហការ និងគាំទ្រនេះបានធ្វើឲ្យបារខែមកម្ពុជា អាចដំណើរការកម្មវិធីចែករំលែក ចំណេះដឹងដល់យុវជន និងសហគ្រិននៅតាមបណ្ដាខេត្តក្រុងចំនួន៦ រួមមាន ខេត្តរតនគីរី ខេត្តកំពង់ចាម បាត់ដំបង សៀមរាប និងភ្នំពេញ។
លោក បេ ចន្ដ្រា អ្នករៀបចំកម្មវិធីបារខែមកម្ពុជា បានថ្លែងឲ្យដឹងថា «កម្មវិធីបារខែមកម្ពុជានេះ បានបង្កើនឡើងរយៈពេល ១០ឆ្នាំមកហើយ ដោយមានគោលបំណងចែករំលែក ចំណេះដឹងផ្នែកបច្ចេកវិទ្យា វិស័យអាជីវកម្ម ទៅដល់យុវជន និងអ្នករកស៊ីនៅប្រទេសកម្ពុជា ។ រយៈពេល១០ឆ្នាំកន្លងមកនេះមានអ្នកចូលរួមកម្មវិធីបារខេម ប្រមាណជាង២ម៉ឺននាក់ដោយមានវាគ្មិនប្រហែល៦០០នាក់ ដែលបានមកចូលរួមចែករំលែកចំណេះដឹងផងដែរ»។
កម្មវិធីនេះបានចែករំលែកទៅដល់ប្រជាពលរដ្ឋក៏ដូចជាងយុវជន រហូតទៅដល់១០ ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជា មិនមែនធ្វើឡើងតែក្នុងរាជធានីភ្នំពេញនោះឡើយ។ ការចុះធ្វើដល់តាមទីរួមខេត្តនេះ ដោយសារតែពួកគេត្រូវការ អ្នកមានចំណេះដឹង ឬអ្នកមានបទពិសោធន៍ទាក់ទងវិស័បច្ចេកវិទ្យា និងអាជីវកម្ម ដើម្បីចូលរួមចែករំលែកដល់ពួកគាត់ នៅតាមទីរួមខេត្ត នេះបើតាមលោក បេ ចន្ដ្រាបានគូសបញ្ជាក់បន្ថែម។
លោកបានបញ្ជាក់បន្ថែមថា «បច្ចុប្បន្នគ្រប់គ្នាត្រូវតែចេះបច្ចេកវិទ្យា យ៉ាងហោចណាស់ក៏ត្រូវចេះប្រើប្រាស់អ៊ីម៉ែល (Email) ឲ្យមានប្រសិទ្ធិភាព ព្រោះក្នុងការងារបច្ចុប្បន្នត្រូវការការប្រើប្រាស់បច្ចេកវិទ្យា គ្រប់ស្ថាប័ន ក្រុមហ៊ុនទាំងអស់ ដូច្នេះការប្រើប្រាស់បច្ចេកវិទ្យាពិតជាមានសារៈសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ ក៏ដូចជាសម្រាប់ការងារ ប៉ុន្ដែពេលខ្លះ បច្ចេវិទ្យាដូចជាអាវុធមុខពីរដូច្នេះយើងបានព្យាយាមឲ្យមានតែការប្រើប្រាស់តែបច្ចេកវិទ្យាត្រឹមត្រូវ និងមិនប៉ះពាល់ដល់សង្គម»។
កម្មវីធីបារខែមបានបណ្ដុះបណ្ដាលដល់យុវជនឲ្យយល់ច្បាស់ពីការប្រើប្រាស់អ៊ិនធឺណេត កម្មវីធីថតរូប ការផលិតជាវីឌីអូខ្លីៗ និងការស្វែងយល់ពីការចាប់ផ្ដើមអាជីវកម្មដំបូង ការប្រើប្រាស់យុទ្ធសាស្រ្ដទីផ្សារ ទាំងនេះជាប្រធានបទដែលបារខែម បានចែកចាយ និងប្រធានបទផ្សេងៗទៀតផងដែរ។ នេះបើតាមលោក បេ ចន្ដ្រា បានបញ្ជាក់ឲ្យដឹងបន្ថែម។
ជាមួយគ្នានោះលោក ថូ ម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart បានថ្លែងបញ្ជាក់ថា «ខ្ញុំពិតជារីករាយក្នុងការជួយនូវ គំនិតផ្ដួចផ្ដើមនានា ដែលនឹងជួយរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា ពិសេសគម្រោងដែលទាក់ទង នឹងអក្ខរកម្ម ICT និងការយល់ដឹងអំពីបច្ចេកវិទ្យាព្រោះវា ជាសមាសភាគដ៏សំខាន់ ក្នុងប្រព័ន្ធអេកូឌីជីថល»។
លោកថា ក្រុមហ៊ុន Smart នៅតែបន្ដខិតខំដើម្បីដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ ការច្នៃប្រឌិតបែបឌីជីថល និងសហគ្រិនភាពក្នុងវិស័យបច្ចេវិទ្យា។
សូមបញ្ជាក់ថាកម្មវិធី បារខែម គឺជាកម្មវិធីជួបជុំគ្នាចែករំលែកចំណេះដឹងដល់យុវជនកម្ពុជា ទាក់ទងនឹងវិស័យបច្ចេកវិទ្យា និងការធ្វើជំនួញដែលបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០០៨ ហើយបើគិតមកដល់ពេលនេះគឺមានរយៈពេលជាង១០ឆ្នាំហើយ៕