(ភ្នំពេញ)៖ ពិតជាគួរឲ្យអាណិតណាស់! ក្មេងប្រុសម្នាក់ មានសតិមិនល្អដូចក្មេងដ៏ទៃ បានចុះទៅលេងប្រឡែងជាមួយសំបកកង់រថយន្ដ ដែលអណ្ដែតលើផ្ទៃទឹក ក្នុងជ្រោះផ្តាច់ស្នេហ៍ បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធម៌ ខណៈឪពុកជាប់រវល់រត់ម៉ូតូកង់បី និងម្ដាយជាប់រវល់ការងារក្នុងរោងចក្រកាត់ដេរ។
ករណីក្មេងលង់ទឹកស្លាប់ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលតាំងពីម៉ោងជិត៤ រហូតដល់ម៉ោង៦ល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងទឹកជ្រោះបាត់ស្នេហ៍ ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក នង សាបុង នាយនគរបាលស្ដីទីប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ឌី វិច្ឆិកា អាយុ៧ឆ្នាំ មានឪពុកឈ្មោះ សូ កញ្ញា អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងម្ដាយឈ្មោះ ព្រាប ស្រីនា អាយុ២៧ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅជាមួយគ្នា ក្នុងផ្ទះជួលមួយកន្លែងផ្លូវលេខ១០៣ ស្ថិតក្នុងក្រុម៨ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅឯខេត្តស្វាយរៀង។
លោក នង សាបុង បានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះខាងលើនេះ មិនមានសតិល្អឡើយ ស្របពេលឪពុក ម្ដាយមមាញឹក និងការងារច្រើន ពោលគឺឪពុកទៅរត់ម៉ូតូកង់បី រីឯម្ដាយទៅធ្វើការជាកម្មករកាត់ដេរ ទើបនៅមុនពេលកើតហេតុ ម៉ោងប្រហែលជាង៣រសៀល ខណៈមេឃកំពុងភ្លៀងរលឹមស្រិចៗ មានគេឃើញជនរងគ្រោះ បានដើរទៅមាត់ជ្រោះផ្តាច់ស្នេហ៍ និងបានចុះទៅលេងប្រឡែង យ៉ាងសប្បាយជាមួយសំបកកង់រថយន្ដ ដែលអណ្ដែតលើផ្ទៃទឹកទៀតផង។ ស្រាប់តែមួយសន្ទុះក្រោយ ក៏បាត់ខ្លួនក្មេងប្រុសរកមើលពុំឃើញឡើយ ដោយសង្ស័យថា ប្រាកដជាអាចលង់ទឹក ហើយក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមមើល និងនាំគ្នាចុះជួយរាវរក ក្នុងទឹកជ្រោះផ្តាច់ស្នេហ៍ រយះពេលជាង២ម៉ោង រហូតដល់ម៉ោង៦ល្ងាច ក៏រកសពឃើញតែម្ដង។
លោក នង សាបុង នាយនគរបាលស្ដីទីប៉ុស្ដិ៍ទួលសង្កែបានបញ្ជាក់ទៀតថា បន្ទាប់ពីរកសពឃើញ កម្លាំងនគរបាល បានធ្វើការត្រួតពិនិត្យជុំវិញ ទីតាំងកើតហេតុ និងមានការបំភ្លឺមួយចំនួនតាមជាក់ស្ដែង ពីប្រជាពលរដ្ឋដែលនៅក្បែរនោះ ជនរងគ្រោះជាក្មេងប្រុស ពិតជាបានស្លាប់ដោយសារលង់ទឹក ក្នុងអាការៈមិនមានស្មារតីគ្រប់គ្រាន់ដូចក្មេងៗដ៍ទៃឡើយ ហើយក៍សម្រេចប្រគល់សពជូនសាច់ញាត្តិ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕