(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតជូនពរ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសបុណ្យខួបកំណើតគម្រប់៨៣ឆ្នាំ ឈានចូល៨៤ឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ។
នៅក្នុងសារលិខិតជូនពរ តាងនាមឲ្យសមាជិក សមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ព្រមទាំងភរិយា សម្ដេចតេជោ ហ៊ុន សែន បានរំលេចថា «យើងខ្ញុំតែងតែនឹកឃើញ នឹងចង់ចាំជានិច្ចប្រកបដោយការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្ត និងសកម្មភាពស្នេហាជាតិ និងប្រជាជនរបស់សម្ដេចអគ្គមហាពញាចក្រី ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគំរូវីរៈភាព ដ៏ខ្ពងខ្ពស់របស់សម្ដេច ក្នុងការរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិមនុស្ស សេចក្ដីថ្លៃថ្លូរជាមួលដ្ឋាន ការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅលើគ្រប់វិស័យ និងការកសាងសមិទ្ធផលសង្គម យ៉ាងច្រើនសម្រាប់ជាឧត្តមប្រយោជន៍ ចំពោះជាតិមាតុភូមិ រួមចំណែកស្ដារ និងអភិវឌ្ឍន៍មាតុភូមិអង្គរ ជាទីស្នេហានៃយើង ឲ្យមានការរីកចម្រើនជឿនលឿនថ្ដុំថ្កើនរុងរឿងយ៉ាងឆាប់រហ័សរយៈកាលកន្លងមក»៕