(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានប្រាប់ទៅក្មេងៗជំនាន់ក្រោយទាំងអស់ ឲ្យក្រឡេកទៅមើលប្រទេសនៅតំបន់ អាស៊ីបូព៌ាមួយចំនួន ជាពិសេសប្រទេសនៅបណ្តាប្រភពអារ៉ាប់ ពីសកកម្មភាពកាប់សម្លាប់ប្រជាជនរាល់ថ្ងៃ ដោយមិនគោរពសិទ្ធិមនុស្ស ធ្វើឲ្យប្រជាជនរស់នៅ ក្នុងភាពភ័យខ្លាចជាខ្លាំង ជាពិសេសស្ត្រី និងកុមារជាមុខសញ្ញាក្នុងការបង្កហិង្សាពីសំណាក់ អ្នកមានអំណាច មិនតែប៉ុណ្ណោះ ស្រ្តីត្រូវបានបំបិទសិទ្ធិក្នុងការជ្រើសរើសគូស្រករ សូម្បីតែការបើកបរក៏មិនមានសិទ្ធិផងដែរ។
នៅក្នុងពិធីធ្វើបទបង្ហាញស្ដីពី «ស្ថាប័នសិទ្ធិមនុស្សជាតិ» ស្ថិតនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ លោក កែវ រ៉េមី បានថ្លែងថា «ប្រទេសមានសុខសន្តិភាព មានសណ្តាប់ធ្នាប់ មានស្ថេរភាពនយោបាយ ទើបមានការគោរពសិទ្ធិមនុស្ស ទើបធ្វើឲ្យក្មួយៗទាំងអស់គ្នា មានឱកាសក្នុងការសិក្សារហូតដល់ថ្នាក់មហាវិទ្យាល័យជាពិសេក្មួយដែលជាស្ត្រី បើគិតពីសម័យមុខស្រ្តី មិនមានឱកាសក្នុងការសិក្សាទោះទេ បីមានសាលារៀននៅជិតផ្ទះក៏ដោយ មិនងាយនឹងមានឱកាស សិក្សានោះទេ តែបច្ចុប្បន្ននេះ ស្ថិតនោក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យតម្លៃយ៉ាងខ្លាំងលើយេនឌ័រ និងការ គោរពសិទ្ធិមនុស្សនៅកម្ពុជា រហូតដល់បច្ចុប្បន្ននេះកម្ពុជា ជាប្រទេសមួយដែលមានការគោរពសិទ្ធិមនុស្ស បានល្អជាងបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ី»។
លោក កែវ រ៉េមី បានបន្ថែមថា ដោយសារតែប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាន ទើបធើ្វឲ្យយុវជនទាំងអស់គ្នា មានឱកាសក្នុងការសិក្សា រៀនសូត្រ មានឱកាសក្នុងការជួបជុំគ្នាជាពិសេស ការបញ្ចេញមតិរិះគន់ផ្សេងជាដើម។
ប្រធានស្ថានប័នសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាលរូបនេះ បានបន្តទៀតថា «គាត់ចេះតែស្រែកថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាអាក្រក់ទៅៗ ក៏ប៉ុន្តែសម្រាប់ប្រជាជន ដែលធ្លាប់រស់នៅសាំនឹងបញ្ហាទាំងប៉ុន្មានហ្នឹង គឺគាំទ្រទៅវិញ។ ក្រោយពីរបបខ្មែរក្រហមមានតែសម្តេចតេជោ ហ៊ុន សែន ដែលគាត់បានរំដោះឱ្យប្រជាជនបានរស់ឡើងវិញនេះ គឺជាសិទ្ធិរស់រៀនមានជីវិត អាហ្នឹងសិទ្ធិមនុស្សធំណាស់»។
លោក កែវ រ៉េមី បញ្ជាក់ថា នៅកម្ពុជាក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន បានផ្តល់សិទ្ធិពេញលេញដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ និន្នាការនយោបាយណាមួយរបស់ប្រជារដ្ឋខ្លួននោះឡើយ ហើយថែមទាំងបានកសាងកន្លែងគោរពបូជា ដល់ប្រជាពលរដ្ឋណាដែលកាន់សាសនាផ្សេងៗ គ្នាតួយ៉ាង បានកសាងកន្លែងគោរពបូជាបែបសាសនាឥស្លាម និងគ្រឹស្តសាសនានៅតាម សាលារៀន ព្រលានយោនហោះ និងទីកន្លែងប្រជុំជន នានាជាដើម នេះបង្ហាញពីការយកចិត្តទុកក្នុងការគោរពសិទ្ធិមនុស្សនៅកម្ពុជាដែលរដ្ឋាភិបាល បានផ្តល់ឲ្យប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ។
លោកប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានក្រើនរំលឹកដល់សិស្សនិស្សិតទាំងអស់ថា ជិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ សូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ទៅតាមសិទ្ធិរបស់ខ្លួន ក្នុងការជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ បក្សណាមួយ ដែលខ្លួនពេញចិត្ត ត្រូវតែនាំគ្នាខិតខំថែរក្សានូវអ្វីដែលយើងមាន ហើយយើងគួរតែបន្តជួយជ្រោមជ្រែងគ្នាថែរក្សាឲ្យមានស្ថេរភាព សណ្តាប់ធ្នាប់សង្គមដើម្បីផ្តល់ឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិបន្តទៀត មិនតែខ្លួនយើងប៉ុណ្ណោះទេ គឺដើម្បីកូនចៅយើងទាំងអស់គ្នា៕