(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចនឹងចេញហែក្បួនរកសំឡេងឆ្នោតនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដែលជាថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចេញដង្ហែនេះធ្វើឡើងតាមការអំពាវនាវរបស់សមាជិក សមាជិកាបក្ស រួមនិងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះថា «បងប្អូនមួយចំនួនបានចូលមកសួរតាម Facebook ថាអត់ឃើញ សម្តេចតេជោ ចេញហែក្បួន។ ដើម្បីសាមគ្គីភាព និងការគាំទ្រដល់បេក្ខជន ក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេសក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំនិងចូលរួមហែក្បួនបិទយុទ្ធនាការបោះឆ្នោតនាពេលខាងមុខនេះ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្តេចពិតជារីករាយណាស់ នៅពេលដែលបានមើលឃើញការដង្ហែក្បួនពេលបើកយុទ្ធនាការឃោសនារកសម្លេង ឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជា ប្រកបដោយភាពថ្លៃថ្នូរ និងប្រកបដោយវិន័យ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជា បានថែរក្សាការពារសុខសន្តិភាព ដើម្បីកូនចៅរបស់ប្រជាពលរដ្ឋខ្មែរមានឱកាសសិក្សារៀនសូត្រដោយសេរី និងដោយគ្មានការភិតភ័យរត់លូនដោយសារសង្គ្រាម ដូចដែលកំពុងកើតមានឡើងនៅក្នុងប្រទេសមួយចំនួននៅពេលនេះ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការបោះឆ្នោតឲ្យបក្សប្រជាជនកម្ពុជា គឺផ្តល់ឱកាសឲ្យយុវជន យុវតី កុមារា កុមារី បានសិក្សារៀនសូត្រនៅគ្រប់ទីកន្លែង ដើម្បីអនាគតល្អរបស់កូនខ្មែរទូទាំងប្រទេស។
វាជារឿងដ៏ភ្ញាក់ផ្អើលមួយសម្រាប់ព្រឹត្តិការណ៍ឃោសនារកសំឡេងឆ្នោតនៅឆ្នាំ២០១៧នេះ ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំប្រទេស ចេញធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតដោយផ្ទាល់ ខុសពីព្រឹត្តិការណ៍ឃោសនារកសំឡេងឆ្នោតនាអាណត្តិកន្លងទៅក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោតនេះ សម្តេចតេជោ តែងតែរក្សាភាពស្ងប់ស្ងាត់នឹងមិនចេញធ្វើយុទ្ធនាការដោយផ្ទាល់បែបនេះឡើយ។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ មានរយៈពេល ១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។ យុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល ៣ថ្ងៃកន្លងទៅនេះ ត្រូវបានគេមើលឃើញថា មានភាពល្អប្រសើរជាងអាណត្តិកន្លងទៅ ដោយមិនសូវមានការប៉ះទង្គិចណាមួយរវាងអ្នកគាំទ្រ ឬ អ្នកដង្ហែបក្សនយោបាយនោះឡើយ។
ភាពល្អប្រសើរនេះ ត្រូវបានគេវាយតម្លៃថា ដោយសារតែមានការៀបចំល្អពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងដោយសារតែបក្សនយោបាយនៅកម្ពុជា កាន់តែមានភាពចាស់ទុំ៕