(ភ្នំពេញ)៖ រយៈពេល៤ឆ្នាំក្រោយពីការមានពលរដ្ឋមួយចំនួនតូចសាកល្បង ក្នុងការជ្រើសរើសយកការផ្លាស់ប្តូរចាញ់ បោកការឃោសនាបោកប្រាស់ របស់បក្សប្រឆាំងនោះឥឡូវនេះអ្នកទាំងនោះកំពុងអង្គុយថ្ងូរស្តាយស្រណោះ និងឆ្អែតចិត្តចំពោះបក្សសង្គ្រោះជាតិនេះដែលចេះតែម្តង គឺបង្កើតកម្មវិធីនយោបាយបោកប្រាស់ និងយកប្រាក់ដាក់នុយ ដើម្បីទាញយកសំឡេងឆ្នោតពីប្រជាពលរដ្ឋ។

អួតក្អេងក្អាងថាជាអ្នកសង្គ្រោះជាតិក្នុងពេលប្រទេសមានសន្តិភាព តែតាមពិតគឺជាក្រុមសាងគ្រោះឱ្យជាតិតែប៉ុណ្ណោះ។ បងប្អូនប្រជាពលរដ្ឋមួយចំនួនធំ បានឆ្អែតចិត្តដោយសារតែទាំងអ្នករស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម បាត់ដំបង ព្រៃវែង តាកែវ កំពង់ស្ពឺ សៀមរាម បានបោះឆ្នោតឱ្យ គណបក្សសង្គ្រោះជាតិបានកើន អាសនៈនៅរដ្ឋសភា ប៉ុន្តែនៅទីបំផុតមេដឹកនាំគណបក្សនេះ ដោយសារតែមហិច្ឆតាអំណាច និងចង់សម្រេចផែនការផ្លាស់ប្តូរ និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមខ្សែញាក់របស់ចៅហ្វាយបរទេសរបស់ខ្លួន បានបែរក្បាលមកខាំអ្នកគាំទ្រ របស់ខ្លួនវិញតាមរយៈដំបូងឡើយធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យដើរហែរក្បួនបាតុកម្មពេញរាជធានីភ្នំពេញ បិទផ្លូវ បង្កអសន្តិសុខសង្គម បង្កការភ័យខ្លាច មានការបិទផ្លូវ និងបង្កឱ្យអាជីវករមួយចំនួន មិនអាចប្រកបរបររបស់ខ្លួន បានដោយស្រួល និងត្រូវបិទតូបរបស់ខ្លួនឱ្យបានឆាប់តាមតែអាចធ្វើទៅ បានដើម្បីចៀសវាងការកើតឡើង នូវឧបទ្ទវហេតុណាមួយដែលកើតចេញពីបាតុកម្មរបស់គណបក្សប្រឆាំង។

មិនតែប៉ុណ្ណោះពួកគាត់មិនសប្បាយចិត្តដោយសារតែពួកគាត់បោះឆ្នោតឱ្យដើម្បីតតាំងជាមួយគណបក្សប្រជាជនកម្ពុជានៅក្នុងសភាដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យប៉ុន្តែមេដឹកនាំបក្សប្រឆាំងបាននាំប្រជាជនធ្វើបាតុកម្មរញ៉េរញ៉ៃ និងស្ទះផ្លូវ ធ្វើឱ្យវិនិយោគទុនខ្លាចរអារ និងធ្វើឱ្យអាជីវកររកទទួលទានមិនបាន ដោយសារតែធ្វើឱ្យ រាំងស្ទះដល់ដំណើរការសេដ្ឋកិច្ច និងប្រឈមនឹងការផ្ទុះហិង្សា ព្រមទាំងអាចឈានដល់បង្កចលាចល នៅក្នុងសង្គមកាន់តែខ្លាំងឡើង។

ព្រឹត្តិការណ៍វាយកម្ទេចដុតបំផ្លាញរថយន្តសមត្ថកិច្ចជាច្រើនគ្រឿងនៅស្ទឹងមានជ័យដោយក្រុមសកម្មជននិង អ្នកគាំទ្របក្សប្រឆាំងជ្រុលនិយម មួយចំនួន រួមនឹងព្រឹត្តិការណ៍ក្រុមបាតុករបក្សប្រឆាំងហ៊ានតតាំង ជាមួយសមត្ថកិច្ច ទាំងនៅតំបន់មាត់ទន្លេ ស្ពានក្បាលថ្នល់ និងផ្លូវវ៉េងស្រេង គឺជាស្ថានភាពស្រួចស្រាលដែលងាយនឹងផ្ទុះឡើងនូវអំពើ ហិង្សា និងការបង្កចលាចលសង្គម ព្រមទាំងអាចអន្តរាយដល់សន្តិសុខជាតិធ្ងន់ធ្ងរ។ ប៉ុន្តែទោះបីជាមានរឿងអ្វីកើត ឡើងក៏ដោយ បក្សប្រឆាំងមិនខ្វល់ នៅតែបន្តការញុះញង់អស់រយៈពេលជាច្រើនខែ ហើយចុងក្រោយ សម រង្ស៊ី បានចូលគំរាម កម្មករឱ្យឈប់ធ្វើការ និងចេញមកបាតុកម្មបំផ្លិចបំផ្លាញជាមួយក្រុមខ្លួន។  

សកម្មជនគណបក្សប្រជាជនកម្ពុជាដែលបានចូលរួមហែរក្បួនឃោសនារបស់គណបក្សនៅតាមសង្កាត់នានា បានលើកឡើងថា ខ្លួនបានស្រក់ទឹកភ្នែកដោយ មិនដឹងខ្លួន ដោយសារតែក្តីរំភើបពេក ក្រោយពីបានស្តាប់ ឮពលរដ្ឋរស់ក្នុងរាជធានីភ្នំពេញបានជជែកគ្នានៅថ្ងៃហែរឃោសនាបោះឆ្នោត។ ពលរដ្ឋបាននិយាយថា៖ «គាត់ត្រូវតែជួយគណបក្សប្រជាជនកម្ពុជាឲ្យឈ្នះ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ ក៏ដូចជាការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ និងការបោះឆ្នោតខាងមុខៗទៀត ព្រោះពួកគាត់ឆ្អែតចិត្តណាស់ជាមួយបក្ស សង្រ្គោះជាតិ។ ពួកនេះធ្វើឲ្យខ្មែរស្អប់ខ្មែរ ឲ្យអ្នករកស៊ីមិនអាចរកស៊ី តទៅទៀតបាន។ គេបាតុកម្មបិទផ្លូវ បង្កអសន្តិ សុខក្នុងសង្គម។ ពេលនេះពួកយើងខ្ញុំ ឈប់ចាញ់បោកបក្ស សង្គ្រោះជាតិនេះទៀតហើយ។ មានតែបក្សប្រជាជនកម្ពុជាយើង ពីមុនទេ ទើបជាបក្សអាចដឹកនាំកម្ពុជាបាន និងជាបក្សដែលហ៊ានថា ហ៊ានធ្វើ ជាបក្សមានភាពចាស់ទុំ និងមានភាពទទួលខុសត្រូវ ចំពោះមុខប្រជាជន និងប្រទេសជាតិ។ ចំណែកឯគណបក្សប្រឆាំងវិញបានត្រឹមតែដើរសន្យាខ្យល់ បោកប្រាសរាស្ត្រ ដើរញុះញង់ និងបង្កចលាចលផ្សេងៗ»

អ្វីដែលប្រជាពលរដ្ឋមួយចំនួនធំនៅរាជធានីភ្នំពេញមានការព្រួយបារម្ភនោះគឺកាលពីឆ្នាំ២០១៣ បោះឆ្នោត ឱ្យគណបក្សប្រឆាំងថា ដើម្បីឱ្យការពារប្រយោជន៍ឱ្យខ្លួន តែមានឯណាបោះឆ្នោតឱ្យបក្សប្រឆាំងបែរជានាំទុក្ខនាំភ័យ មកឱ្យខ្លួនរស់នៅគ្មានសន្តិសុខផ្លូវចិត្តឡើយ ព្រោះបក្សនេះបានព្យាយាមបង្កចលនាចល ពេញផ្ទៃប្រទេស ដើរកៀគរមនុស្សមកធ្វើស្រែកឡូឡាពេញផ្លូវមនុស្សម្នាថុញទ្រាន់ក្នុងការធ្វើដំណើរដោយសារតែបក្សប្រឆាំងនាំបាតុករដើរស្ទើរពេញរាជធានីភ្នំពេញ  និងបង្ហាត់មនុស្សមួយចំនួនជាក្រុមឈានមុខក្នុងការបង្កហិង្សាទៀតដូចជាការវាយប្រហារទៅ
លើកងសន្តិសុខដើម្បីរំដោះទីលានប្រជាធិបតេយ្យជាដើម។

ដើម្បីទាក់ទាញអ្នកចូលរួម មេដឹកនាំបក្សប្រឆាំងបាន ប្រើប្រាស់វោហារសាស្ត្ររើងអើងប្រឆាំង នឹងជាតិសាសន៍ ជាពិសេសបញ្ឆេះកំហឹងពលរដ្ឋខ្មែរ ជាពិសេសអ្នកគាំទ្រខ្លួន ឱ្យស្អប់ខ្ពើមជនជាតិវៀតណាម។ សកម្មជនមួយចំនួន របស់ខ្លួនជាជនជាតិខ្មែរអ៊ិស្លាមដូចជា អ៊ីហ្សា ឧស័្មន ជាដើម ដែលបានងប់ងុល នឹងមនោគមន៍វិជ្ជា ស្អប់ខ្ពើមជាតិសាសន៍ បានព្យាយាមញុះញង់បងប្អូនជនជាតិចាម ឱ្យស្អប់ខ្ពើមជនជាតិវៀតណាម អំពីការដណ្តើមយកទឹកដីចម្ប៉ាទៅគ្រប់គ្រង ដោយមិនបានពន្យល់ពីបរិបទប្រវត្តិសាស្ត្រ ឱ្យច្បាស់ឡើយ។

ជននេះក៏ដូចជាសកម្មជនបក្សប្រឆាំងមួយចំនួនតូច មិនមានអ្វីក្រៅពីដើរភូតភរកុហកតាមមេដឹកនាំរបស់
ខ្លួន និងបញ្ឆេះកំហឹងបងប្អូនជនជាតិចាមឱ្យស្អប់ជាតិសាសន៍វៀតណាម ដូចសម រង្ស៊ី ញុះញង់ជនជាតិខ្មែរឱ្យ ស្អប់ជនជាតិវៀតណាមដែរ។

ទាំងនេះគឺជាគ្រោះថ្នាក់របស់ជាតិកម្ពុជាទាំងមូល ហើយក្រុមបក្សប្រឆាំងតែងតែទាញចំណេញនយោបាយ លើបញ្ហាទាំងនេះ។ ក្មេងស្រីម្នាក់របស់បក្សប្រឆាំង ដែលចូលបម្រើនយោបាយឱ្យបក្សនេះ ដើម្បីបានលាភសក្ការៈផ្សេងៗ ពីអនិកជនក្រៅប្រទេស និងដែលគេល្បីថា ជាសាហាយស្មន់របស់តំណាងរាស្ត្រ ឡុង រី ក៏បានប្រើវោហាសាស្ត្ររើសអើង នយោបាយ និងរើសអើងពូជសាសន៍ប្រឆាំងជនជាតិវៀតណាមផងដែរ។   

ហេតុដូច្នេះហើយបានជាសន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូនដែលសម្រេចចិត្តគូសនេះគឺជាអាយុជីវិតរបស់ ខ្លួន ក្រុមគ្រួសារ និងប្រជាពលរដ្ឋផ្សេងទៀត ព្រមទាំងជាវាសនាប្រទេសជាតិផងដែរ។ ការជ្រើសរើសផ្លូវត្រូវមួយនឹងនាំឱ្យ សន្លឹកឆ្នោតរបស់បងប្អូនជាសន្លឹកឆ្នោតសន្តិភាព និងការអភិវឌ្ឍតែប្រសិនបើ លង់ក្នុងឧបាយកលនៃការបោកប្រាស់ សន្យាខ្យល់ គឺសន្លឹកឆ្នោតរបស់បងប្អូននឹងទៅជាឥតបានការ មានការការភ័យព្រួយ ពិបាកចិត្ត អង្គុយថ្ងូរព្រោះដូរឆ្នាំងបាយចាស់ ផ្លាស់ឆ្នាំងបាយថ្មីតែមិនអាច ជំនួសឆ្នាំងចាស់បានឡើយ ដូចជារយៈពេល៤ឆ្នាំកន្លងទៅនេះ បងប្អូនដែលបានបោះឆ្នោតឱ្យគណបក្ស ប្រឆាំងមានការសោកស្តាយ ដោយសារតែតំណាងរាស្ត្រទាំង ៥៥ នាក់ដែលរាស្ត្របោះឆ្នោតឱ្យមិនបានបំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវឡើយ។ គឺមានតែតំណាងរាស្ត្រ និងរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលបានខិតខំប្រឹងប្រែងដើម្បីជួយ ធានានូវអាជីវកម្មរបស់ខ្លួន សុវត្ថិភាព សន្តិសុខ និងអភិវឌ្ឍជូនជាតិ និងប្រជាជនរហូតមក។ 

ឥឡូវជារដូវកាលឃោសនាបោះឆ្នោត បក្សប្រឆាំងនៅតែប្រើស្ទីលដដែល គឺរៀបចំកម្មវិធីនយោបាយ បោកប្រាស់ និងភូតកុហកប្រជា រាស្ត្រ ហ៊ានសន្យាខ្ពស់បំផុត ដែលធាតុពិតមិនអាចធ្វើបានឡើយ ប៉ុន្តែបើគ្រាន់តែសន្យាចោលមិន ធ្វើវាទៅពិបាកអ្វីនឹងនិយាយចោល។

ដូច្នេះត្រូវតែសន្យាចោលដើម្បីទាក់ទាញបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានយល់ច្បាស់មួយចំនួនតូច។  គណបក្សប្រជាជនកម្ពុជាដែលបានគ្រប់គ្រង ឃុំសង្កាត់ភាគច្រើនលើសលុបនៅទូទាំងប្រទេសកម្ពុជា ត្រូវបានគេជឿថានឹងបន្តឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខទៀត ដើម្បីគ្រប់គ្រងឃុំ-សង្កាត់បន្តទៀត ដោយហេតុថាគណបក្សកាន់អំណាចនេះ មានគោលនយោបាយ ដែលឆ្លើយតបនឹង តម្រូវការរបស់ប្រជាពលរដ្ឋពាក់ព័ន្ធ នឹងការលើកស្ទូយជីវភាពរស់នៅ និងការការពារឯកភាពជាតិ និងបូរណភាពដែនដី។ បន្ថែមលើនេះ គណបក្សប្រជាជនកម្ពុជា ដែលមានបទពិសោធគ្រប់គ្រង ប្រទេសជិតបួនទសវត្សរ៍មកនេះជា គណបក្សដែលមានធនធានមនុស្សប្រកប ដោយសមត្ថភាព និងបទពិសោធការងារគ្រប់គ្រាន់ ដើម្បីដឹកនាំជាតិ និងដឹកនាំឃុំ-សង្កាត់។

ភាពខ្លាំងមួយទៀតរបស់ គណបក្សប្រជាជនកម្ពុជា គឺមានសាមគ្គីភាពផ្ទៃក្នុងបក្សពីលើដល់ក្រោម
ដែលធ្វើឱ្យគណបក្សនេះខ្លាំង នឹងទទួលបានជ័យជម្នះលើគ្រប់ការបោះឆ្នោតទាំងអស់នៅកម្ពុជា។

បក្សប្រជាជនកម្ពុជាមានកម្មវិធីនយោបាយល្អ បង្រៀនមនុស្សឱ្យធ្វើអំពើល្អ មានសមត្ថភាពពេញលេញ និងប្រកបដោយ ការទទួលខុសត្រូវខ្ពស់លើភារកិច្ចតួនាទីរបស់ខ្លួន ការពារផលប្រយោជន៍ប្រជជនជានិច្ច។ គណបក្សប្រជាជនកម្ពុជា នៅតែបន្តដើរតួនាទីសំខាន់គ្មានបក្សណា អាចជំនួសបានឡើយក្នុងការ សង្គ្រោះប្រទេសជាតិជាតិ ថែរក្សាសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជនកម្ពុជាទាំងមូលជារៀងរហូត!  

ដោយ៖ ចៅចាក់ស្មុក