(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា រយៈពេល៤ខែ ដើមឆ្នាំ២០១៧នេះ ក្រសួង និងមន្ទីររៀបចំដែនដីរាជធានី-ខេត្ត បានផ្ដល់លិខិតអនុញ្ញាតសាងសង់ ១,០២០គម្រោង ដែលមានតម្លៃវិនិយោគជាង ៤ពាន់លានដុល្លារអាមេរិក។ គម្រោង សាងសង់នេះ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ កើនឡើង ៧១២គម្រោងស្មើនឹង ៤៣.៣៧ភាគរយ។
បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា គម្រោងសាងសង់ ១,០២០គម្រោងនេះ មានផ្ទៃក្រឡាសំណង់សរុប ៥,៦០៥,០០៧ម៉ែត្រការ៉េ។
របាយការណ៍បានឲ្យដឹងដែរថា គិតចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ ៤ខែ ឆ្នាំ២០១៧ មានទីក្រុងរណប និងបុរីលំនៅឋានចំនួន ១៤៧ទីតាំង និងមានអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅចំនួន ៩០១អគារ។ បើគិតចាប់ពីឆ្នាំ២០០០ ដល់ ៤ខែ ឆ្នាំ២០១៧នេះ ទុនវិនិយោគ បរទេសមានចំនួន ១៨ប្រទេស ស្នើនឹង ៣០៤គម្រោង មានផ្ទៃក្រឡាសំណង់សរុប ១៣,២៣៨,១៧០ម៉ែត្រការ៉េ ដែលមានតម្លៃប៉ានស្មានទុនវិនិយោគជាង ៤ពាន់លានដុល្លារអាមេរិក (៤,៥៣៩,៦០០,៩៦១ដុល្លារអាមេរិក)។
របាយការណ៍បានឲ្យដឹងដែរថា គិតមកទល់រយៈពេល ៤ខែ ឆ្នាំ២០១៧នេះ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនអាជីវកម្មសិក្សា គម្រោងប្លង់ និងសាងសង់ ហើយកំពុងមានសុពលភាពនៅឡើយនោះមានចំនួន ១,០១១ក្រុមហ៊ុន ក្នុងនោះ៖ ក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន ៤១ក្រុមហ៊ុន និងក្រុមហ៊ុនសាងសង់មានចំនួន ៩៧០ក្រុមហ៊ុន។ ចំណែករូបវ័ន្តបុគ្គលសិក្សាគម្រោងបុ្លង់នៅមានសុពលភាពមានចំនួន ១១៥រូប ក្នុងនោះស្ថាបត្យករ ៨០រូប និងវិស្វករ ៣៥រូប។
ជាមួយគ្នានេះ ក្រសួង បានចុះបញ្ជីស្ថាបត្យករចូលទៅក្នុងគណៈស្ថាបត្យករកម្ពុជាចំនួន ៥៨៨រូបផងដែរ ក្នុងនោះមានស្ថាបត្យករបរទេស ៨រូប ក្នុងចំណោមស្ថាបត្យករជាតិ-អន្តរជាតិទូទាំងប្រទេសចំនួន ២,៥០០នាក់៕