(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហ៊ាន សាហ៊ីប បានថ្លែងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យកចិត្តទុក ដាក់ខ្ពស់លើការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការ ដែលវាជាគន្លឹះដ៏សំខាន់ធ្វើឲ្យការ ធ្វើកំណែទម្រង់គ្រង់ហិរញ្ញវត្ថុ សាធារណៈទទួលបានជោគជ័យ។

លោក ហ៊ាន សាហ៊ីប បានថ្លែងដូច្នេះក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការលើជំនាញ «វិធាន និងបទប្បញ្ញត្តិស្ដីពីលទ្ធ កម្មសាធារណៈ» ជូនមន្រ្តីនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មនៃរដ្ឋបាលក្រុង ស្រុក ចំនួន ២០០នាក់ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៧នេះ។ មន្រ្តីទទួលការបណ្តុះបណ្តាលនេះមកពីខេត្តចំនួន១៣ រួមមាន៖ ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តប៉ៃលិន, ខេត្ត ឧត្តរមានជ័យ, ខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ, ខេត្តត្បូង ឃ្មុំ, ខេត្តកំពង់ចាម និង ខេត្តកំពង់ធំ។

លោក ហ៊ាន សាហ៊ីប បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនិងវិក្រឹតការនេះ មានរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០១៧ ក្នុងគោលដៅពង្រឹងពង្រីកសមត្ថភាព និងធ្វើបច្ចុប្បន្នកម្មចំណេះដឹង និង ជំនាញ ដើម្បីអនុវត្តការកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងតម្លាភាព សម្រាប់លារអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចជាតិ។

«វគ្គបណ្ដុះបណ្ដាលនិងវិក្រឹតការនាពេលនេះ ពិតជាមានសារសំខាន់ និង ត្រូវបានរៀបចំឡើងទាន់ពេលវេលា សម្រាប់ចូលរួមចំណែកដល់ ការបង្កើនចំណេះដឹង ពង្រឹងពង្រីកសមត្ថភាព និងបង្កើនការយល់ដឹងលើខ្លឹមសារ នៃការរៀបចំគម្រោងធានាចំណាយសម្រាប់អនុវត្ត កិច្ចលទ្ធកម្ម,បទប្បញ្ញត្តិរួម នៃលទ្ធកម្ម,លទ្ធកម្មសេវា ទីប្រឹក្សា,ផែនការលទ្ធកម្ម,ការកែតម្រូវផែនការលទ្ធកម្ម និងការធ្វើរបាយការណ៍ អនុវត្តកិច្ចលទ្ធកម្ម ជូនដល់មន្រ្តីក្រុមលទ្ធកម្ម សម្រាប់តម្រង់ទិសការអនុវត្តកិច្ចលទ្ធកម្មរបស់ក្រសួងនីមួយៗ ឱ្យឈានទៅសម្រេចបាន ជោគជ័យប្រកបដោយប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលាទៅនឹងតាមតម្រូវការនៅតាមក្រសួង ស្ថាប័នរៀងៗខ្លួនព្រោះការគ្រប់គ្រង កិច្ចលទ្ធកម្មសាធារណៈ គឺជាឧបករណ៍គោលនយោបាយដ៏សំខាន់ និង មិនអាចខ្វះបាន ដើម្បីធានាប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ ឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល»។ លោកបណ្ឌិត ហ៊ាន សាហ៊ីប បានបញ្ជាក់បន្ថែម។

បើតាមលោក ហ៊ាន សាហ៊ីប គិតចាប់ពីឆ្នាំ២០១៦ មកដល់ដើមឆ្នាំ២០១៧នេះ វគ្គបណ្តុះបណ្តាលចំនួន៥៤វគ្គ ត្រូវរៀបចំឡើងសម្រាប់ រួមចំណែក ក្នុងអនុវត្តថវិកាកម្មវិធី និងដើម្បីលើកកម្ពស់ភាពជាម្ចាស់ និង បណ្តុះឆន្ទៈកំណែទម្រង់ ជូនមន្រ្តីរាជការ ថ្នាក់ដឹកនាំជំនាញ និង ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងស្ថាប័ន ដែលមានសិក្ខាកាមសរុបចំនួន ៤៩១៥នាក់ហើយ។

សូមបញ្ជាក់ថា កិច្ចលទ្ធកម្មសាធារណៈត្រូវបានដាក់ឱ្យអនុវត្តនៅរដ្ឋបាលក្រុង ស្រុក នៅឆ្នាំ២០១៣ តាមរយៈប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយបានកំណត់អំពីនីតិវិធីនៃការបង្កើតការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការលទ្ធកម្ម និង អង្គភាពលទ្ធកម្មរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ដំណើរការអនុវត្តការងាររបស់គណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មរយៈពេល ៤ឆ្នាំកន្លងមក របស់រដ្ឋបាលក្រុង ស្រុកនៃខេត្ត ទាំង១៣ នាពេលនេះ បាននិងកំពុងអនុវត្តការងាររបស់ខ្លួន ដោយដើរទន្ទឹមគ្នាជាមួយនឹងបទប្បញ្ញត្តិ និង លិខិតបទដ្ឋានជាច្រើនត្រូវបាន ដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ដែលប្រការនេះធ្វើឱ្យតម្រូវការបណ្តុះបណ្តាល និង កសាងសមត្ថភាព លើជំនាញពាក់ព័ន្ធនឹងការអនុវត្តថវិកា កម្មវិធីមានការកើនឡើងជាលំដាប់ ក្នុងនោះវិធាននិងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ គឺជំនាញចាំបាច់មួយ ដែលក្រុមលទ្ធកម្មនៃ អង្គភាពថវិកា ត្រូវរៀនសូត្រ ស្វែងយល់ និងហ្វឹកហាត់ ដើម្បីធ្វើបច្ចុប្បន្នកម្ម និងពង្រីកចំណេះដឹង និងចំណេះធ្វើឱ្យកាន់តែរឹងមាំ សម្រាប់អនុវត្តតួនាទីភារកិច្ច ប្រកបដោយផលិតភាព និងប្រសិទ្ធភាព៕