(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំលោក សុខ លូ បានឲ្យដឹងថា សម្រាប់ខេត្តកំពង់ធំ មានព្រៃសហគមន៍សរុបចំនួន៨៧កន្លែង ដែលមានផ្ទៃព្រៃសរុបចំនួន ៨៣.១៣២.៣៤ហិកតា ក្នុងនោះព្រៃសហគមន៍អូរសោមមានព្ទៃដីសរុបចំនួន ៣០៧.៦៨៧ ហ.ត។ ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងជំរុញឲ្យមានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ចៀសវាងមានការលួចកាប់បំផ្លាញ និងដាំដើមឈើបន្ថែម ក្នុងព្រៃសហគន៍ដើម្បីទទួលបាន ចំណូលពីព្រៃសហគមន៍ទាំងនេះ។
រដ្ឋមន្រ្តីកសិកម្ម និងអភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត ២០០នាក់ នៅសហគមន៍ព្រៃអូរសោម ដែលស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយមានការអញ្ជើញ ចូលរួមពី លោកអភិបាលស្រុក លោកប្រធានខណ្ឌរដ្ឋបាលព្រៃឈើ លោកប្រធានមន្ទីអង្គភាពមន្ទីរជាប់ពាក់ព័ន្ធផងដែរ។
លោក វេង សាខុន បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋសហគមន៍ថា «កន្លងទៅនេះ យើងមានការយកចិត្តទុកដាក់ខ្ពស់ លើវិស័យកសិកម្ម ដែលជាពិសេស វិស័យព្រៃឈើតែម្តង ក្នុងនោះយើងមានការដាំដើមឈើបន្ថែម ការអភិរក្សព្រៃឈើដែលនៅសេសសល់ ដោយបង្កើត ជាសហគន៍ព្រៃឈើ ក្នុងគោលដៅការពារព្រៃឈើ ដោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ ជាសេនាធិការដ៏មានប្រសិទ្ធភាពឲ្យគង់វង្ស ក្នុងគោលដៅដែលជួយ ជាប្រយោជន៍ដល់បងប្អូន ដែលអាស្រ័យផលនៅក្នុងតំបន់ព្រៃសហគមន៍នេះ។ លើសពីនេះទៅទៀតដើម្បីឲ្យ ព្រៃសហគន៍យើងបានគង់វង្សនោះ យើងត្រូវ មានគោលការណ៍ច្បាស់លាស់ ក្នុងការគ្រប់គ្រងដូចជា ការបង្កើតជាបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ កិច្ចព្រមព្រៀងព្រៃសហគន៍ បង្កើតឲ្យមានក្រុមយាមល្ប៉ាត ត្រូវមានការសហការគ្នាយ៉ាងស្អិតរមួត និងសកម្មបំផុតរវាង គណៈកម្មការគ្រប់គ្រង ស្ថាប័នជំនាញ អាជ្ញាធរមូលដ្ឋាន អង្ការដៃគូ ជាមួយសមាជិកមូលដ្ឋាន ជាពិសេសលើសពីនេះទៀតនោះ ត្រូវបង្កើន ការដាំដើម ឈើបន្ថែមក្នុងព្រៃសហគន៍យើងដើម្បីទទួលបានចំណូលពីព្រៃសហគមន៍»។
នាឱកាសនោះផងដែរ លោករដ្ឋមន្រ្តី និងអភិបាលខេត្តកំពង់ធំ ក៏បានឧបត្ថម្ភថវិកាធ្វើដំណើរដល់បងប្អូនក្នុងម្នាក់ៗ ១ម៉ឺនរៀល ឧបត្ថម្ភព្រៃសហគមន៍ ចំនួន១០០០$ និង១លានរៀល៕