(សៀមរាប)៖ ស្ពានអណ្តែតទឹកបណ្ដោះអាសន្នឆ្លងចូលប្រាសាទអង្គរវត្ត ដែលសង់ឆ្លងទឹកចូលប្រាសាទអង្គរវត្ត នឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះហើយ។ ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។

បើតាមអាជ្ញាធរជាតិអប្សរា ក្រោយពេលដំណើរការស្ពានអណ្ដែតទឹកបណ្ដោះអាសន្ននេះ ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលកំពុងប្រើប្រាស់តាំងពីដើមរហូតដល់សព្វថ្ងៃ នឹងត្រូវផ្អាកការធ្វើដំណើរឆ្លងកាត់មួយរយៈសិន ដោយសារស្ពានដ៏ចំណាស់រាប់ពាន់ឆ្នាំមួយនេះ កំពុងដំណើរការជួសជុលដោយសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន សហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបញ្ជៀសគ្រោះថ្នាក់ និងទុកលទ្ធភាពឲ្យក្រុមការងារជួសជុលបានងាយស្រួល។

សូមជម្រាបថា ស្ពានអណ្តែតទឹកដ៏មាំទាំ និងមានសោភ័ណភាពថ្មីនេះ មានទទឹង១០ម៉ែត្រ និងបណ្តោយ២២០ម៉ែត្រ ត្រូវបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ សម្រាប់ឲ្យភ្ញៀវទេសចរអាចចូលទៅទស្សនាប្រាសាទអង្គរ។ ស្ពាននេះសង់ពីកំណាត់ពោងទឹក ដែលនាំចូលពីប្រទេសកាណាដា និងមានការធានាគុណភាព និងសុវត្ថិភាពត្រឹមត្រូវមានរយៈពេលរហូតដល់ទៅ៥ឆ្នាំ៕