(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការបង្កើតឲ្យមានទិវាវប្បធម៌បេឡារុស នៅកម្ពុជា គឺស្ថិតនៅក្នុងកាលៈទេសៈ ដែលកម្ពុជាកំពុងមានសុខសន្ដិភាព ស្ថេរភាពនយោបាយ ប្រជាជនរស់នៅសប្បាយរីករាយ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ថ្លែងបែបនេះ របស់លោកស្រីរដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងពិធីបើកទិវាវប្បធម៌បេឡារុស នៅសាលហោស្រពចតុមុខ។ ក្នុងនោះក៏មានការចូលរួមពី លោក ឈឺនីក វ៉ាស៊ីស៊ី អនុរដ្ឋមន្ដ្រីក្រសួងវប្បធម៌ នៃសាធារណរដ្ឋបេឡារុស និងលោក វ្លេតឌីមៀរ កូស៊ីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ព្រមទាំងភ្ញៀវជាតិ-អន្ដរជាតិជាច្រើនទៀតផងដែរ។
ឱកាសនោះ លោកស្រី បានលើកឡើងថា កម្ពុជា និងសាធារណៈរដ្ឋបេឡារុស បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៥ ហើយក្នុងរយៈពេល២២ឆ្នាំនេះ ប្រទេសទាំង២បានខិតខំបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងតែងតែគាំទ្រទៅវិញទៅមក លើគ្រប់វិស័យជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន។ បើតាមលោកស្រីរដ្ឋមន្ដ្រី ការសម្ដែងសិល្បៈ ថ្ងៃនេះគឺជាផ្នែកមួយយ៉ាងសំខាន់ នៃការពង្រឹងទំនាក់ទំនង លើវិស័យវប្បធម៌រវាងប្រទេសទាំង២។
រដ្ឋមន្ដ្រីក្រសួងវប្បធម៌រូបនេះ បានរំលឹកថា មុនឆ្នាំ១៩៩៥ កម្ពុជា និងបេឡារុស ក៏ធ្លាប់មានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងស្អិតរមួតផងដែរ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្សដែលរហូតបច្ចុប្បន្ន ក្នុងជួរមន្ដ្រីរាជការរបស់កម្ពុជា ក៏នៅមានអ្នកជំនាញមួយចំនួនដែលធ្លាប់បានរៀនសូត្រ នៅបេឡារុសផងដែរ។
សូមជម្រាបថា ក្នុងពិធីនៅយប់មិញនេះ គណៈប្រតិភូសិល្បៈ នៃក្រសួងវប្បធម៌បេឡារុស ដែលមកទស្សនកិច្ច និងសម្ដែងសិល្បៈ សុទ្ធសឹងតែជាស្ថាប័នដឹកនាំក្រុមសិល្បៈ មានភាពល្បីល្បាញជាង៥៥ឆ្នាំ របស់សាធារណរដ្ឋបេឡារុស៕