(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង ចុះត្រួតពិនិត្យជនជាតិវៀតណាម៦៣នាក់ នៅផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដែលបានដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្រោយពីកម្លាំងជំនាញពិនិត្យឃើញមានជនជាតិវៀតណាមចំនួន ៦៣នាក់ ស្រី២០នាក់ ក្នុងនោះមានប្រកាសទទួលស្គាល់ក្រសួងមហាផ្ទៃ ចំនួន៤៦នាក់ ដោយឡែក១៧នាក់ គ្មានឯកសារត្រឹមត្រូវបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង១៧នាក់នេះ បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕