(ព្រៃវែង)៖ ដើម្បីបន្ដយុទ្ធនាការឃោសនាឲ្យបានកាន់តែជោគជ័យ នៅថ្ងៃទី៣ នៃយុទ្ធនាការនេះ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ លោក ម៉ក់ ជីតូ អនុប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច តំណាងលោក នេត សាវឿន ជួបប្រជុំ និងសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ-ភូមិ ក្នុងឃុំកញ្ជ្រៀច។
ក្នុងកិច្ចប្រជុំណែនាំនេះក៏មានការចូលរួមពី លោក សុខ ខេមរិន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំកញ្ជ្រៀច និងសមាជិក សមាជិក ក្រុមប្រឹក្សាឃុំ និងសាខាបក្សភូមិ សរុប៤២នាក់ផងដែរ។
លោក ម៉ក់ ជីតូ បានដាក់ចេញផែនការជាច្រើន ធ្វើយ៉ាងណាឲ្យការឃោសនា មានប្រសិទ្ធភាពជ្រួតជ្រាបដល់ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ជាពិសេសធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានជ្រូតជ្រាប ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យទទួលបានការរីកចម្រើនដូចពេលបច្ចុប្បន្ន ក៏ដូចការខិតខំអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ។
យោងតាមការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧៕