(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា ហៅកាត់ថា សុីម៉ាក់ នៅថ្ងៃទី២២ ខែឧសភានេះ បានសរសេរលើ Facebook ផ្លូវការរបស់លោក ដោយសម្តែងការព្រួយបារម្ភ និងសោកស្តាយចំពោះសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានខិតខំបណ្តុះ និងលើកទឹកចិត្តរបបខ្មែរក្រហមឲ្យកើតឡើងវិញ។
លោក ហេង រតនា បានសរសេរទាំងយ៉ាងដូច្នេះថា៖
«សង្គ្រាម និងរបបឃាតករអាវខ្មៅ អាចកើតឡើងជាថ្មីនៅកម្ពុជាឬទេ?
តើមានមនុស្សប៉ុន្មាននាក់ ដែលដឹងជាមុនថា របបប្រល័យពូជសាសន៍ខែ្មរក្រហមអាចកើតឡើងនៅឆ្នាំ១៩៧៥-១៩៧៩! មានសាស្ត្រាចារ្យ បណ្ឌិតបញ្ញាវ័ន្ត មន្ត្រី អ្នកជំនួញយ៉ាងច្រើនទាំងក្នុង និងក្រៅប្រទេស គាំទ្រចលនាខែ្មរក្រហម ដោយស្អប់ខ្ពើមរបបពុករលួយ សក្តិភូមិ វណ្ណៈជិះជាន់ អ្នកមានអ្នកក្រ គំនុំសងសឹក និងមាន គោលដៅមួយបង្កើតសង្គមមួយថ្មីស្អាតស្អំ គ្មានអយុតិ្តធម៌សង្គម គ្មានអំពើពុករលួយ គ្មានអ្នកជិះជាន់គេអ្នកត្រូវគេជិះជាន់ !!! មានសាស្ត្រាចារ្យ បណ្ឌិតបញ្ញាវ័ន្ត បងប្អូនរស់នៅក្រៅប្រទេសដូចជា នៅអូស្ត្រាលី អាមេរិក បារាំង អង់គ្លេស ជាប៉ុនជាដើមបានវិលត្រឡប់មកស្រុកវិញ រួមស្លាប់ជាមួយប្រជាជនក្នុងប្រទេស ក្រោយបញ្ចប់សង្គ្រាមជាង២លាននាក់។
យើងពិតជាឈឺចាប់ និងចងចាំជានិច្ចនូវសោកដនកម្មនេះ តែគួរឲ្យសោកស្តាយបំផុត ដែលសកម្មជនគណបក្សសង្គ្រោះជាតិ តាមរយៈ Acc FB មានឈ្មោះថា Snorb Border បានខិតខំបណ្តុះ និងលើកទឹកចិត្តរបបខ្មែរក្រហមនេះ តាមរយៈការតាំងខ្លួនជាយុវជនខែ្មរក្រហម បានបណ្តុះការគិត ការធ្វើ និងទស្សនៈរបបអាវខ្មៅ ខែ្មរក្រហមយ៉ាងសកម្ម។
តើនេះអាចជាពន្លក និងសកម្មភាពអូសទាញបងប្អូនអ្នកក្រីក្រ ឲ្យមានការតស៊ូវណ្ណៈ និងរង់ចាំឱកាសមកដល់ដើម្បីបង្កចលនារបបខែ្មរក្រហមជាថ្មី ដែរឬទេ? នេះអាចជាឆន្ទៈតូចមួយក្នុងចំណោមទស្សនៈដ៍ធំទូលាយ ព្រោះថាសូម្បីតែប្រធានបក្សនេះក៏ធ្លាប់លើកឡើងថា គុកទួលស្លែង ជាកន្លែងសិប្បនិមិត្តប៉ុណ្ណោះ! រូបថតទាំងអស់ដែល Posted មកនេះ ខ្ញុំបានមកពីក្នុង Account Facebook ដែលឈ្មោះថា Snorb Border ទាំងស្រុង។
តើមាននរណាម្នាក់ហ៊ានធានាថា របបឃាតករអាវខ្មៅនឹងមិនកើតឡើងជាថ្មីឬទេ? តើប្រជាធិបតេយ្យសំខាន់ជាង ឬសន្តិភាពសំខាន់ជាងសំរាប់ប្រទេសនិងប្រជាជនកម្ពុជា?»៕