(ភ្នំពេញ)៖ ក្នុងឱកាសជួបសម្តែងការគួរសម និងជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ លោក Naveen Srivastava ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិ នៃសាធារណៈរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានជម្រាបជូនសម្តេចតេជោថា ឥណ្ឌាចង់ឲ្យមានជើងបោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរ ហើយសម្តេចតេជោ ក៏បានយល់ស្របលើគំនិតដ៏ល្អប្រសើរនេះផងដែរ។

បើតាមលោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅក្នុងជំនួបនេះ លោក Naveen បានលើកឡើងពីទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា-ឥណ្ឌា ទាំងវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យវប្បធម៌។ ជាពិសេសឥណ្ឌាចង់ឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាផ្ទាល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរពីកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា និងពីឥណ្ឌា មកកាន់កម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពរាល់ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌា ពាក់ព័ន្ធនឹងការពង្រីកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលមានការរីកចម្រើនលើគ្រប់វិស័យ។ សម្ដេចតេជោ បានរំលឹកថា ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជា បន្ទាប់ពីការរំដោះចេញពីរបបខ្មែរក្រហម ហើយតែងបានគាំទ្រកម្ពុជារហូតរៀងមក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ចង់ឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាផងដែរ។ សម្តេចបានលើកឡើងថា ក្រុមហ៊ុន ANA របស់ជប៉ុន ដែលដំបូងឡើយពុំសូវមានមនុស្សជិះច្រើននោះ មកដល់បច្ចុប្បន្ន មានមនុស្សជិះច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

សូមជម្រាបថា ឥណ្ឌាជាទីផ្សារទេសចរណ៍ធំមួយលើពិភពលោក ដោយសារប្រទេសនេះ មានប្រជាជនច្រើនរហូតដល់ ទៅជាង ១,៣០០លាននាក់ ហើយអ្នកមានទ្រព្យសម្បត្តិធនធានក៏ច្រើនដែរ ប្រហែល ២៥០លាននាក់ ដែលជាសក្ដានុពលធំនៃវិស័យទេសចរណ៍ ហើយតាមការព្យាករណ៍នៅឆ្នាំ២០២០ ភ្ញៀវទេសចរឥណ្ឌា ដែលចេញក្រៅប្រទេសមានប្រហែលជាង ៥០លាននាក់។

ក្នុងឆ្នាំ២០១៦ ភ្ញៀវទេសចរឥណ្ឌា ដែលចូលមកទស្សនានៅប្រទេសកម្ពុជា មានចំនួន ៤៦,១៣១នាក់ (ស្រី ១៣,៣០៣នាក់) កើនឡើង ២៥.៨ភាគរយ បើធៀបនឹងឆ្នាំ២០១៥៕