(ភ្នំពេញ)៖ ដូចដែលយើងបានធ្លាប់ដឹងហើយកាលពីឆ្នាំ២០១៦កន្លងទៅ ធនគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាត់ទុកប្រទេសកម្ពុជាថា ជាប្រទេសមួយដែលបានវិវឌ្ឍន៍ខ្លួនជាខ្លាសេដ្ឋកិច្ចថ្មីមួយប្រចាំនៅអាស៊ី បន្ទាប់ពីបានឆ្លងកាត់ភាពក្រីក្រលំបាក និងវិបត្តិផ្សេងៗជាច្រើន អស់រាប់ទសវត្សរ៍កន្លងមក ដែលបាន និងកំពុងឆក់យកចំណាប់អារម្មណ៍ពីពិភពលោកទាំងមូលនោះ។
យោងតាមទស្សនៈវិស័យអភិវឌ្ឍន៍តំបន់អាស៊ី នៃធនាគារខាងលើសម្រាប់ឆ្នាំ២០១៦ កម្ពុជាដែលធ្លាប់តែជាប្រទេសទទួលរងគ្រោះនូវវិបត្តិក៏ដូចជា ជម្លោះជាច្រើន ព្រមទាំងភាពទីទាល់ក្រផងដែរនោះ ឥឡូវនេះបានក្លាយជាប្រទេសដ៏ថ្មីសន្លាងមួយ ដែលមានកំណើនសេដ្ឋកិច្ចកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងទ្វីបអាស៊ី។ GDP របស់កម្ពុជាបានកើនឡើងប្រមាណ ០៧ភាគរយ ឬលើសពីនេះជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១១ រហូតមកទល់ឆ្នាំ២០១៧នេះ (តាមការព្យាករណ៍ថ្មី)។
ប្រទេសកម្ពុជាកំពុងពង្រឹងគោលជំហររបស់ខ្លួន ធ្វើជាអ្នកដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតរួមទាំងការពង្រីកផលិតផលរបស់ខ្លួននៅជុំវិញអាស៊ាន ក៏ដូចជា មជ្ឈមមណ្ឌលមួយក្នុងតំបន់ សម្រាប់ទទួលមុខជំនួញ និងសហគ្រិនធំៗ។ នេះបើតាមសម្តីលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលបានផ្តល់បទសម្ភាសន៍មួយជាមួយទស្សនាវដ្តី Management Insider ពាក់ព័ន្ធនឹងទស្សនៈវិស័យ របស់ឯកឧត្តមស្តីពីមធ្យោបាយក៏ដូចជាវិធីសាស្រ្ត ដែលកម្ពុជាបានប្រើប្រាស់ដើម្បីឈានមករកភាពជោគជ័យដូចសព្វថ្ងៃ ព្រមទាំងគម្រោងដែលកម្ពុជាបាន និងកំពុងត្រៀមទុកសម្រាប់អនាគត។
១៖ តើហេតុអ្វីបានជាវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) មានសារៈសំខាន់ចំពោះកម្ពុជា?
អាទិភាពរបស់កម្ពុជាគឺផ្តល់ភាពសម្បូរបែបទៅឲ្យវិស័យសេដ្ឋកិច្ច តាមរយៈការពង្រីកមូលដ្ឋានផលិតកម្ម ព្រមទាំងការរួមបញ្ចូលផលិតផល ក៏ដូចជាសេវាកម្មរបស់យើង ទៅក្នុងប្រព័ន្ធតម្លៃក្នុងតំបន់ និងសកល។ ទាក់ទិននឹងរឿងនេះ WEF គឺវេទិការដ៏សំខាន់មួយសម្រាប់ឲ្យកម្ពុជា បង្អួតបង្ហាញពីឱកាសវិនិយោគ លើភាពរីកចម្រើនលើវិស័យជាច្រើនរបស់ខ្លួន។
២៖ តើប្រទេសតូចមួយដូចជាកម្ពុជានេះ មានសមត្ថភាពដើរតួនាទីអ្វីបាននៅក្នុង WEF?
ក្នុងនាមជាប្រទេសដ៏តូចល្អិតមួយ និងជាអ្នកមកក្រោយគេក្នុងការអភិវឌ្ឍ កម្ពុជាមានអម្រែក និងកំហិតតិចតួចជាងប្រទេសដទៃ និងអាចធ្វើជាភ្នាក់ងារមួយសម្រាប់ការប្រែម្រួល ដើម្បីសម្រេចបាននូវគំនិតអភិវឌ្ឍន៍ និងការផ្លាស់ប្តូរគំរូថ្មីៗ នៅក្នុងការប្រែក្លាយតំបន់អាស៊ាន។ ម៉្យាងវិញទៀតកម្ពុជាបានរួមបញ្ចូលដោយជោគជ័យ ទៅក្នុងតំបន់ និងពិភពលោកទាំងមូល ហើយឥឡូវនេះកំពុងដើរតួយ៉ាងសកម្មមួយ នៅក្នុងកិច្ចការផ្សេងៗជាច្រើននៃអង្គការមិនថា អន្តរជាតិ អន្តរតំបន់ តំបន់ ឬអនុតំបន់ឡើយ។
៣៖ តើអនាគតរបស់កម្ពុជាកំពុងត្រូវបានជំរុញដោយសហគមន៍អាស៊ាន ឬឲ្យកាន់តែច្បាស់ជាងនេះនោះ គឺដោយអនុតំបន់ទន្លេមេគង្គឬ?
អនាគតនៃប្រទេសកម្ពុជាត្រូវបានរុញច្រានដោយ សហគមន៍អាស៊ាន និងអនុតំបន់ទន្លេមេគង្គ (GMS)។ អាស៊ាន និង GMS បំពេញភាពខ្វះខាតគ្នាទៅវិញទៅមក និងមានទស្សនៈវិស័យស្រដៀងគ្នា ទោះបីជាប្រកាន់វិធីសាស្រ្តខុសគ្នា ដើម្បីសម្រេចពួកវាយ៉ាងណាក្តី។
៤៖ តើកំណើនដ៏យឺតយ៉ាវនៃសេដ្ឋកិច្ចសាកល នឹងជះផលប៉ះពាល់កម្ពុជាដែរ ឬយ៉ាងណា?
កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានចងភ្ជាប់យ៉ាងជិតស្និទ្ធ ទៅលើបម្រែបម្រួលសេដ្ឋកិច្ចពិភពលោក ដូចដែលយើងបានឃើញផ្ទាល់នៅក្នុងវិបត្តិសេដ្ឋកិច្ចសកល កាលពីចន្លោះឆ្នាំ២០០៨-២០០៩។ តែបើនិយាយពីរឿងវិជ្ជមានវិញ សេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងចំណោមប្រទេសក្នុងតំបន់ ដែលបានងើបឡើងវិញយ៉ាងលឿន។ យ៉ាងណាមិញកម្ពុជាគឺជាប្រទេសសេដ្ឋកិច្ចពឹងផ្អែកលើលុយដុល្លារ និងការនាំចេញ ដូច្នេះហើយការប្រែប្រួលក្នុងគោលការណ៍រូបិយវត្ថុ និងសារពើពន្ធរបស់អាមេរិក និងសហភាពអឺរ៉ុប នឹងជះផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលមកលើសេដ្ឋកិច្ចរបស់យើង ជាពិសេសដោយសម្អាងថា ផលិតនាំចេញភាគច្រើនត្រូវបានដឹកជញ្ជូន ទៅកាន់បណ្តាប្រទេសអភិវឌ្ឍន៍នៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង។ ម៉្យាងវិញទៀតបើសិនជាមានការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចរបស់ចិន កម្ពុជាក៏នឹងប្រឈមមុខជាមួយផលលំបាក ក្នុងវិស័យទេសចរណ៍ និងការវិនិយោគរបស់បរទេសផងដែរ។
៥៖ តើកម្ពុជាមានចក្ខុវិស័យរយៈពេលវែងបែបណា សម្រាប់ការអភិវឌ្ឍប្រទេស?
ចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា គឺធ្វើយ៉ាងណាសម្រេចឲ្យបាននូវឋានៈជាប្រទេស ដែលមានប្រជាជនរកប្រាក់កម្រៃបានច្រើនជាងមុន ក្នុងលំដាប់មធ្យមនៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រជាជន រកប្រាក់កម្រៃក្នុងលំដាប់ខ្ពស់នៅក្នុងឆ្នាំ២០៥០។ គ្រប់ប្រជាពលរដ្ឋកម្ពុជាតែងតែប៉ុនប៉ងចង់បានវត្ថុបីយ៉ាង នៅក្នុងជីវិតរបស់ពួកគេគឺ ទី១៖ ឋានៈសង្គម ទី២៖ ទ្រព្យសម្បត្តិ និងទី៣៖ សិទ្ធិអំណាច។
៦៖ តើអ្វីខ្លះជាគោលដៅយុទ្ធសាស្រ្ត ដែលកម្ពុជាត្រូវការឈោងចាប់ ដើម្បីឲ្យស្របទៅតាមចក្ខុវិស័យរបស់ខ្លួន?
ដំបូងឡើយកម្ពុជាត្រូវតែថែរក្សាឲ្យមានសន្តិភាព និងស្ថិរភាពជានិច្ច។ ទីពីរកម្ពុជាត្រូវបានធ្វើការបង្កើនយ៉ាងសកម្ម នូវគ្រឹះស្ថានសេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីផ្តល់គម្លាតគោលការណ៍ និងលើកកម្ពស់បរិយាកាសមុខជំនួញ ដើម្បីទាក់ទាញការវិនិយោគដោយផ្ទាល់ពីក្រៅប្រទេស។ ចំណុចទីបីកម្ពុជាត្រូវតែអភិវឌ្ឍន៍ជំនាញ និងចំណេះដឹងសម្រាប់កម្លាំងពលកម្មរបស់ខ្លួន ហើយជាចុងក្រោយកម្ពុជាត្រូវតែធ្វើការវិនិយោគ ឲ្យកាន់តែខ្លាំងបន្ថែមទៀតលើ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើតការធ្វើពាណិជ្ជកម្ម ព្រមទាំងអនុញ្ញាតឲ្យមានការពង្រីកវិស័យឧស្សាហកម្ម។
៧៖ តើអ្វីខ្លះជាចំណុចខ្លាំងរបស់កម្ពុជា នៅក្នុងសេដ្ឋកិច្ចនាថ្ងៃអនាគត?
ទីមួយកម្ពុជាឥឡូវនេះមានប្រជាជនវ័យក្មេង ដែលខិតខំបំពេញការងារ មានចំណេះដឹងខ្ពស់ជាងកាលពីមុន និងមានឆន្ទៈចង់ចេះចង់ដឹងបន្ថែម។ ពួកគេមិនរុញរានោះឡើយក្នុងការធ្វើការងារ ក៏ដូចជាសិក្សារៀនសូត្រអំពីក្រុមហ៊ុនបរទេស ហើយចែករំលែកចំណេះដឹងទាំងឡាយដែលពួកគេទទួលបាន។ ទីពីរ កម្ពុជាបានបន្តឈោងចាប់ការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈភាពបើកចំហយ៉ាងទូលាយ និងទីផ្សារសេរី ដោយមានបទបញ្ញតិត្រឹមត្រូវ តែផ្តល់ភាពងាយស្រួលនិងសាមញ្ញ ហើយពួកយើងស្វាគមន៍ជានិច្ចចំពោះសហគ្រិនមកពីបណ្តាប្រទេសជុំវិញពិភពលោក។
៨៖ តើអ្វីទៅជាចំណុចខ្សោយ ឬក៏បញ្ហាប្រឈម ដែលប្រទេសកម្ពុជានឹងត្រូវយកឈ្នះឲ្យបាន?
ចំណុយខ្សោយមួយនោះ គឺការរំពឹងទុកមិនស៊ីសង្វាក់គ្នា។ ក្តីរំពឹងរបស់ប្រជាជនកម្ពុជាជាទូទៅមានកម្រិតខ្ពស់ខ្លាំង ជាងអ្វីដែលយើងអាចផ្តល់ឲ្យបានសម្រាប់ពលករ សហគមន៍ជំនួញ និងវិនិយោគិនបរទេស។ ដោយសារតែកម្ពុជាកំពុងនៅលើផ្លូវចំណោតនៃការអភិវឌ្ឍ មនុស្សភាគច្រើនតែងតែមានទម្រង់មូលដ្ឋាន ឬក៏ក្តីរំពឹងខ្ពស់បែបនេះហើយ ដែលវាកំពុងបង្កជាបញ្ហាលំបាកខ្លាំង។ ការគ្រប់គ្រងក្តីរំពឹងទុកទាំងនេះ និងការលើកទឹកចិត្តដល់វិនិយោគទុនបរទេសគឺជារឿងដ៏លំបាកមួយ ក៏ប៉ុន្តែវាក៏ជាបញ្ហាដែលយើងបានប្តេជ្ញាថា នឹងយកឈ្នះឲ្យបានផងដែរ។ ក្រៅពីនេះនៅមានបញ្ហាមួយចំនួនទៀត ដូចជាការសម្របសម្រួលគ្រឹះស្ថាន រួមជាមួយការបង្កើនសមត្ថភាពរដ្ឋបាលសាធារណៈ។
៩៖ តើអ្នកនឹងឃើញប្រទេសកម្ពុជាយ៉ាងដូចម្តេច នៅក្នុងពេល២០ឆ្នាំខាងមុខ?
ដោយផ្នែកលើការរីកចម្រើនរបស់កម្ពុជាមកទល់សព្វថ្ងៃនេះ យើងអាចមើលឃើញថា សេដ្ឋកិច្ចកម្ពុជាបាន និងកំពុងប្រាសចាកឆ្ងាយពីការយកវិស័យកសិកម្មជាមូលដ្ឋាន ហើយប្រែក្លាយជាប្រទេសដែលមានទំនោរពឹងផ្អែកទៅរកទ្រព្យសម្បត្តិ និងបច្ចេកវិទ្យាវិញ។ ម៉្យាងវិញទៀតវិស័យបម្រើសេវាកម្ម នឹងបន្តវិវឌ្ឍន៍ទៅមុខ ហើយសេដ្ឋកិច្ចនឹងកាន់តែរីកចម្រើនឆ្ងាយហួសពីវិស័យកាត់ដេរ ដែលកម្ពុជាតែងតែបានពឹងផ្អែក អស់រយៈពេលជាយូរណាស់មកហើយនោះថែមទៀត ខណៈបច្ចេកវិទ្យា នឹងដើរតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងប្រទេស៕