(ភ្នំពេញ)៖ បន្ទាប់ពីសពវីរៈយុទ្ធជនកម្ពុជាទាំង ៤រូប ត្រូវបានដង្ហែយកទៅដម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ នៅលំនៅដ្ឋានរៀងៗខ្លួនហើយនោះ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងឲ្យក្រុមការងារកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយ លោក យូ ឡាណា អគ្គលេខាធិការរងទី ២ កាកបាទក្រហមកម្ពុជា នាំយកសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងបច្ច័យមួយចំនួន ទៅចូលបុណ្យសព លោកព្រិន្ទបាលទោ ស៊ាង នរិន្ទ វីរៈយុទ្ធជនមួកខៀវកម្ពុជា ដែលបានពលីជីវិតនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល ក្នុងបុព្វហេតុមនុស្សធម៌ពិភពលោក កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ ហើយដែលបច្ចុប្បន្ន សពកំពុងតម្កល់ធ្វើបុណ្យនៅវត្តគ្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដោយឡែក សម្រាប់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ស្វាយរៀង និងខេត្តពោធិ៍សាត់ ក៏បានដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ និង នាំយកនូវសាររំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពវីរៈយុទ្ធជន ៣រូបទៀត ដែលតម្កល់ធ្វើបុណ្យនៅលំនៅដ្ឋានរៀងៗខ្លួន ៖
១៖ សពលោកអនុសេនីយ៍ឯក ម៉ៅ អេង ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
២៖ សពលោកអនុសេនីយ៍ទោ អ៊ឹម សំ ស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។
៣៖ សពលោកព្រិន្ទបាលទោ មុំ តុលា ស្ថិតនៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
នេះជាការចូលរួមរំលែកទុក្ខជាលើកទី ២ បន្ទាប់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ចែងក្រុមការងារនាំយកបច្ច័យចំនួន ២០លានរៀល និងគ្រឿងឧបភោគ-បរិភោគ ទៅចូលបុណ្យសពនីមួយៗ ម្ដងរួចមកហើយ កាលពីថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ មុនពេលសពដឹកមកដល់មាតុភូមិវិញ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយក្រុមគ្រួសារនៃសព ហើយសូមឲ្យវិញ្ញាណក្ខន្ធសពទាំង ៤រូប បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ទាហានមួកខៀវកម្ពុជាទាំង ៤រូប ដែលបានពិលីជីវិតនោះរួមមាន ៖ ១៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរប៊ុលដូស៊ែរ, ២៖ លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, ៣៖ លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង ៤៖ លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ៕