(ភ្នំពេញ)៖ ក្រោយពីភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យប្រព័ន្ធលូបង្ហូរទឹកមួយចំនួន នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវបានទឹលស្អុយហៀរ ចេញលិចផ្លូវនោះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ចុះពិនិត្យ និងដោះស្រាយបញ្ហាទឹកដក់លើចិញ្ចើមផ្លូវស៊ីសុវត្ថិ កែងផ្លូវលេខ៨០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលបណ្តាលមកពីការបាក់ស្រុត លូចាស់ៗនៅតំបន់នោះ។
ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងរដូវវស្សា ដែលនឹងឈានចូលមកដល់ នៅពេលខាងមុខនេះ លោកអភិបាល ខណ្ឌដូនពេញ បានដាក់ផែនការឲ្យការិយាល័យជំនាញពាក់ព័ន្ធ ចុះពិនិត្យបញ្ហាផ្លូវ សំបុកមាន់ និងបញ្ហាលូស្ទះឲ្យបានជាក់ស្តែងបន្ថែមទៀត ដើម្បីបន្តលើកគម្រោង ជួសជុលក្នុងសង្កាត់ផ្សេងៗ ដែលនៅសេសសល់ ធានាដោះស្រាយរំដោះបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង ក្នុងរដូវវស្សាឲ្យមានប្រសិទ្ធភាពខ្ពស់។
លោក សុខ ពេញវុធ បន្តទៀតថា «ដើម្បីទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់ ដែលកើតមានឡើង បង្កការលំបាក ខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជា ប៉ះពាល់ដល់ការប្រកបរបររបស់បងប្អូន ប្រជាពលរដ្ឋ និងអាជីវករ។ ម្យ៉ាងវិញទៀត គឺត្រូវយកចិត្តទុកដាក់បន្ថែម លើការដោះស្រាយបញ្ហាផ្លូវ សំបុកមាន់ និងកាត់បន្ថយគ្រោះថ្នាក់ ជាយថាហេតុ និងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ»។
ជាមួយគ្នានោះដែរ លោក សុខ ពេញវុធ បានស្នើជម្រុញឲ្យអង្គភាពលទ្ធកម្មខណ្ឌ ពន្លឿនការងារឲ្យបានរហ័ស ដើម្បីធានាការអនុវត្តកិច្ចលទ្ធកម្ម ឲ្យបានទាន់ពេលវេលា ពិសេសឲ្យបានរួចរាល់មុនការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេលខាងមុខនេះផងដែរ។
ជាក់ស្តែងនៅព្រឹកថ្ងៃនេះដែរ ដោយសារប្រព័ន្ធលូបង្ហូរទឹកមានការកក់ស្ទះ ធ្វើឲ្យទឹកជន់លិចជ្រាបចូលផ្លូវព្រះស៊ីសុវត្ថិ និងកែងផ្លូវលេខ៨០ លោកក៏ដឹកនាំកម្លាំងជំនាញ ចុះត្រួតពិនិត្យជាក់ស្តែង ដើម្បីស្តារប្រព័ន្ធលូឲ្យដំណើរការដូចដើមវិញ មិនឲ្យជន់លិចដូច្នេះវិញឡើយ។
ប្រជាពលរដ្ឋដែលរស់នៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក៏បានលើកសរសើរលោក សុខ ពេញវុធ ថា បើទោះបីមេឃកំពុង ធ្លាក់ភ្លៀងជន់លិចផ្លូវ យ៉ាងណាក៏ដោយ គេតែឃើញលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងចុះទៅដោយផ្ទាល់ ដើម្បីជួយសម្រួលរើសឬកកាយសម្រាម ដែលកកស្ទះមុខប្រព័ន្ធលូងាយស្រួលឲ្យទឹកហូរឆាប់ស្រក់ឡើងវិញផងដែរ ជាពិសេសតំបន់ផ្សារកណ្ដាលតែម្តង៕