(ភ្នំពេញ)៖ ស្ថិតនៅក្រោមគម្រោងនៃការចងចាំ ផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម បានបន្តសកម្មភាពរបស់ខ្លួន ក្នុងការផ្សព្វផ្សាយអំពីដំណើរការជំនុំជម្រះក្តី លើអតីតមេដឹកនាំខ្មែរក្រហម ជូនដល់សាធារណជន សិស្សានុសិស្សនៅតាមសាលារៀននានា ក្នុងប្រទេសកម្ពុជា។
ជាក់ស្តែងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមលោក នេត្រ ភក្ត្រា បានធ្វើបាឋកថាជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូចំនួនជាង២០០០នាក់ នៅវិទ្យាល័យកំពង់អំពិល និងវិទ្យាល័យញឹម វណ្ណដា ពារាំង ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «ការសិក្សា និងស្វែងយល់ពីការជំនុំជម្រះក្តី លើអតីតមេដឹកនាំខ្មែរក្រហម ពិតជាមានសារសំខាន់ សម្រាប់យុវជនជំនាន់ក្រោយ ដែលកើតមិនទាន់របបខ្មែរក្រហម និងជនរងគ្រោះក្នុងរបបខ្មែរក្រហម។ ការជំនុំជម្រះក្តីនេះជួយដល់ជនរងគ្រោះកម្ពុជា ក្នុងការផ្សះផ្សាផ្លូវចិត្ត និងផ្សះផ្សាជាតិ ព្រមទាំងពង្រឹងនីតិរដ្ឋ និងសន្តិភាពនៅកម្ពុជាផងដែរ។ ការចុះផ្សព្វផ្សាយនេះ មិនមែនត្រឹមជួយសិស្សានុសិស្សចងចាំពីប្រវត្តិសាស្ត្រ ប៉ុណ្ណោះទេ ប៉ុន្តែជំរុញឱ្យពួកគាត់យល់ពីតម្លៃនៃសន្តិភាព ស្ថិរភាពដែលកម្ពុជាកំពុងមានសព្វថ្ងៃ និងចូលរួមថែក្សា និងការពារសន្តិភាពដែលមាន និងទប់ស្កាត់កុំឱ្យកើតមាននូវរបបនេះសាជាថ្មី»។
ក្នុងរយៈពេលជិតពីរម៉ោងលោក នេត្រ ភក្ត្រា បានជម្រាបជូនដល់សិស្សានុសិស្ស អំពីប្រវត្តិនៃការបង្កើតសាលាក្តីខ្មែរក្រហមដើម្បីជំនុំជម្រះក្តីលើ ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។ អំឡុងពេលនេះ ប្រជាពលរដ្ឋចន្លោះ ១,៧ ទៅ២,២ លាននាក់ត្រូវបានគេជឿថា បានស្លាប់បាត់បង់ជីវិតដោយសារតែការធ្វើទារុណកម្ម សម្លាប់ ការអត់អាហារ ការគ្មានថ្នាំសង្កូវព្យាយាម និងដោយអំពើអមនុស្សធម៌ផ្សេងៗទៀត។
មន្ត្រីនាំពាក្យដដែលបានគូសបញ្ជាក់ថា សាលាក្តីខ្មែរក្រហមដែលបង្កើតឡើងនេះ មិនធ្វើការជំនុំជម្រះក្តីលើអតីតខ្មែរក្រហមទាំងអស់នោះទេ គឺជំនុំជម្រះក្តីតែទៅលើជនពីរជំពូកតែប៉ុណ្ណោះ គឺទី១ អតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ និងទី២អ្នកទទួលខុសត្រូវខ្ពស់ ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត។
បើតាមលោក នេត ភក្រ្តា ចាប់តាំងពីឆ្នាំ២០០៦ រហូតមកទល់ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បានដំណើរការរយៈពេលជាង១០ឆ្នាំមកហើយ និងបានសម្រេចបាននូវកិច្ចការជាច្រើន ក្នុងដំណើរស្វែងរកការពិត និងយុត្តិធម៌។ សាលាក្តីខ្មែរក្រហមបានបិទបញ្ចប់ នូវការជំនុំជម្រះក្តីលើអតីតប្រធានគុកទួលស្លែង កាំង ហ្គេកអ៊ាវ ហៅឌុច ក្នុងសំណុំរឿង០០១ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
បច្ចុប្បន្ន ឌុច កំពុងអនុវត្តទោសរបស់ខ្លួននៅមន្ទីរឃុំឃាំងខេត្តកណ្តាល។ រីឯសំណុំរឿង ០០២/០១ ប្រឆាំងនឹង នួន ជា និងខៀវ សំផន ក៏ត្រូវបានបិទបញ្ចប់ ជាមួយការប្រកាសសលដីការបស់អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមតម្កល់សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងដាក់ពន្ធនាគារអស់មួយជីវិត លើអង្គហេតុឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិពាក់ព័ន្ធការជម្លៀសប្រជាជនដោយបង្ខំ។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បច្ចុប្បន្ន អង្គជំនុំជម្រះសាលាដំបូង បានត្រៀមបើកសវនាការធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់ការសួរដេញដោលលើអង្គហេតុក្នុងសំណុំរឿង ០០២/០២ ប្រឆាំង នួន ជា និងខៀវ សំផន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៧។ ការប្រកាសសាលក្រមលើសំណុំរឿងនេះ នឹងត្រូវប្រកាសសាលក្រមនៅក្នុងពេលវេលាសមស្រប ក្រោយពីបញ្ចប់ការធ្វើសេចក្តីសន្និដ្ឋាន។
ក្រោយពីបានបញ្ចប់ការធ្វើបទបង្ហាញ មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម ក៏បានអនុញ្ញាតឱ្យមានការសួរឆ្លើយជុំវិញដំណើរការ តុលាការខ្មែរក្រហម។ សិស្សានុសិស្សបានចូលរួមយ៉ាងផុសផុល និងក៏មានការចែកជូនសៀវភៅណែនាំ អំពីអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការជូនដល់សិស្សានុសិស្សដែរ។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ សិស្សានុស្សិ៤០០នាក់ នឹងធ្វើទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម សារៈមន្ទីរប្រល័យពូជសាសន៍ គុកទួលស្លែង និងបឹងជើងឯក។
លោក នេត្រ ភក្ត្រាបានបញ្ជាក់ថា ផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម នឹងបន្តសកម្មភាពផ្សព្វផ្សាយរបស់ខ្លួន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីការចងចាំ និងការចូលរួមរបស់សាធារណជនក្នុងការជំនុំជម្រះក្តី លើអតីតមេដឹកនាំខ្មែរក្រហម ព្រោះការជំនុំជម្រះក្តីនេះជារបស់យើងទាំងអស់គ្នា៕