(បន្ទាយមានជ័យ)៖ ឈ្មួញបាននាំចូលជ្រូកជិត១០០ក្បាលពីប្រទេសវៀតណាម ប៉ុន្តែពេលដឹកដល់ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាល ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បង្ក្រាបជាប់។ នៅពេលឃាត់នោះ មន្ត្រីបសុសត្វបានអះអាងថា ការដឹកជញ្ជូននេះមានច្បាប់ តែដឹកលើសចំនួនកំណត់។ ការបង្ក្រាបការដឹកជញ្ជូនសត្វជ្រូកនេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតភូមិសាស្រ្តភូមិឈ្នួលត្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រថយន្តទាំង២គ្រឿង រួមមាន៖ ក្រុមហ៊ុនវ៉ាយខេអឹម (YKM) និងក្រុមហ៊ុន ដានីដេង ដែលបាននាំជ្រូកពីប្រទេសវៀតណាម ចូលខេត្តបន្ទាយមានជ័យ។
លោក ហ៊ុយ តូច ប្រធានការិយាល័យផលិតកម្មបសុព្យាបាល ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ជ្រូកដែលដឹកតាមរថយន្តទាំង២គ្រឿងនេះ គឺជ្រូកមាន ច្បាប់ពីមន្រ្តីជំនាញត្រឹមត្រូវ ដែលក្នុងច្បាប់ក្រុមហ៊ុនវ៉ាយខេអឹម (YKM)ដឹកចំនួន៤០ក្បាល និងក្រុមហ៊ុន ដានីដេង ដឹកចំនួន៣៥ក្បាលសរុបចំនួន ៧៥ក្បាល តែ២ក្រុមហ៊ុននេះដឹកលើស២០ក្បាល។
លោកបានបញ្ជាក់ថា តាមច្បាប់អនុក្រឹតលេខ១៦ មន្ត្រីជំនាញត្រូវផាកវិន័យលើកការដឹកជ្រូកលើសច្បាប់ចំនួន២០ក្បាល ជាទឹកប្រាក់ ពី១ទៅ៥លានរៀល ដោយលើកទី១ គឺផាកវិន័យត្រឹមតែ២លាន៥សែនរៀល និងធ្វើកិច្ចសន្យាឲ្យអនុវត្តន៍តាមច្បាប់។
ប្រជាពលរដ្ឋ បានថ្លែងប្រាប់ថា ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ស្ទើរតែបញ្ឈប់ការចិញ្ចឹមសត្វដូចជា ជ្រូក ព្រោះការចិញ្ចឹមបានលក់តម្លៃថោក ដោយជ្រូកកាលពីមុនឈ្មួញនាំចូលពីថៃ តែពេលនេះឈ្មួញនាំជ្រូកចូលពីប្រទេសវៀតណាម ទើបជ្រូកចិញ្ចឹមក្នុងស្រុកគ្មានតំលៃ ហើយប្រជាពលរដ្ឋ បាននាំគ្នាទៅរកការងារធ្វើនៅប្រទេសថៃយ៉ាងច្រើនផងដែរ។
ប្រជាពលរដ្ឋសំណូមពរដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវបង្កើនការយកចិត្តទុកដាក់ ការចិញ្ចឹមសត្វក្នុងស្រុក និងរកទីផ្សារដើម្បីលើកទុកចិត្ត ជូនប្រជាកសិករ ហើយត្រូវពិនិត្យសត្វដែលនាំចូលពីប្រទេសជិតខាង ដើម្បីការពារសុខភាពប្រជាពលរដ្ឋ៕