(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរប៊ែវើរីជីស បន្តជួយលើកស្ទួយវិស័យកីឡា និងសប្បុរសធម៌ ដោយឧបត្ថម្ភធំទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី៧ ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ និងដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។
ក្រៅពីគោលបំណងទាំងពីរខាងលើ ការរៀបចំទិវារត់ប្រណាំងនេះ ក៏ដើម្បីផ្សព្វផ្សាយយុទ្ធនាការទីក្រុងស្អាត និងបៃតង និងដើម្បីជួយឲ្យទីក្រុងភ្នំពេញក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយផងដែរ។
បណ្ឌិតអ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ក្នុងសន្និសីទកាលពីថ្ងៃទី២១ ខែឧសភា ថា៖ «ការចូលរួមក្នុងថ្ងៃនេះ បានបង្ហាញពីតាំងចិត្តថ្មីមួយទៀតរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក្នុងការលើកស្ទួយវិស័យកីឡា និងកិច្ចការសង្គម»។
«ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលវិនិយោគដោយកួនខ្មែរ១០០% ហេតុដូច្នេះយើងតែងប្រកាន់គោលការណ៍មួយ គឺ «ខ្មែរជួយខ្មែរ» ដូចជាការចួលរួមជួយលើកស្ទួយវិស័យកីឡាខ្មែរ និងសកម្មភាពសប្បុរសធម៌នេះ ហើយខ្ញុំសង្ឃឹមថា សកម្មភាពនេះនឹងក្លាយជាគំរូល្អមួយសម្រាប់ក្រុមហ៊ុនឯកជនផ្សេងទៀតក្នុងប្រទេសកម្ពុជា»។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្ល៊ែក ទឹកសុទ្ធកម្ពុជា ភេសជ្ជៈប៉ូវកម្លាំងWurkz ទឹកផ្លែឈើJoop និងភេសជ្ជៈIze។
កន្លងមក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងចូលរួមយ៉ាងសកម្មក្នុងក្នុងការលើកស្ទួយវិស័យកីឡា និងសប្បុរសធម៌ ជាអាទិ៍ក្រុមហ៊ុនបានឧបត្ថម្ភកម្មវិធីប្រណាំងកង់អន្តរជាតិលើកទី១នៅភ្នំបូកគោ Mount Bokor Challenge រៀបចំកម្មវិធីសប្បុរសធម៌ Run and Ride ដើម្បីកម្ពុជា២០១៧ ដើម្បីប្រមូលថវិកាជួយសាលាខ្វះខាតនៅទីជនបទ ឧបត្ថម្ភការការប្រកួតកីឡានានានៅក្នុងបុណ្យទន្លេ និងបុណ្យសមុទ្រ ការប្រកួតកីឡាជាតិចំនួនបួនលើក ការប្រកួតជម្រុះឆ្ពោះទៅរកពាន់រង្វាន់បាល់ទាត់ពិភពលោក ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ និងការប្រកួតកីឡាគុនខ្មែរជាច្រើនទៀត៕