(សៀមរាប)៖ ក្រុមក្មេងទំនើងចំនួន២២នាក់ ត្រូវបានមន្រ្តីនគរបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីធ្វើការអប់រំ ណែនាំ និងពន្យល់ពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ និងក្រុមគ្រួសារទំាំងមូល។ ជាមួយគ្នានេះ ក្រុមក្មេងទំនើងចំនួន៩នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមណ្ឌលអប់រំកែប្រែ ស្ថារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ខេត្តសៀមរាប ដើម្បីកែប្រែជីវិតរបស់ពួកគេ ឲ្យមានពន្លឺឡើងវិញ សម្រាប់ការរស់នៅក្នុងសង្គមនាពេលអនាគត។
សូមបញ្ជាក់ថា កម្លាំងនគរបាលខេត្តសៀមរាប ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី បានបង្ក្រាបក្រុមក្មេងទំនើងចំនួន៣១នាក់ កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីពួកគេបានអុកឡុកសង្គម និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។ .
មន្រ្តីនគរបាលខេត្តសៀមរាបបានឲ្យដឹងថា «នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ ដោយមានការឯកភាពពីលោកស្នងការនគរបាលខេត្ត ក៏ដូចជាលោកអធិការនគរបាលក្រុងសៀមរាប កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុង សហការជាមួយនគរបាលការិយាល័យជំនាញពាក់ព័ន្ធ បានធ្វើការអញ្ជើញអាណាព្យាបាល របស់ក្មេងទំនើងទាំងអស់ មកចូលរួមដឹងឮ និងធ្វើការអប់រំណែនាំ។ យើងអប់រំក្រុមក្មេងទំនើងឲ្យយល់ដឹង អំពីច្បាប់ចរាចរណ៍ គ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន ការរាប់អានមិត្តមិនល្អនាំឲ្យខ្លួន ជាប់ពាក់ព័ន្ធ មានបញ្ហាប៉ះពាល់ដល់កិត្តិយសគ្រួសារ និងសង្គម ដោយការអប់រំនេះ ធ្វើបទបង្ហាញដោយនគរបាលជំនាញនិមួយៗ»។
ស្នងការនគរបាលខេត្តបានបញ្ជាក់ថា «បន្ទាប់ពីធ្វើការអប់រំណែនាំរួចមក នគរបាលយើងបានអនុញាត ឲ្យមានការធានាពីអាណាព្យាបាល ដើម្បីយកទៅអប់រំបន្ត ដោយឡែកក្នុងចំណោមម៉ូតូ ទាំងអស់ដែលគ្មានកញ្ចក់ គ្មានមួក និងគ្មានស្លាកលេខ នគរបាលយើងបានតម្រូវឲ្យម្ចាស់នីមួយៗ រៀបចំបំពាក់ឲ្យបានត្រឹមត្រូវ តាមបច្ចេកទេសគ្រប់គ្រាន់ ទើបអនុញាត ប្រគល់ជូនយកទៅប្រើប្រាស់វិញ»។
សូមរំលឹកថា ការបង្រ្កាប និងឃាត់ខ្លួនក្មេងទំនើងទាំង៣១នាក់នេះ បានធ្វើឡើងនៅជាប់របងសណ្ឋាគារ «សុខាសៀមរាប» (តាមបណ្តោយផ្លូវ បុរីរដ្ឋបាល ខេត្តសៀមរាប) នៃបរិវេណអង្គរឃ្យុងយូ ពេលនោះកម្លាំងនគរបាលដកហូតម៉ូតូចំនួន២១គ្រឿង ជាបណ្តោះអាសន្នជាបន្តបន្ទាប់។
បើតាមលោកស្នងការ ក្រុមក្មេងទំនើងទាំងនេះ តែងតែជួបជុំគ្នា ជាក្រុមៗ។ ក្នុងចំណោមក្រុមក្មេងទំនើងដែលត្រូវបានឃាត់ខ្លួន នគរបាលជំនាញ បានធ្វើការតេស្តពិនិត្យទឹកនោម រកឃើញជនធ្លាប់ប្រើប្រាស់គ្រឿងញៀនចំនួន៩នាក់ កំពុងកសាងសំណុំរឿងទៅតុលាការ និងខ្លះទៀត សុំគោលការណ៍បញ្ជូនទៅ មណ្ឌលអប់រំកែប្រែស្ថារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ខេត្តសៀមរាប។ ដោយឡែក នៅសល់ចំនួន២២នាក់ទៀត ត្រូវបាននាំយកមកធ្វើការអប់រំណែនាំ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប និងដើម្បីជំរាបឲ្យអាណាព្យាបាល បានដឹងអំពីស្ថានភាពកូន ហើយសហការជាមួយសមត្ថកិច្ចយើង ធ្វើការអប់រំណែនាំឲ្យក្លាយជាយុវជនល្អក្នុងសង្គមវិញផងដែរ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ទៀតថា «យើងនឹងធ្វើដូចភ្លៀងរលឹម ហើយយើងមានភារកិច្ចច្រើនទៀត ដែលត្រូវបង្ក្រាប»៕