ភ្នំពេញ)៖ ពេញមួយសប្ដាហ៍នេះ អង្គភាពសារព័ត៌មាន Fresh News បានបញ្ជូនអ្នកព័ត៌មានរបស់ខ្លួន ចំនួន៣រូប ទៅបំពេញបេសកកម្មការងារនៅក្រៅប្រទេស រួមមានប្រទេស ចិន ថៃ និងម៉ាឡេស៊ី ដើម្បីចូលរួមពាក់ព័ន្ធកិច្ចការព័ត៌មានផ្សេងៗ។
លោក ពេជ្រ ប៊ុនសាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News ទទួលបន្ទុកផ្នែកនយោបាយ និងសង្គម ត្រូវចេញបំពេញបេសកកម្មរយៈពេល០៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ហើយបានទៅទស្សនកិច្ចនៅក្រុងចំនួន៤ របស់ខេត្តអានហួយ ក្នុងនោះមានទីក្រុង Hefei, Anqing, Chizhou, និងទីក្រុង Xuancheng ជាដើម។ អ្នកកាសែត ដែលបានទៅចូលរួមនោះ ត្រូវបានអញ្ជើញឲ្យទៅទស្សនា នៅមជ្ឈមណ្ឌលឧស្សាហកម្មផលិតរថយន្ត តំបន់ទេសចរណ៍ តំបន់កម្សាន្តបែបប្រពៃណី រួមទាំងតំបន់កម្សាន្តបែបធម្មជាតិ នានានោខេត្តអានហួយផងដែរ។
ដោយឡែក លោក ធី ធេង ប្រធានក្រុមព័ត៌មានកីឡា បានទៅចូលរួមក្នុងកម្មវិធី សន្និសីទកាសែត ប្រកាសការចាប់ផ្តើមជាផ្លូវការនៃ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពថ្នាក់តំបន់របស់ក្រុម SCG Muangthong United ឆ្នាំ២០១៧ នៅទីក្រុងបាងកក ប្រទេសថៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០១៧ ក្រោមការរៀបចំរបស់ក្រុមហ៊ុន SCG Cement។
កញ្ញា ឆេង សុរិយា ប្រធានផ្នែកព័ត៌មានផ្នែកសង្គមទូទៅ ទើបចេញដំណើរនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ ទៅកាន់ទីក្រុងកូឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមយកព័ត៌មានក្នុងកម្មវិធី ភ្លក់អាហារម៉ាឡេ «Air Asia Santan Food Festival» រយៈពេល២ថ្ងៃ នាថ្ងៃទី២២ និងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ។ ក្រៅពីការដាក់តាំងបង្ហាញអាហារ Santan ក៏មានការធ្វើបទបង្ហាញស្តីពីការចំអិនអាហារនេះ រួមនឹងមានភ្លក់អាហារ ពីចុងភៅ ដ៏ឆ្នើម ដែលបានចំអិនជូនអ្នកចូលរួមភ្លាមៗ ផងដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីបានទទួលនូវទំនុកចិត្តពីក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុន Ford, ក្រុមហ៊ុន IZUSU, ក្រុមហ៊ុន Air Asia ជាដើម បានអញ្ជើញក៏ដូចជា ផ្ដល់ឱកាសឲ្យអ្នកព័ត៌មានរបស់អង្គភាព Fresh News បានចេញទៅចូលរួមកម្មវិធីផ្សេង និងយកព័ត៌មានជាដើម។ កន្លងមកអ្នកសារព័ត៌មានរបស់អង្គភាព Fresh News បានចេញប្រទេសជប៉ុន និងហ្វីលីពីន ដើម្បីសិក្សាស្វែងយល់បន្ថែមពីទំនៀបទម្លាប់ ការរស់នៅ និងការប្រកបរបររស់នៅផងដែរ៕