(ភ្នំពេញ)៖ លោក ហេង ស៊ីវលាង អគ្គនាយកហាងកាហ្វេ «Amazon» ថ្មី សាខាផ្សារសូរិយា បានសម្រេចចិត្ត បោះទុនទឹកប្រាក់សរុបប្រមាណ២០ម៉ឺនដុល្លារអាមេរិក ដែលគិតទាំងការទិញ Franchise ពីប្រទេសថៃផង បើកហាងកាហ្វេដោយខ្លួនឯង និងបានសម្ពោធដាក់លក់ជាផ្លូវការ នូវហាងកាហ្វេមានឈ្មោះល្បីល្បាញ ទាំងគុណភាព និងរសជាតិ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ។
ការសម្ពោធ និងដាក់លក់នូវហាងកាហ្វេថ្មី Amazon សាខាសូរិយានេះ មានការចូលរួមពីលោក ឆាតឆៃ សេងអារុណ អ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ហ្ការ៉ាស់សាំង Ptt និងហាងកាហ្វេ Amazon នៅកម្ពុជា រួមនឹងនិងដៃគូពាណិជ្ជកម្មរបស់ហាងកាហ្វេ Amazon។ លើសពីនេះ ក៏មានការចូលរួមពីដៃគូពាណិជ្ជកម្មផ្ទាល់ខ្លួន របស់លោក ហេង ស៊ីវលាង ជាច្រើននាក់ទៀតផងដែរ។
ក្នុងឱកាសនោះ លោក ហេង ស៊ីវលាង បានលើកឡើងថា «កាហ្វេ Amazon មានអ្នកចូលចិត្តញុំាច្រើន ហើយតម្លៃក៏មានលក្ខណៈធូរថ្លៃជាងហាងកាហ្វេ ម៉ាកប្រេនផ្សេងៗ ដោយមួយកំប៉ុងត្រឹមតែជាង២ដុល្លារ ហើយបរិមាណច្រើនទៀត(កែវវែង)។ សម្រាប់កាហ្វេ គឺមិនដូចជាបារីទេ គឺរដ្ឋាភិបាលមិនបានហាមឃាត់ មិនឲ្យលក់នោះទេ ហើយពេលញាំទៅអាចជួយបង្កើនថាមពលផងដែរ។ ខ្ញុំទិញ Franchise ពីគេតម្លៃ៨ពាន់ដុល្លារអាមេរិក»។
ដោយឡែកសម្រាប់លោក ឆាតឆៃ សេងអារុណ បានលើកឡើងថា នៅប្រទេសកម្ពុជាហាងកាហ្វេ Amazon ចាប់ផ្តើមសម្ពោធ និងដាក់លក់ជាផ្លូវការ ដំបូងក្នុងឆ្នាំ២០១៣ ក្នុងសាខាផ្សារច្បារអំពៅ។ រហូតមកដល់នឹងពេលនេះ ហាងកាហ្វេ Amazon មាន៤២សាខាហើយ សម្រាប់ក្នុងឆ្នាំ២០១៧។ ក្រុមហ៊ុនហាងកាហ្វេ Amazon នឹងមានគម្រោងរហូតដល់ទៅ ៧០សាខាបន្ថែមទៀត ដើម្បីបំពេញតម្រូវការ ក៏ដូចជាការគាំទ្រ របស់អតិថិជនផងដែរ។
សូមបញ្ជាក់ថា ដោយសារតែហាងកាហ្វេ Amazon នៅកម្ពុជាមានភាពល្បីល្បាញ និងមានការគាំទ្រ ពីអតិថិជនក្នុងប្រទេសកម្ពុជា ទើបលោក ហេង ស៊ីវលាង សម្រេចចិត្តបើកហាងមួយកន្លែងទៀត ដែលមានសាខានៅស្តុបពេទ្យអង្គឌួង តាមបណ្តោយផ្លូវនរោត្តម។ Amazon មានសាខាក្រៅប្រទេសដូចជា កម្ពុជា,ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន និងប្រទេសជប៉ុនផងដែរ៕