(ភ្នំពេញ)៖ ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើល បានអះអាងថា ការឃោសនារកសំឡេងឆ្នោតដែលកំពុងធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ។ ភាពល្អប្រសើរនេះ ត្រូវបានអះអាងថា មកពីគណបក្សនយោបាយនៅកម្ពុជាមានភាពចាស់ទុំជាងមុន និងយល់ច្បាស់ពីបទបញ្ជា និងនីតិវិធីនៃការឃោសនាបានច្រើន។
យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤នេះ បានចាប់ផ្ដើមពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ដែលមានគណបក្សនយោបាយចូលរួមចំនួន ១២គណបក្ស។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះថា «រឿងហ្នឹងសភាពការណ៍នៅល្អដដែល មានតែករណីគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដែលបានប្តឹងសកម្មជនគណបក្សសង្រ្គោះជាតិ ពីបទរារាំងក្បួនដង្ហែរបស់ខ្លួន នៅក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ហើយគណបក្សសង្គ្រោះជាតិ ក៏មានប្ដឹងតបទៅវិញផងដែរ»។
អ្នកនាំពាក្យ គ.ជ.ប នៅតែអះអាងថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅអាណត្តិទី៤នេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ ទោះបីមានភាពរកាំរកុះខ្លះៗក៏ពិតមែន តែមិនមែនជាសកម្មភាពខុសច្បាប់នោះឡើយ ក្រៅតែពីខេត្តតាកែវ។
លោក អំ សំអាត មន្រ្តីអង្គការសិទ្ធិមនុស្សលីកាដូ បានក៏បានអះអាងដូចទៅនឹង គ.ជ.ប ដែរថា យុទ្ធនាការឃោសនា បោះឆ្នោតឃុំ-សង្កាត់ នៅអាណត្តិនេះ មានភាពល្អប្រសើរជាងអាណត្តិមុន ដោយសារគណបក្សនយោបាយនីមួយៗ មានភាពចាស់ទុំជាងមុន មានការយល់ដឹង និងអនុវត្តតាមនីតិវិធី និងបទបញ្ជាបានត្រឹមត្រូវ។
លោក អំ សំអាត បញ្ជាក់ថា ក្រៅពីករណីប៉ះទង្គិចគ្នានៅខេត្តតាកែវ អង្គការលីកាដូ ក៏បានសង្កេតឃើញថា មានការប៉ះទង្គិចតិចតួចខ្លះទៀតដែរ នៅខេត្តកំពង់ធំ និងខេត្តសៀមរាប។
ទោះជាយ៉ាងណា ទាំង គ.ជ.ប និងអង្គការលីកាដូ បានទទូចឲ្យគណបក្សនយោបាយទាំងអស់ ដែលចូលរួមក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ត្រូវរក្សានូវការគោរពច្បាប់ អនុវត្តតាមបទបញ្ជា និងនីតិវិធីឲ្យបានត្រឹមត្រូវបន្តទៀត ដើម្បីឲ្យដំណើរការឃោសនា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ទទួលយកបានទាំងអស់គ្នា។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅសល់តែ ១១ថ្ងៃទៀតប៉ុណ្ណោះ។ ជាការកត់សម្គាល់ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ គណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានធ្វើយុទ្ធនាការផុលផុសជាងគេ ខណៈគណបក្សនយោបាយចំនួន ១០ផ្សេងទៀត ការធ្វើ យុទ្ធនាការទ្រង់ទ្រាយតូចប៉ុណ្ណោះ៕