(ភ្នំពេញ)៖ ជាការសោកស្តាយ ជាមួយនិងអារម្មណ៍ភ្ញាក់ផ្អើលចំពោះការលើកឡើងរបស់លោកប្រធានគណបក្សសង្គ្រោះជាតិ ដែលបានលើកឡើងនៅក្នុង យុទ្ធនាការស្វែងរកសន្លឹកឆ្នោតនៃអាណត្តិ ឃុំ សង្កាត់ នៅពេលថ្មីៗនេះ «លោកនឹងរំលាយចោលក្រសួងអភិវឌ្ឍន៍ជនបទ នៅពេលដែលគណបក្ស សង្រ្គោះជាតិឈ្នះឆ្នោត» ការលើកឡើងនេះគឺធ្វើឲ្យមានការភ្ញាក់់ផ្អើលដល់មតិសាធារណៈជន ជាពិសេសបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ។
ការលើកឡើងនេះគឺមិន ខុសគ្នាពីយុទ្ធនាការបំបែកឆ្នាំងបាយ និងបំផ្លាញជីវភាពកម្មករកម្ពុជា ដែលបានធ្វើឡើងដោយអតីតប្រធានគណបក្សសង្រ្គោះជាតិ (លោក សម រង្ស៊ី) ដែលបានញុះញុង់កុំឲ្យអ្នកបណ្តាក់ទុន របស់សហគមន៍បរទេសមកកាន់កម្ពុជា។ ពេលនេះលោកប្រធានថ្មីរបស់គណបក្សសង្គ្រោះជាតិមានបំណង ពិតប្រាកដ គឺគោលដៅបំផ្លាញជីវិភាពនៃការរីកចម្រើនរបស់ប្រជាកសិករ នៅតាមទីជនបទ។
ការរំលាយក្រសួងអភិវឌ្ឍន៍ជនបទ គឺមិនត្រឹមតែបំផ្លាញការអភិវឌ្ឍន៍ គឺជាការសងសឹកដល់ប្រជាកសិករនៅតាមជនបទ ដែលលោកមិនដែលបោះឆ្នោត គាំទ្រដល់គណបក្ស នេះឡើយ នោះមិនរាប់ដល់មន្រ្តីរាជការ ដែលលោក បម្រើការ នៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបម្រើមហាជនយ៉ាង សកម្មនៅពាសពេញព្រះរាជាណាចក្រកម្ពុជា ដែលមហាជននិងក្រុមប្រឹក្សាឃុំ សង្កាត់សហការយ៉ាងសស្រាក់សស្រាំ។
ទិដ្ឋភាពមួយទៀតក៏បានបង្ហាញពីអសមត្ថភាព ឬការដឹង និងយល់អំពីកិច្ចការនេះរបស់ប្រធាន CNRP ក្នុងការដឹកនាំ ក្នុងកិច្ចអភិវឌ្ឍន៍បម្រើប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។
សូមជម្រាបផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទនេះ គឺមិនគ្រាន់តែជាក្រសួងមួយមានសារៈសំខាន់ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកយកចិត្តទុកដាក់ ខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋអោយមានការរីកចម្រើននៅតាមជនបទ និងចាកចេញ ពីភាពក្រីក្រនោះទេ ឬចង់ឲ្យភាពក្រីក្រជា មធ្យោបាយដើម្បីញុះញង់សង្គមឲ្យមាន ចលនាបះបោរប្រឆាំង។ ហើយកម្មវិធីអភិវឌ្ឍន៍មួយចំនួនធំផ្ទាល់មានការរួមចំណែកពីអង្គការ អន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិផងដែរ។
ដូចនេះលោកប្រធាន កឹម សុខា គួរតែអត់ធ្មត់ស្រាវជ្រាវអំពីសមទ្ធិផលដែលកើតចេញពីកម្មវិធីអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេលកន្លងមក ឬមួយបោះបង់ការ អៀនខ្មាស់របស់ខ្លួន ស្វែងយល់ អំពីក្រុមប្រឹក្សាឃុំ សង្កាត់របស់ គណបក្សប្រជាជនកម្ពុជា ដែលកំពុងតែបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម និងប្រសិទ្ធភាព នៅតាមមូលដ្ឋាន។
ខ្ញុំយល់ឃើញថា សមត្ថភាពយល់ដឹងរបស់លោក កឹម សុខា ក្នុងការអភិវឌ្ឍប្រទេស ក៏ដូចជាការអភិវឌ្ឍជនបទ នៅមានកំរិតនៅឡេីយ។តើមានសមត្ថភាព យ៉ាងណាដែរ? បើប្រៀបធៀបជាមួយនឹងសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ? អរគុណសារជាថ្មី ដល់ប្រជាពល់រដ្ធ ដែលបាននឹងបន្តគាំទ្រ សមិទ្ធិផល ដែលមានជាក់ស្តែងកើតឡើងតាមភូមិ សង្កាត់ ក្រោមការដឹកនាំរបស់សម្តេចតេជោ!។
ខ្ញុំបាទសូមអធ្យាស្រ័យរាល់ការឆ្គាំឆ្គងនូវពាក្យពេចន៍ទាំងឡាយណា ដែលកើតមានឡើងជាយថាហេតុ៕