(កណ្តាល)៖ ប្រជាកសិករចំនួន២៩២គ្រួសារ ជាអ្នកដាំពោត ដាំសណ្តែក ចងសន្ទូច ដាក់មង និងបេះត្រគួនលក់ ដែលមានដីនៅក្នុងទំនប់៩២-៩៤នោះ បាននិយាយថា ពួកគាត់មានការលំបាកយ៉ាងខ្លាំង ក្រោយពីក្រុមហ៊ុនឯកជនមួយមកវាទីយកដីពួកគាត់ធ្លាប់ ប្រកបរបរទាំងនេះ ប៉ុន្តែក្រោយមកត្រូវ បានប្តឹងផ្តល់គ្នារហូតដល់សាលាដំបូងខេត្តកណ្តាល ហើយត្រូវបានសាលាដំបូងខេត្តសម្រេចឲ្យពួកគាត់ជាអ្នកឈ្នះ និងមានសិទ្ធិ កាន់កាប់លើដីនៅ ឆ្នាំ២០០៧ ប៉ុន្តែតុលាការមិនទាន់ចុះអនុវត្តលើដីទំនាស់នេះ ដើម្បីប្រគល់ជូនពួកគាត់បាននោះទេ ធ្វើឲ្យពួកគាត់មិនអាចប្រើប្រាស់លើដីនោះបានដដែល។
បញ្ហានេះធ្វើឲ្យគ្រួសារពួកគាត់ កាន់តែធ្លាក់ខ្លួនលំបាកទៅៗ រហូតខ្លះរកអង្ករច្រកឆ្នាំងមិនបានផង ដូច្នេះហើយពួកគាត់សំណូមពរដោយទទូចដល់លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ឲ្យជួយពន្លឿនចុះវាស់វែងដីនេះ ជូនពួកគាត់បានយកទៅប្រកបរបរខាងលើនេះវិញ កុំទុកឲ្យពួកគាត់រស់ដាច់ដោយឡែកពីគេបែបនេះ។
លោក ប៉ុល សុធី និងលោក អៀង យ៉ាន តំណាងប្រជាពលរដ្ឋទាំង២៩២គ្រួសារ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បានប្រាប់ភ្នាក់ងារ Fresh News ថា ពួកគាត់បានមកកាន់កាប់អាស្រ័យផលលើដីនេះ ចាប់តាំងពីឆ្នាំ១៩៩០មកម្ល៉េះ ដោយពុំដែលបង្កផលប៉ះពាល់ជាមួយប្រជាពលរដ្ឋម្នាក់ ក៏ដូចជា ជាអាជ្ញាធរនោះឡើយ។ លុះមកដល់ឆ្នាំ២០០៦ ស្រាប់តែលេចមុខក្រុមហ៊ុនឯកជនមួយ ចេញមកអះអាងថា ជាដីរបស់ក្រុមហ៊ុន ហើយប្រជាពលរដ្ឋ ចូលកាន់កាប់លើដីក្រុមហ៊ុន ទើបមានការប្តឹងផ្តល់គ្នា រហូតដល់សាលាដំបូងខេត្តកណ្តាល ដោយសាលាដំបូងខេត្តកណ្តាល បានរកយុត្តិធម៌ដ៏ត្រឹមត្រូវជូន ដោយពិនិត្យទៅឃើញថា ប្រជាពលរដ្ឋជាអ្នករងគ្រោះនោះ ហើយសម្រេចឲ្យឈ្នះលើសាលក្រមរដ្ឋប្បវេណីលេខ (៤០វ)ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០០៦ និងសាលាក្រុមរដ្ឋប្បវេណីលេខ(១២វ)ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៧ សម្រេចជាស្ថាពរ។
តំណាងប្រជាពលរដ្ឋ ដដែលបានបន្តថា រហូតដល់ថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០០៧ លោក ហួត វុទ្ធី អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានដឹកនាំកម្លាំងចុះទៅអនុវត្តន៍សាលាក្រុមខាងលើ ដោយមានការចូលរួមពីកម្លាំងចម្រុះជាច្រើន និងបានអានការសេចក្តីសម្រេចនោះ ជូនភាគីទាំងពីរ ស្តាប់ផងដែររួចក៏បានបញ្ចប់ទៅ។ លោកបានបន្តថា ទោះបីជាមានការចុះទៅអនុវត្តន៍សាលក្រមយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែ មិនបានទទួលសិទ្ធិពេញលេញ កាន់កាប់ដីទំនាស់នេះដដែល រហូតមកដល់បច្ចុប្បន្ននេះ ស្រាប់តែលេចមុខក្រុមហ៊ុនមួយទៀត ចូលមកកាន់កាប់លើដីនេះ ហើយកាលពីពេលថ្មីៗនេះ ពួកគាត់បានឃើញខាងសូរិយោដីខេត្តកណ្តាល ចុះទៅបាញ់ជីប៊ីអេសលើដីពួកគាត់ទៅឲ្យ ក្រុមហ៊ុនមែននេះថែមទៀតផង ប៉ុន្តែត្រូវបានពួកគាត់ តាមសួរនាំធ្វើឲ្យពួកគាត់មិនអាចវាស់វែងបានសម្រេចនោះទេ។
ពាក់ព័ន្ធ និងការលើកឡើងរបស់ប្រជាពលរដ្ឋនោះ លោក លឹម ចាន់សុភី ប្រធានមន្ទីរដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកណ្តាល បានប្រាប់ថា កាលពីពេលថ្មីៗនេះ ក្រុមការងាររបស់លោក និងក្រសួង បានចុះទៅពិនិត្យដីនោះ តែមិនបានចុះទៅវាស់វែងនោះទេ ដោយក្រុមហ៊ុនបានស្នើសុំទៅក្រសួង ដើម្បីចង់ដឹងទំហំដីស្រែរបស់ក្រុមហ៊ុន ទើបលោកឲ្យកម្លាំងចុះទៅសហការជាមួយក្រសួងចុះទៅ ហើយការដែលមន្ត្រីចូលទៅលើដីទំនាស់នោះ គឺ ចុះទៅចម្លងពង់ដើម្បីកំណត់ព្រំប្រទល់ដីក្រុមហ៊ុនប៉ុណ្ណោះ គឺមិនបានចុះទៅវាស់វែងលើដីប្រជាពលរដ្ឋនោះទេ។
ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋទាំង២៩២គ្រួសារ បានសំណូមពរដល់លោក ម៉ៅ ភិរុណ មេត្តាជួយអន្តរាគមន៍ដល់ពួកគាត់ផង ដើម្បីបានកាន់កាប់ និងប្រើប្រាស់ដីនេះ ប្រកបរបរតាមលក្ខណៈគ្រួសារ។ ពួកគាត់នឹងបានកម្រៃបន្តិចបន្តួច គ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារ បន្ថែមព្រោះ ពេលនេះ ពួកគាត់កំពុងតែជួបការលំបាកយ៉ាងខ្លាំង នៅក្នុងគ្រួសារកុំថា ឡើងការផ្គត់ផ្គង់កូនចៅរៀនសូត្រ សូម្បីតែអង្ករច្រកឆ្នាំង ក៏គ្មានដែរ ព្រោះតែបាត់មុខរបរទាំងនេះ ដោយសារតែពួកគាត់ជាអ្នកដាំ ពោត ដាំសណ្តែក ដាក់មង ចងសន្ទូច និងបេះត្រគួនលក់តែប៉ុណ្ណោះ៕