(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានប្រកាសជាផ្លូវការនូវនាយកគ្រប់គ្រងថ្មីរបស់រថយន្ដម៉ាក Jaguar Land Rover គឺលោក Ulf Sebecke ជាអ្នកបន្ដដឹកនាំម៉ាករថយន្ដទាំងពីរ សម្រាប់ទីផ្សាររថយន្ដនៅប្រទេសកម្ពុជា កាលពីថ្ងៃថ្មីៗ ក្នុង ខែឧសភា ឆ្នាំ២០១៧នេះ។
លោក Ulf គឺជាជនជាតិអាឡឺម៉ង់ ដែលរស់នៅប្រទេសអូស្រ្ដាលី ហើយលោកបានចូលរួមជាមួយនឹងក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ជាមួយបទពិសោធន៍ជាង ៣០ឆ្នាំ ក្នុងវិស័យរថយន្ដបែបទំនើប។
លោក Ulf បាននិយាយប្រាប់អ្នកកាសែតថា «តាំងនាមជានាយកគ្រប់គ្រងទូទៅនៃ Jaguar Land Rover របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានឈរក្នុងចំណោមក្រុមហ៊ុនដែលល្អនៅថ្ងៃនេះ ដើម្បីបង្កើនទំនាក់ទំនងមិត្តភាពរបស់យើង។ ដូចដែលអ្នកបានដឹងហើយថា ក្រុមហ៊ុន RMA Cambodia គឺជាអ្នកចែកចាយផ្តាច់មុខនូវផលិតផលទាំងពីរម៉ាក Jaguar និង Land Rover គ្រឿងតុបតែង និងគ្រឿងបន្លាស់របស់ម៉ាក Jaguar Land Rover សុទ្ធពិតប្រាកដ ១០០% ប្រចាំប្រទេសកម្ពុជាតាំងពីខែមិនាឆ្នាំ 2014 មក។ ទាំងក្រុមហ៊ុន RMA Cambodia និងក្រុមហ៊ុនផលិតរថយន្តរបស់ Jaguar Land Rover បានប្តេជ្ញាចិត្តក្នុងការវិនិយោគនិងការរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមរយៈផ្ដល់ឲ្យនូវផលិតផលដែលមានការច្នៃប្រឌិតថ្មី ទំនើប និងផ្ដល់សេវាកម្មលំដាប់ថ្នាក់ពិភពលោក ហើយអ្វីដែលសំខាន់បំផុតនោះ គឺការអភិវឌ្ឍរបស់ប្រជាជនកម្ពុជា តាមរយៈការងារនិងការបណ្តុះបណ្តាធនធានមនុស្ស ក្នុងនាមជានាយកគ្រប់គ្រងទូទៅនៃផលិតផល Jaguar Land Rover របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ខ្ញុំជឿជាក់ថាលោកអ្នក ដែលជាដៃគូប្រព័ន្ធផ្សព្វផ្សាយ នឹង ចូលរួមចំណែកជាមួយយើងក្នុងការអភិវឌ្ឍន៏ប្រទេសស្រស់ស្អាតមួយនេះ»។
លោកបន្តថា «យើងកំពុងរង់ចាំក្នុងផ្តល់ជូននូវសេវាកម្មលំដាប់ថ្នាក់ពិភពលោកដល់អតិថិជនរបស់ពួកយើង ហើយផ្តល់អតិថិជននូវពត៌មានទាំងអស់ដែលយើងមាន ដូច្នេះពួកគេអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ ការធ្វើកិច្ចព្រមព្រៀងជាមួយពួកយើង គឺស្ថិតនៅក្នុងគោលការណ៍នៃតម្លាភាព, ភាពប្រាស្រ័យទាក់ទង និងងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្នាដោយផ្ទាល់។ខ្ញុំសូមជូនដំណឹងដល់សាធារណៈរបស់យើងថាមានតែរថយន្ត Jaguar Land Rover របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)ទេ ដែលជាផលិតផលពិតប្រាកដ ១០០% ត្រូវបានរចនានិងផលិតឡើងបំពេញតាមលក្ខខណ្ឌនៃទីផ្សារប្រទេសកម្ពុជា ដូចជាអាកាសធាតុនិងគុណភាពប្រេងជាដើម។ រថយន្តរបស់យើង ត្រូវបាននាំចូលផ្ដាច់មុខ នូវការធានា និងគំរោងផ្ដល់សេវាកម្មពីឧស្សាហករ ដែលផ្តល់ឱ្យអតិថិជនរបស់យើងមានទំនុកចិត្ដបំផុត។ ផលិតផលនិងសេវាកម្មទាំងអស់ ត្រូវបានបម្រើជូនលោកអ្នកជាមួយនិងជំនាញឯកទេសខ្ពស់បំផុត ដែលបានបណ្តុះបណ្តាលនិងមានលិខិតបញ្ជាក់ដោយអ្នកជំនាញ មកពីរោងចក្រដើមចក្រភពអង់គ្លេស យើងសូមសន្យាថានឹងបម្រើអតិថិជនរបស់យើងឥតឈប់ឈរដោយគ្មានការរុញរាឡើយ»។
លោកក៏បានចែករំលែកជាមួយដំណឹងអស្ចារ្យមួយនាពេលខាងមុខនេះ គឺផលិតផលថ្មីម៉ាក the All-New Land Rover Discovery and the All-New Range Rover Velar នឹងចូលទៅក្នុងទីផ្សាររថយន្តកម្ពុជានៅពេលឆាប់ៗនេះ ។ កម្មវិធីសម្ភោធរថយន្តជាផ្លូវការនឹងប្រព្រឹត្តិទៅនៅដើមខែសីហានេះ។
គួរបញ្ជាក់ផងដែរថា រថយន្ដម៉ាក Jaguar Land Rover ត្រូវបានផ្តល់សិទ្ធនាំចូល និងចែកចាយផ្ដាច់មុខដោយក្រសួងពាណិជ្ជកម្មលេខ១៤៥៧ ព.ណកសប ជូនទៅក្រុមហ៊ុន RMA Cambodia ដែលមានមជ្ឍមណ្ឌលតាំងលក់ និងថែទាំជួសជុលរថយន្ដនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា រាជធានីភ្នំពេញ៕