(ភ្នំពេញ)៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដឹកនាំដោយលោក ឆាយ ថូនី អនុប្រធានសាខាទទួលការិយាល័យប្រមូលចំណូល និងទីផ្សារ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលចំណីអាហារ និងគ្រឿងភេសជ្ជៈគ្រប់ប្រភេទ នៅក្នុងផ្សារទឹកថ្លា ផ្សាររីករាយ និងម៉ាតកាល់តិច ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក ឆាយ ថូនី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទៅលើផលិតផល ចំណីអាហារវេចខ្ចប់ជាផ្លាស្ទិក ដាក់កំប៉ុង និងគ្រឿងអាហារក្រៀមមួយចំនួនទៀត ដែលកំពង់ចរាចរដាក់លក់នៅក្នុងផ្សារទឹកថ្លា ផ្សាររីករាយ និងតាមម៉ាតកាល់តិច។ ពេលចុះត្រួតពិនិត្យមន្រ្តីកាំកុងត្រូល បានធ្វើការត្រួតពិនិត្យ រកមើលកាលបរិច្ឆេទ ហួសសុពលភាព ដើម្បីដកហូតយកទៅកម្ទេចចោល។
លោកអនុប្រធាន បានណែនាំដល់អ្នក់លក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណ ប្រភពអាសយដ្ឋានរបស់អ្នកដែល យកមកលក់ឲ្យខ្លួន ឬវិក្កយបត្រ ទូទាត់ឲ្យបានត្រឹមត្រូវ ជាព័ត៌មាន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សមត្ថកិច្ចកាំកុងត្រូលក្នុងការចុះស្រាវជ្រាវ និងតាមដាន ដើម្បីមានវិធានការ ទៅតាមច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផលនេះ។
ក្នុងពេលចុះត្រួតពិនិត្យគុណភាពទំនិញនោះលោក ឆាយ ថូនី បានសរសើរដល់អាជីវករ ដែលបានយល់ពីផលប៉ះពាល់សុខភាព ដោយដាក់លក់នូវផលិតផលនំ ចំណី អាហារ មានលក្ខណៈល្អ មិនលក់គ្រឿង ដែលហួសសុពលភាព ឬផលិតផលបែក បាក់កំពិតនោះទេ។ ជាមួយគ្នានេះលោកក៏បានអប់រំ និងអំពាវនាវ ដល់អាជីវករអ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។
ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មសាខាកាំក្រុងត្រូល នៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការចុះត្រួតពិនិត្យ មើលទំនិញដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែក លើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ៕