(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានថ្លែងថា បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិកើនដល់ទៅ៧.៥លានហិចតា ស្មើនឹង៤១% នៃផ្ទៃប្រទេស ច្រើនជាង២ដងនៃគោលដៅជីវៈចម្រុះសកល ហើយកម្ពុជាក៏ទទួលបានជោគជ័យ ក្នុងការអភិរក្សជីវៈចម្រុះ ប្រភេទសត្វកម្រ ឬជិតផុតពូជផងដែរ។
ថ្លែងបែបនេះនាឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ជីវៈចម្រុះ និងទេសចរណ៍ ប្រកបដោយនិរន្តរភាព» ដែលត្រូវបានរៀបចំឡើងដោយមានកិច្ចសហការ ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងនាយកដ្ឋានជីវៈចម្រុះ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ព្រមទាំងមានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ពិសេសអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសហគមន៍អ៊ឺរ៉ុប (EU) ហើយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល សិស្ស និស្សិតប្រមាណ៥០០នាក់ ផងដែរ។
លោកថ្លែងយ៉ាងដូច្នេះថា «ផ្អែកលើការកែទម្រង់វិស័យបរិស្ថាន ក្នុងពេលថ្មីៗនេះ ផ្ទៃដីតំបន់ការពារធម្មជាតិបានកើនឡើងរហូតដល់ទៅ៧.៥លានហិចតា ស្មើនឹង ៤១% នៃផ្ទៃប្រទេស ដែលចំនួននេះច្រើនជាង២ដង នៃគោលដៅជីវៈចម្រុះសកល ដែលបានកំណត់នៅក្នុងកិច្ចប្រជុំកំពូលលើកទី១០ នៅប្រទេសជប៉ុន»។
ផែនការ និងយុទ្ធសាស្រ្តទាំងអស់ដែលបានរៀបចំ និងកំពុងអនុវត្ត នាពេលបច្ចុប្បន្ននេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព ហើយដែលគោលការណ៍នេះ បានដើរទន្ទឹមគ្នាជាមួយនឹងនិន្នាការពិភពលោក។
លោកបានបន្ថែមថា ដោយមានការរួមផ្សំពីស្ថិរភាពនយោបាយ និងសន្តិសុខជាង៣០ឆ្នាំ កន្លងមកនេះ វិស័យទេសចរណ៍ធម្មជាតិ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងប្រទេសកម្ពុជា ដែលបានជំរុញលើកទឹកចិត្តដល់ការកែប្រែឥរិយាបថរបស់ប្រជាជន ពីការប្រើប្រាស់ធនធានហួសកម្រិត មកការអភិរក្សជីវៈចម្រុះ និងប្រភេទសត្វកម្រ ឬជិតផុតពូជនានា នៅលើពិភពលោកផងដែរ។
លោក សាយ សំអាល់ បានបញ្ជាក់ថា ដោយឈរលើទស្សនៈ អភិរក្សផង និងអភិវឌ្ឍន៍ផង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន បានរៀបចំនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាតិស្ដីពី ជីវៈចម្រុះ ដែលបានផ្ដោតការយកចិត្តទុកដាក់ លើការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដោយរួមបញ្ចូលទាំងនិរន្តរភាពវិស័យទេសចរណ៍ ព្រមទាំងបានលើកឡើងនូវទិសដៅនៃការអភិរក្សប្រភេទនានា និងការជំរុញលើកកម្ពស់ផ្នែកសេវាកម្មនៅក្នុងឧទ្យាន (Park Services) ដល់ភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត។
លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំរួមគ្នា ទាំងស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន និងសហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច ក្នុងការអភិរក្សជីវៈចម្រុះ សម្រាប់កូនចៅជំនាន់ក្រោយ និងជាទុនដ៏វិសេសវិសាល ក្នុងការអភិវឌ្ឍប្រទេស។ កិច្ចការពារ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា ទទួលបានជោគជ័យរហូតមកទល់ពេលនេះ គឺអាស្រ័យដោយមានកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់របស់មន្ត្រីទាំងអស់ង ទាំងកម្លាំងបញ្ញាស្មារតី និងប្រកបដោយការទទួលខុសត្រូវខ្ពស់៕