(កណ្តាល)៖ ពិតជាអាសូរណាស់! សម្រាប់ស្រ្តី២នាក់ ដោយម្នាក់រស់នៅជាស្រ្តីមេម៉ាយកំពុងមានផ្ទៃពោះ និងម្នាក់ទៀត ជាស្រ្តីមេម៉ាយទើបសម្រាលកូន បានតែ២ខែ បន្ទាប់ពីប្តីទាំង២នាក់របស់ពួកគេ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត ស្លាប់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ពេលកំពុងសង្គ្រោះពីគ្រូពេទ្យ។
គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យ ជនរងគ្រោះជាបងប្អូនថ្លៃទាំង២នាក់ ស្លាប់បាត់បង់ជីវិតនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ លើផ្លូវលេខ០៨ចន្លោះ គីឡូម៉ែត្រលេខ (38-39) ក្នុងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បានបើកបុកពេញទំហឹងបណ្តាលឲ្យ ជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ (ស្លាប់នៅមន្ទីរពេទ្យ) ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូជនរងគ្រោះម៉ាក Honda ធន់C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CV-6564 ហើយរថយន្តក៏បានបុកម៉ូតូជនរងគ្រោះតែម្តង។ ជនរងគ្រោះជាអ្នកបើកម៉ូតូឈ្មោះ ចំរើន ផានី អាយុ២៦ឆ្នាំ នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល និងជនរងគ្រោះអង្គុយពីក្រោយឈ្មោះ និន វណ្ណា អាយុ២២ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា ខណៈអ្នកបើករថយន្តបានរត់គេចខ្លួនតែម្តង។
សូមបញ្ជាក់ថា កន្លែងកើតហេតុនេះ ត្រូវបានប្រជាពលរដ្ឋឲ្យដឹងថា តែងតែផ្តាច់ជិវិតអ្នកធ្វើដំណើរជារឿយៗ ដោយសារតែរថយន្តមួយចំនួនធំ បើកបរលើសល្បឿនកំណត់។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានប្រាប់ភ្នាក់ងារ Fresh News ថា ម៉ូតូរបស់ជនរងគ្រោះដែលខូចខាតស្ទើរទាំងស្រុង ត្រូវកម្លាំងនគរបាលយកមករក្សាទុកនៅប៉ុស្តិ៍នគរនបាលវិហារសួគ៌។ ក្នុងករណីនេះមន្រ្តីជំនាញកំពុងបន្តស្រាវជ្រាវ រករថយន្តបង្កដើម្បីយកមកដោះស្រាយតាមនីតិវិធីវិធីច្បាប់៕