(បាត់ដំបង)៖ នៅព្រឹកទាបភ្លឺនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាង រថយន្តក្រុមហ៊ុន RS រាជសីហ៍ ឡូជីសស្ទីក និងរថយន្តដឹកទឹកកក ដែលបានបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើករថយន្តម្នាក់របួសធ្ងន់ខណៈអ្នក បើកម្នាក់ទៀត រត់គេចខ្លួនបាត់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងស្ថិតនៅចំណុចផ្លូវបំបែកជាបួន ម្តុំភ្លើងស្តុបវត្តគរ ក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់អង្គភាព Fresh News ថា រថយន្តបង្កម៉ាកហ៊ីនណូពាក់ស្លាកលេខ ភ្នំពេញ 3D-7128 (រថយន្តក្រុមហ៊ុន RS រាជសីហ៍ ឡូជីសស្ទីក) អ្នកបើកបរមានឈ្មោះ ញ៉េត តុលា អាយុ២២ឆ្នាំ រស់នៅភូមិស្វាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ (បាក់ជើង) និងអ្នករួមដំណើរមានឈ្មោះ ញ៉េត សីហា ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរកម្មកររស់នៅភូមិ-ឃុំជាមួយគ្នា (មិនរងរបួសអ្វីឡើយ) ដោយធ្វើដំណើរពីកើតទៅលិច ខណៈពេលធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែបុករថយន្ត ១គ្រឿងទៀត បានបុកជាមួយរថយន្តក្រុមហ៊ុនដឹកទឹកកក សេះហោះមានជ័យម៉ាក MITSUBISHI CANTER ពាក់ស្លាកលេខ 3A-2964 បណ្តាលឲ្យអ្នកបើករថយន្តក្រុមហ៊ុន RS រងរបួសធ្ងន់។
ក្រោយពីកើតហេតុ អ្នកបើកបរដែលរងបួសត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ក្រុងបាត់ដំបង យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ EMERGENCY ចំណែករថយន្តទាំង ០២គ្រឿងខាងលើ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង យកទៅរក្សាទុក បណ្តោះអាសន្ន នៅស្នងការ ដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕