(ភ្នំពេញ)៖ សពវីរៈយុទ្ធជនខ្មែរដែលពលីជីវិតនៅ ប្រទេសអាហ្រ្វិកកណ្តាល លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ ជំនួយការត្រួតពិនិត្យគុណភាព ត្រូវបានដង្ហែយកទៅដម្កល់នៅវត្តគ្រាំងធ្នង់ ខណ្ឌសែនសុខ បន្ទាប់ពីបានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោងប្រមាណ ៨យប់ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧។
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំសមាជិកសមាជិកាព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ ដោយផ្ទាល់នៅក្នុងវត្តគ្រាំងធ្នង់តែម្ដង។
សម្ដេច សាយ ឈុំ និងសមាជិកបានចូលរួមសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ អាយុជីវិតរបស់ទាហានមួកខៀវកម្ពុជា នៅសាធារណៈរដ្ឋអាហ្រ្វិកកណ្តាល។
ចំពោះមុខក្រុមគ្រួសារនៃសព សម្ដេច សាយ ឈុំ បានលើកឡើងថា ការពលីជីវិតរបស់កងកម្លាំងទាំង៤រូបទៀត គឺជាការពលីប្រកបដោយកិត្តិយស សម្រាប់ជាតិមាតុភូមិ និងជាកុលបុត្រខ្មែរដ៏ឆ្នើម ដែលបំពេញភារកិច្ចដ៏អស្ចារ្យ ក្នុងបុព្វហេតុការពារថែរក្សាសុខសន្តិសុខ សុវត្ថិភាព និងមនុស្សធម៌ ជូនមនុស្សជាតិលើពិភពលោក។
ប្រធានព្រឹទ្ធសភារូបនេះ បន្តថា «នេះគឺជាគំរូវីរភាពដ៏ថ្លៃថ្លាសម្រាប់កងកម្លាំងប្រដាប់អាវុធ និងសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។ សូមបួងសួងដល់វិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ និងនាយទាហាន ពលទាហានពលីទាំង ៣រូបទៀត សូមបានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ»។
បន្ទាប់ពីសម្ដេច សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខន្ធរួចមកក៏មានវត្តមានលោក ប៉ិល កុសល អភិបាលខណ្ឌសែនសុខ ដឹកនាំមន្ដ្រីរាជ កងកម្លាំងប្រដាប់អាវុធ ចូលរូមវិញ្ញាណក្ខន្ធផងដែរ។
សូមបញ្ជាក់ថា ដំណើរមកដល់នៃសពរបស់កងកម្លាំងមួកខៀវកម្ពុជាទាំង៤រូបកាលពីយប់មីនេះ ត្រូវបានធ្វើពិធីទទួលប្រកបដោយកិត្តិយសខ្ពង់ខ្ពស់បំផុត ក្រោមការអញ្ជើញទទួលដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ, ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្រ្តីអនុព័ន្ធយោធា ឯកអគ្គរាជទូត និងរដ្ឋទូតប្រចាំនៅកម្ពុជា ព្រមទាំងក្រុមគ្រួសារ៕