(រតនគិរី)៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា យុវជនខេត្តរតនគិរី មានទំនុកចិត្ត លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងឈានទៅរកជ័យជម្នះ។
ការលើកឡើងបែបនេះបានធ្វើឡើងក្នុងពិធី សំណេះសំណាលជាមួយ សមាជិកក្រុមការងារយុវជន និងសកម្មជនគណបក្សប្រជាជន កម្ពុជា ខេត្តរតនគិរី ប្រមាណជាង៥០០នាក់ មកពីគ្រប់ស្រុក ក្រុង ឃុំសង្កាត់ មន្ទីរ/អង្គភាពជំនាញ ក្នុងខេត្តរតនគិរី និងមានការចូលរួមពី លោក មួង ប៉យ ប្រធានគណៈកម្មាធិការ គណបក្សខេត្ត និងលោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានយុវជនបក្សនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧។
ក្នុងពិធីសំណេះសំណាលនេះលោក លី ធុជ បានកោតសរសើរ ដល់ក្រុមយុវជនចំពោះភាពឆ្លាតវៃ ក្នុងការជ្រើសរើសគណបក្ស នយោបាយ ដើម្បីចូលរួមធ្វើនយោបាយ ពីព្រោះគណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយយ៉ាងធំ មានគោលនយោបាយ យ៉ាងច្បាស់លាស់ ក្នុងការដឹកនាំប្រទេស និងបានធ្វើការងារធំៗ ជាច្រើនសម្រាប់ជាតិដូចជា ការរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត បញ្ចប់សង្គ្រាមស៊ីវិលតាមយុទ្ធសាស្ត្រឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ល។ ជាមួយគ្នានេះ លោកអគុណចំពោះ ក្រុមការងារយុវជន CPP ដែលបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការងារសង្គម និងជួយរកប្រជាប្រិយភាព ជូនដល់គណបក្ស ប្រជាជនកម្ពុជា។
លោក លី ធុជ បានស្នើសុំឲ្យយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តរតនគិរីទាំងអស់ ត្រូវខិតខំពង្រឹងចំណេះដឹង របស់ខ្លួនបន្ថែមទៀត ដើម្បីបន្តវេន ដឹកនាំប្រទេសជាតិ បន្តឲ្យមានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ គោលនយោបាយ និងទស្សនវិស័យ ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោប្រធានគណបក្ស។
លោកក៏បានជម្រុញឲ្យមានការបង្កើត ក្រុមការងារយុវជនថ្នាក់មូលដ្នានបន្ថែមទៀត ដើម្បីគាំទ្រដល់ការងារគណបក្សប្រជាជនកម្ពុជា និងជាពិសេសចូលរួមជម្រុញ ឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាទាំងអស់គ្នា សម្រាប់ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ និងសម្រាប់អាណត្តិក្រោយៗទៀត។
ជាមួយគ្នានេះដែរ យុវជនកម្ពុជាដែលជាទំពាំងស្នងឬស្សី មានមោទនភាពយ៉ាងខ្លាំងចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានផ្តល់ នូវសមិទ្ធិផល យ៉ាងច្រើន ដូចជាមន្ទីរពេទ្យ សាលារៀន អាគាររដ្ឋបាល ទីផ្សារងារ ជាដើម ជូនដល់ពួកគាត់ និងប្រជាពលរដ្ឋទាំងអស់ សម្រាប់ជាក្តីសង្ឃឹមតែមួយគត នាពេលអនាគត៕